ជាតិ
តើការឲ្យស្ថាប័នបណ្ដុះបណ្ដាលកាសែត សហការជាមួយក្រសួងព័ត៌មាន ជាការរឹតត្បិត ឬលើកកម្ពស់?
02, Mar 2021 , 12:29 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងព័ត៌មាន ប្រាប់ឲ្យស្ថាប័នព័ត៌មាន និងអង្គការសមាគម ដែលបើកវគ្គបណ្តុះបណ្តាលសារព័ត៌មាន សហការជាមួយក្រសួងឲ្យបានត្រឹមត្រូវ ដើម្បីពង្រឹងគុណភាពលើវិស័យនេះ ។ កិច្ចសហការគ្នានេះ គឺក្រសួងព័ត៌មាន តម្រូវឱ្យស្ថាប័នបណ្ដុះបណ្ដាលព័ត៌មានទាំងអស់ អញ្ជើញមន្ត្រីក្រសួងចូលរួមវគ្គសិក្សានោះ។ ថ្នាក់ដឹកនាំស្ថាប័ន និងអង្គការនៃវិស័យព័ត៌មាន មើលឃើញទាំងផលវិជ្ជមាន និងអវិជ្ជមាន លើកិច្ចសហការជាមួយក្រសួងព័ត៌មាននេះ។

 
លោក គី សុខលីម ចាងហ្វាងការផ្សាយនៃសារព័ត៌មានថ្មីៗ យល់ឃើញថា ការបើកវគ្គបណ្តុះបណ្តាលសារព័ត៌មាន ដោយសហការជាមួយក្រសួងព័ត៌មាន ពិតជារឿងដ៏ចាំបាច់ ដើម្បីឲ្យការបណ្តុះបណ្តាល និងបង្រៀនផ្នែកសារព័ត៌មានប្រកបដោយប្រសិទ្ធភាព។ 
 
ចាងហ្វាងការផ្សាយនៃសារព័ត៌មានថ្មីៗ មានប្រសាសន៍ដូច្នេះថា៖« ទាក់ទងនឹងចំណុចហ្នឹងខ្ញុំមិនជំទាស់ទេ។ ក្នុងនាមជាអ្នកបណ្តុះបណ្តាលម្នាក់ និងក្នុងនាមសារព័ត៌មានថ្មីៗ យើងនឹងជូនដំណឹងទៅក្រសួងរាល់ការបណ្តុះបណ្តាល មិនថានៅភ្នំពេញ ឬនៅតាមខេត្តឡើយ។ យើងនឹងអញ្ជើញខាងតំណាងក្រសួងឲ្យចូលរួមបើកវគ្គបណ្តុះបណ្តាលនីមួយៗរបស់សារព័ត៌មានថ្មីៗ»។ 
 
បើតាមលោក គី សុខលីម វគ្គបណ្តុះបណ្តាលសារព័ត៌មាននីមួយៗ បានជួយឲ្យពលរដ្ឋ ឬអ្នកសារព័ត៌មានបានយល់ច្បាស់ពីដំណើរការនៃការផលិតព័ត៌មាន និងការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងមានក្រមសីលធម៌ ។ 
 
សម្រាប់លោក ម៉ៃ ទិត្យធារ៉ា វិញ ក៏មើលឃើញថា ការរួមគ្នាលើកស្ទួយវិស័យសារព័ត៌មាននេះ វានឹងផ្ដល់ផលវិជ្ជមានមួយកម្រិតទៀត សម្រាប់យុវជនជំនាន់ក្រោយ ក្នុងវិស័យមួយនេះ។ អ្នកកាសែតល្បីរូបនេះ បាននិយាយដូច្នេះថា៖«ជាការល្អហើយដែលក្រសួងស្នើសុំឲ្យរាល់ការរៀបចំសិក្ខាសាលាទាំងអស់ឲ្យមានការស្នើមកក្រសួង ដើម្បីពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មានឲ្យកាន់តែមានប្រសិទ្ធភាព និងដើម្បីឲ្យក្រសួងផ្តល់ជាយោបល់ ដើម្បីឲ្យការសហការ វាល្អទាំងអស់គ្នា»។
 
កន្លងមក ស្ថាប័នព័ត៌មាន និងអង្គការសមាគមមួយចំនួន បានបើកវគ្គបណ្តុះបណ្តាលសារព័ត៌មាន ដោយមិនមានកិច្ចសហការជាមួយក្រសួងឡើយ ។ ដោយសារមូលហេតុនេះហើយ ទើបបានជាក្រសួងព័ត៌មាន តម្រូវឱ្យស្ថាប័នទាំងនោះ ធ្វើការឲ្យបានជិតស្និទជាមួយក្រសួង ដើម្បីលើកកម្ពស់វិស័យមួយនេះ។ នេះជាការបញ្ជាក់របស់លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការនៃក្រសួងព័ត៌មាន។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អនុរដ្ឋលេខាធិការនៃក្រសួងព័ត៌មានរូបនេះ បានបរិយាយដូច្នេះ ៖«ដើម្បីឲ្យវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានប្រព្រឹត្តិទៅដោយមានគុណភាព ប្រសិទ្ធភាព និងត្រឹមត្រូវតាមក្រុមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ក្រសួងព័ត៌មានស្នើឲ្យស្ថាប័នព័ត៌មាន និងអង្គការសមាគមទាំងអស់ចូលរួមសហការជាមួយនឹងក្រសួងព័ត៌មាន»។ 
 
ដ្បិតក្រសួងព័ត៌មានចង់ឲ្យមានកិច្ចសហការគ្នាក្នុងផ្លូវវិជ្ជមានក្តី ប៉ុន្តែវាក៏ទំនងស្ថិតនៅក្នុងបំណងរឹតត្បិតសេរីភាពសារព័ត៌មានដែរ។ លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានថ្លែងក្នុងន័យនេះថា បើសិនក្រសួងព័ត៌មាន ពិតជាចង់លើកកម្ពស់ការបណ្ដុះបណ្ដាលលើវិស័យព័ត៌មាន ជាមួយស្ថាប័ននិងអង្គការនោះ វាជាសកម្មភាពល្អប្រសើរ ។ ប៉ុន្តែបើក្រសួងគ្រាន់តែមានបំណងតាមដាន និងឃ្លាំមើលសកម្មភាព នៃវគ្គបណ្ដុះបណ្ដាលព័ត៌មាននេះ វាជារឿងមិនល្អ និងផ្ដល់ផលលំបាកដល់អ្នកចូលរួមទៅវិញទេ។ 
 
នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទដូច្នេះថា៖«ឧទាហរណ៍៖ ប្រសិនជាក្រសួងចង់តាមដានមើលស្ថាប័ន ឬអង្គការបើកវគ្គបណ្តុះបណ្តាលអី អ្នកណាចូលរួមវគ្គបណ្ដុះបណ្ដាលរបស់អង្គការសមាគម អ៊ីចឹងវាជាការខាតបង់របស់អ្នកសារព័ត៌មានទៅវិញទេ ដោយសារអ្នកសារព័ត៌មានយើងខ្លះហ្នឹងគាត់ក៏ចង់ចូលរួមវគ្គបណ្តុះបណ្តាលណាមួយទៅតាមអ្វីដែលគាត់ចង់បាន ដែលគាត់គិតថាសំខាន់។ ហើយគាត់អត់ចង់ឃើញថាការចូលរួមរបស់គាត់ហ្នឹងមានការតាមដាន និងឃ្លាំមើល ឬមួយក៏មានការភ័យខ្លាចនៅក្នុងសកម្មភាពនោះទេ»។
 
តែយ៉ាងណាលោក មាស សុភ័ណ្ឌ អះអាងថា ក្រសួងគ្មានបំណងរឹតត្បិត និងរំខានដល់ការបណ្ដុះបណ្ដាលនោះទេ។ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះ បានពន្យល់ដូច្នេះថា៖«ការបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មានដោយសហការជាមួយនឹងក្រសួងព័ត៌មាន វាជារឿងមួយដែលធ្វើឲ្យវគ្គបណ្តុះបណ្តាលហ្នឹងវាកាន់តែមានប្រសិទ្ធភាព គុណភាពទៅវិញទេ។ វាមិនមែនជាការរឹតត្បិតសរីភាពព័ត៌មាន ឬជាការរំខាន ឬធ្វើឲ្យអង្គភាពសារព័ត៌មានហ្នឹងចំណាយពេលវេលាអីនោះទេ។ វាមានតែធ្វើឲ្យការបណ្តុះបណ្តាលសារព័ត៌មានរឹតតែមានគុណភាព ប្រសិទ្ធភាព និងចំគោលដៅទៅវិញទេ»។
 
បើតាមលោក មាស សុភ័ណ្ឌ ស្ថាប័ន និងអង្គការខ្លះ បានសហការជាមួយក្រសួងព័ត៌មាន បានត្រឹមត្រូវហើយ លើការបណ្ដុះបណ្ដាលវិស័យព័ត៌មាននេះ៕
 

Tag:
 ព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com