អន្តរជាតិ
អាមេរិក ដកក្រុមឧទ្ទាមហ៊ូធី ចេញពីបញ្ជីក្រុមភេរវករអន្តរជាតិ
13, Feb 2021 , 9:59 pm        
រូបភាព
ប្រមុខការទូតអាមេរិក លោក អាន់តូនី ប្ល៊ីងខិន។ រូបភាព៖ AFP
ប្រមុខការទូតអាមេរិក លោក អាន់តូនី ប្ល៊ីងខិន។ រូបភាព៖ AFP
អាមេរិក នឹងដកក្រុមឧទ្ទាមហ៊ូធី ចេញពីបញ្ជីក្រុមភេរវករអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីងខិន នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្នុងថ្ងៃទី១២ ខែកុម្ភៈ។ ប្រសិនគ្មានការប្រែប្រួលទេ ការដកក្រុមឧទ្ទាមហ៊ូធីចេញពីបញ្ជីខ្មៅនេះ នឹងមានសុពលភាពនៅថ្ងៃទី១៦ ខែកុម្ភៈខាងមុខ។

 
បន្ទាប់ពីចូលកាន់តំណែង រដ្ឋបាលអាមេរិកថ្មី បានសើរើគោលនយោបាយការបរទេសរបស់ខ្លួន នៅតំបន់មជ្ឈិមបូព៌ា។  ការដោះស្រាយវិបត្តិយេម៉ែន គឺជាអាទិភាពមួយរបស់លោកប្រមុខការទូតអាមេរិក អាន់តូនី ប្ល៊ីងខិន។ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅចុងខែមករា កន្លងទៅ ប្រមុខការទូតអាមេរិករូបនេះ បានអះអាងថា លោកនឹងដោះស្រាយវិបត្តិមនុស្សធម៌ ជាមួយសម្ពន្ធមិត្តអាមេរិក ដូចជាអេមីរ៉ាត់អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ដែលជាភាគីពាក់ព័ន្ធក្នុងសង្រ្គាមស៊ីវិលយេម៉ែន។ 
 
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកប្ល៊ីងខិន បានប្រកាសថា អាមេរិកនឹងដកក្រុមឧទ្ទាមហ៊ូធីចេញពីបញ្ជីក្រុមភេរវករអន្តរជាតិ នៅថ្ងៃទី១៦ ខែកុម្ភៈ ដើម្បីដោះស្រាយវិបតិ្តមនុស្សធម៌។ «ការដាក់ក្រុមហ៊ូធីក្នុងបញ្ជីខ្មៅ អាចធ្វើឱ្យយេម៉ែន ប៉ះពាល់ដល់ការទទួលបានផលិតផលជាមូលដ្ឋាន ដូចជាអាហារ និងប្រេងជាដើម»។ ប្រមុខការទូតអាមេរិក បានលើកឡើងបែបនេះ ដោយបន្តទៀតថា ការដកក្រុមហ៊ូធីចេញពីបញ្ជីខ្មៅ គឺអាមេរិកស្តាប់ការព្រមាន ពីអង្គការសហប្រជាជាតិ, ក្រុមមនុស្សធម៌ និងសមាជិកសភាទាំងពីររបស់អាមេរិក។
 
ទន្ទឹមនេះ លោករដ្ឋមន្រ្តីការបរទេសអាមេរិក សង្ឃឹមថា ភាគីពាក់ព័ន្ធ នឹងដោះស្រាយបញ្ហា តាមរយៈកិច្ចសន្ទនា។ ដ្បិតមានការដកចេញពីបញ្ជីភេរវករអន្តរជាតិមែន ប៉ុន្តែអាមេរិកនៅតែបន្តឃ្លាំមើល សកម្មភាពរបស់ក្រុមមួយនេះ យ៉ាងដិតដល់ដដែល។ 
 
នៅពាក់កណ្តាលខែមករាកន្លងទៅ រដ្ឋបាលរបស់លោកដូណាល់ ត្រាំ បានដាក់ក្រុមឧទ្ទាមមួយនេះ ចូលក្នុងបញ្ជីក្រុមភេរវករអន្តរជាតិ ដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់។ ការណ៍នេះ បានធ្វើឱ្យសម្ភារ និងអាហារមួយចំនួន ត្រូវហាមឃាត់ដឹកជញ្ជូនទៅអង្គការពាក់ព័ន្ធនឹងក្រុមឧទ្ទាមហ៊ូធី និងបង្កឱ្យមានបញ្ហាជាច្រើនកើតឡើង។ 
 
សូមបញ្ជាក់ថា សង្រ្គាមស៊ីវិលនៅយេម៉ែន បានចាប់ផ្តើមឡើងនៅឆ្នាំ២០១៥ មក បន្ទាប់ពីមានការលូកដៃពីសំណាក់អារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់ផ្សេងទៀត។ អារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមវាយប្រហារលើក្រុមហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់។ ដោយសារបញ្ហានេះ សង្គ្រាមបានអូសបន្លាយតាំងពីឆ្នាំនោះមក៕ 
 

Tag:
 អាមេរិក
  ហ៊ូធី
© រក្សាសិទ្ធិដោយ thmeythmey.com