ជាតិ
បុរាណ​វិទូ លឹម វណ្ណ​ច័ន្ទ ពន្យល់​ពី​ប្រវត្តិ​នៃ​ការសង់​ស្ដូប​បុរី​អូរ​ស្វាយ នៅ​ស្ទឹងត្រែង​
02, Mar 2021 , 11:29 pm        
រូបភាព
​ស្ទឹងត្រែង​៖ នៅពេល​ភ្ញៀវទេសចរ បាន​ទៅដល់​ស្រុក​បុរី​អូរ​ស្វាយ ខេត្តស្ទឹងត្រែង ប្រាកដជា​បានឃើញ​ស្តូប​បុរាណ​មួយ មាន​រាង​ដូច​ជួង កម្ពស់​៤​ម៉ែត្រ នៅក្បែរ​មាត់ទន្លេ​មេគង្គ ដែលមាន​ចម្លាក់​៤​ជ្រុង​។ លោក លឹម វណ្ណ​ច័ន្ទ បុរាណ​វិទូ​នៃ​ក្រសួងបរិស្ថាន ពន្យល់ថា ស្ដូប​នេះ ជា​និមិត្តរូប​នៃ​ការសាងសង់ ដែល​ចង់បង្ហាញ​ពី​ព្រះរាជ​សកម្មភាព​របស់​ព្រះបាទ នរោត្តម សីហនុ ក្នុងសម័យ​សង្គមរាស្ត្រនិយម​។​



​សូម​អញ្ជើញលោក​-​អ្នកនាង ទស្សនា​បទ​សម្ភា​សរវា​ង​កញ្ញា ផាត ដា​ណេ អ្នកសារព័ត៌មាន នៃ​សារព័ត៌មាន ThmeyThmey25 និង​លោក លឹម វណ្ណ​ច័ន្ទ បុរាណ​វិទូ​នៃ​ក្រសួងបរិស្ថាន ខាងក្រោម​ដូចតទៅ​៖
 
​លោក លឹម វណ្ណ​ច័ន្ទ បញ្ជាក់ថា ស្ដូប​បុរី​អូ​ស្វាយ ត្រូវបាន​សាងសង់ឡើង​ក្នុងសម័យ​ព្រះករុណា​ព្រះបាទ​នរោត្តម​សីហនុ ឆ្នាំ​១៩៦៤​។ ក្នុង​អតីតកាល បុរី​អូរ​ស្វាយ បានរៀបចំ​ទៅជា​កូន​ក្រុង​មួយ មាន​សួនច្បារ មានផ្ទះ​ពលរដ្ឋ​ជាច្រើន​រស់នៅ​ជុំវិញ​ទីនោះ ដែលមាន​សាលារៀន និង​មន្ទីរពេទ្យ​ផងដែរ​។ រហូតដល់​ឆ្នាំ​២០១៩ រដ្ឋាភិបាល​បាន​ផ្លាស់ប្តូរ​ទីនោះ ទៅជា​ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ នៃ​ខេត្តស្ទឹងត្រែង វិញ​។ 


 
​ស្តូប​បុរី​អូរ​ស្វាយ​នេះ ត្រូវបាន​ព្រះបាទ នរោត្តម សីហនុ បង្កើតឡើង​ដើម្បី​ការពារ​ព្រំដែន​កម្ពុជា ពី​ការឈ្លានពាន​របស់​ប្រទេសជិតខាង​។ មុនពេល​បង្កើត​ក្រុង​នៅ​គ្រានោះ បុរី​អូរ​ស្វាយ មិនមាន​មនុស្ស​រស់នៅ​ឡើយ ប៉ុន្តែ​ព្រះបាទ​សីហនុ បាន​កេណ្ឌ​ពលរដ្ឋ​គ្មាន​ផ្ទះសម្បែង ឲ្យ​មក​រស់នៅ និង​ប្រក​បរបរ​ចិញ្ចឹមជីវិត ក្នុង​តំបន់​នោះ​។ នេះ​បើតាម ឯកសារ​ពី​ការស្រាវជ្រាវ​របស់លោក​បុរាណ​វិទូ លឹម វណ្ណ​ច័ន្ទ​។​
 
​លោក បុរាណ​វិទូ​រូបនេះ បាន​ប្រាប់ ThmeyThmey25 ដូច្នេះ​ថា​៖​ ​«​ស្តូប​នេះ​ជា​និមិត្តរូប​នៅពេល​សាងសង​។ យើង​ចង់​និយាយថា យើង​សម្គាល់​មួយ ជា​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះអង្គ ដូច​យើង​ឃើញ​អ៊ីចឹង​។ ស្តូប​នេះ​មាន​៨​ជ្រុង ហើយ​បានបង្ហាញ​ពី​ព្រះរាជ​សកម្មភាព​របស់​ព្រះអង្គ​ខ្លះ​ដែរ​។ យើង​អាច​ដើរ​ពិនិត្យ​មើលទៅ ដូចជា​មាន​រូប ពេល​ព្រះអង្គ​ឡើង​គ្រងរាជ្យ ព្រះ​សកម្មភាព​ព្រះអង្គ​ធ្វើ​ពលកម្ម​ជាមួយ​ប្រជាជន និង​កីឡា​»​។​




 
​មាន​រាង​ដូច​ជួង កម្ពស់​៤​ម៉ែត្រ និង​មាន​ជ្រុង​ចំនួន​៨ អមដោយ​ផ្ទាំង​ចម្លាក់​ថ្ម ស្តូប​បុរី​អូរ​ស្វាយ បង្ហាញ​ពី ព្រះរាជ​សកម្មភាព​របស់​ព្រះបាទ នរោត្តម សីហនុ ក្នុងសម័យ​សង្គមរាស្ត្រនិយម​។ ក្នុងការ​រៀបចំ​ក្រុង​បុរី​អូរ​ស្វាយ​នៅ​សម័យ​នោះ ព្រះបាទ នរោត្តម សីហនុ ក៏បាន​ចូលរួម​សម្ពោធ នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​១៩៦៨ ផងដែរ​។ 
 
​មកទល់​ពេលបច្ចុប្បន្ន ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ ក្នុង​ខេត្តស្ទឹងត្រែង មាន​ឃុំ​ចំនួន​៣ ដូចជា ឃុំ​កោះ​ស្នែ មាន​ភូមិ​ចំនួន​៣, ឃុំ​អូរ​ស្វាយ មាន​ភូមិ​ចំនួន​៥ និង​ឃុំ​ព្រះ​រំកិល មាន​ភូមិ​ចំនួន​៨​។ លើសពីនោះ ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ បាន​ក្លាយជា​តំបន់​សក្ដានុពល​ទេសចរណ៍ធម្មជាតិ​មួយ​ក្នុងប្រទេស​កម្ពុជា មាន​ទាំង​ធនធានធម្មជាតិ​ចម្រុះ ព្រៃ​លិច​ទឹក​តាម​ដង​ទន្លេមេគង្គ ជង្រុក​មច្ឆជាតិ ទីតាំង​ប្រវត្តិសាស្ត្រ រួមទាំង​រក្សា​បានការ​រស់នៅ​បែប​ប្រពៃណី​ថែមទៀត​ផង​៕
 




 

Tag:
 ស្ដូប​បុរាណ​
 ​ស្ទឹងត្រែង​
© រក្សាសិទ្ធិដោយ thmeythmey.com