អត្ថបទពាណិជ្ជកម្ម
ខេ ស៊ី​មេន ផ្លាស់ប្ដូរ​រូបរាង​ថ្មី និង​បង្ហាញ​ផលិតផល​ថ្មី ដោយ​ប្ដេជ្ញា​បន្ត​លើកកម្ពស់​ការរស់នៅរ​បស់​ប្រជាជន​កម្ពុជា​
08, Feb 2021 , 4:06 pm        
រូបភាព
​រាជធានី​ភ្នំពេញ ថ្ងៃទី​៥ កុម្ភៈ ឆ្នាំ​២០២១ -- ក្រុមហ៊ុន​ស៊ីម៉ងត៍ ខេ ស៊ី​មេន នៅថ្ងៃនេះ បាន​ជួបជុំ​ជាមួយ​តំណាង​អ្នក​ចែកចាយ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​សំណង់​ដែលជា​ដៃគូ​សហការ​របស់ខ្លួន មកពី​ទូទាំងប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​បង្ហាញ​នូវ​ទម្រង់​អភិវឌ្ឍន៍​ថ្មី​នៃ​ផលិតផល​ម៉ាក ខេ ស៊ី​មេន របស់ខ្លួន ជាមួយនឹង​ការប្ដេជ្ញាចិត្ត​បន្ត​លើកកម្ពស់​ការរស់នៅ​កាន់តែ​ប្រសើរឡើង​របស់​ប្រជាជន​កម្ពុជា ។ 
 
​នៅក្នុង​ឱកាស​ជួបជុំ​នេះ «​ថ្មី​»​បីយ៉ាង​ត្រូវបាន​បង្ហាញជូន ៖ ទីមួយ គឺ ការ​រចនា​សំបកបាវ​ថ្មី​សម្រាប់​​ស៊ីម៉ងត៍ ខេ ស៊ី​មេន​; រូបមន្ត​ថ្មី​សម្រាប់​ស៊ីម៉ងត៍ ខេ ស៊ុប​ពែរ​; និង​ផលិតផល​ថ្មី គឺ ខេ ផោ​វើ​រ ផ្លា​ស្ទ័​រ​រីង ។ 
 
​លោក Ratchayut Kasemchaisiri នាយក​គ្រប់គ្រង អេស​ស៊ីជី ប្រចាំ​កម្ពុជា បាន​ថ្លែង​ទៅកាន់​តំណាង​អ្នក​ចែកចាយ និង​ដៃគូ ថា ទោះបីជា​ឆ្នាំ​២០២០​កន្លងមក វា​ជា​ពេលវេលា​លំបាក​បំផុត​ចំពោះ​ក្រុមហ៊ុន​អាជីវកម្ម​ទាំងអស់​ក្ដី «​យើង​បានបង្ហាញ​ឲ្យ​ឃើញ​ពី​សាមគ្គីភាព និង​បាន​ឆ្លងកាត់​វិបត្តិ​នេះ​រួម​ជាមួយគ្នា​បាន​មួយឆ្នាំ​រួចហើយ​» ។ 


 
​លោក Ratchayut មានប្រសាសន៍ថា «​យើង​ប៉ាន់ប្រមាណ​ថា ឆ្នាំនេះ​ក៏​មិនមែន​ងាយស្រួល​ដែរ សម្រាប់​អាជីវកម្ម​គ្រប់​វិស័យ ... ប៉ុន្តែ នៅ​ក្រុមហ៊ុន អេស​ស៊ីជី និង ខេ ស៊ី​មេន យើង​តែងតែ​ខំប្រឹងប្រែង​ជំរុញ​ខ្លួនឯង​ដើម្បី​ជម្នះ​ការលំបាក និង​ធ្វើ​ឲ្យ​អាជីវកម្ម​យើង​រីកលូតលាស់​ជា​បន្ត ។​» 
 
​លោក​បាន​បន្ថែមថា «​នៅ​ឆ្នាំ​២០២១​នេះ យើង​គ្រោង​ចាប់ផ្ដើម​ទសវត្សរ៍​ថ្មី ជាមួយនឹង​ការអភិវឌ្ឍ​ទម្រង់​ថ្មី​សម្រាប់​ផលិតផល​ស៊ីម៉ងត៍ ខេ ស៊ី​មេន ។ ការអភិវឌ្ឍ​ថ្មីៗ​នេះ គឺ​ផ្ដើមចេញពី​មហិច្ឆតា​ដ៏​រឹងមាំ​របស់​យើង​ដើម្បី​រក្សា​ភាព​ឈានមុខ​គេ​របស់​យើង​នៅក្នុង​ចំណែក​ទីផ្សារ និង​ភាពល្អ​ប្រណីត​លើសគេ​ផ្នែក​ម៉ាក​យីហោ ។​» 
 
​យោងតាម​លោក Ratchayut ស៊ីម៉ងត៍ ខេ ស៊ី​មេន នឹងមាន​សំបកបាវ​ថ្មី ហើយ​រចនាបថ​នៃ​សំបកបាវ​ថ្មី​នេះ​គឺ​កើតចេញពី​ឆន្ទៈ​មុះ​មុត​របស់​យើង​ក្នុងការ​បោះជំហាន​ឲ្យ​លឿន​ឆ្ពោះទៅរក​អនាគត ដោយ​ប្រើ​កេរដំណែល​និង​បទពិសោធន៍​របស់​យើង​ក្នុងនាម​ជា​ម៉ាក​យីហោ​ខ្មែរ​ដំបូង​គេ​បំផុត នៅក្នុង​ទីផ្សារ​កម្ពុជា ។ 
 
​ស៊ីម៉ងត៍ ខេ ស៊ុប​ពែរ មាន​រូបមន្ត​ថ្មី ។ វា​ត្រូវបាន​កែលម្អ​ឲ្យ​ក្លាយជា​ស៊ីម៉ងត៍​ដែល​អាច​ប្រើ​បាន​សម្រាប់​ការងារ​ចម្រុះ ។ អ្នកប្រើប្រាស់​នឹង​វាយតម្លៃ​ខ្ពស់​ចំពោះ​គុណ​តម្លៃ​របស់ ខេ ស៊ុប​ពែរ ជា​ស៊ីម៉ងត៍​មួយ​ប្រភេទ​សម្រាប់​ការងារ​ចម្រុះ​គ្រប់មុខ គឺ​ការ​ចាក់សាប​និង​គ្រឿង​បង្គុំ​ស្រាលៗ ការរៀប​ឥដ្ឋ និង​ការងារ​បូក ។ 


 
​រីឯ​ផលិតផល​ថ្មី គឺ ស៊ីម៉ងត៍ ខេ ផោ​វើ​រ ផ្លា​ស្ទ័​រ​រីង វិញ ត្រូវគេ​ចាត់ទុកថា​ជា​ស៊ីម៉ងត៍​បូក​ដែល​ល្អ​បំផុត ដែល​ធ្វើ​ឲ្យ​ជញ្ជាំង​មាន​ភាព​រលោង​ស្អាត​បំផុត និង​គ្មាន​ស្នាម​ប្រេះ ។ 
 
​ជាមួយនឹង​ការអភិវឌ្ឍ​ថ្មី​ទាំងនេះ លោក Ratchayut សង្ឃឹមថា អត្តសញ្ញាណ​ថ្មី​និង​ផលិតផល​ថ្មី​ទាំងនេះ នឹង​បំពេញ​សេចក្ដីត្រូវការ​របស់​អតិថិជន​កាន់តែ​ល្អ​បន្ថែមទៀត និង​ជួយ​ឲ្យ​អ្នក​ចែកចាយ​ទាំងអស់ សម្រេចបាន​បរិមាណ​លក់​កើនឡើង និង​មាន​ភាពងាយស្រួល​ក្នុង​ការលក់​ផលិតផល​ទាំងនេះ ទៅ​ឲ្យ​អតិថិជន​របស់ខ្លួន ។ 
 
​លោក Ratchayut បាន​បន្ថែមថា គោលដៅ​ធំ​បំផុត គឺ​ជួយ​ជំរុញ​ឲ្យ​មាន​នវានុវត្តន៍​និង​កំណើន​ប្រកបដោយ​ចីរភាព ដល់​វិស័យ​សំណង់​និង​ការរស់នៅ​របស់​ប្រទេស​កម្ពុជា ដែល​នឹង​នាំមក​នូវ​ការរស់នៅ​ប្រកបដោយ​គុណភាព​កាន់តែ​ប្រសើរឡើង​ចំពោះ​ម្ចាស់​លំនៅដ្ឋាន​គ្រប់រូប នៅ​កម្ពុជា ៕

© រក្សាសិទ្ធិដោយ thmeythmey.com