ជាតិ
អាជ្ញាធរ​ឃាត់ខ្លួន​មេខ្យល់​១០៨​នាក់ ដែល​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ និង​គេចវេះ​ពី​ច​ត្តា​ឡី​ស័ក
04, Mar 2021 , 8:29 pm        
រូបភាព
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យនៃអគ្គស្នងការនគរបាលជាតិ
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យនៃអគ្គស្នងការនគរបាលជាតិ
​ភ្នំពេញ​៖ លោក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​អះអាងថា មេខ្យល់​១០៨​នាក់ ត្រូវបាន​ឃាត់ខ្លួន ដោយសារ​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​និង​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​។


​បើតាម​លោក ឆាយ គឹម​ខឿន ការឃាត់ខ្លួន​មេខ្យល់​១០៨​នាក់​ទាំងនេះ គឺ​គិត​ចាប់ពី​ថ្ងៃទី​១៣​កុម្ភៈ ដល់​ថ្ងៃទី​៣​មីនា ឆ្នាំ​២០២១​នេះ​។ លោក​ថា មេខ្យល់​ទាំងនោះ គឺ​បាន​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ រួមទាំង​គេច​ពី​ច​ត្តា​ឡី​ស័ក ជាពិសេស​ចេញចូល​ប្រទេស​ថៃ​។ 
 
​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​រូបនេះ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​៤​មីនា​ថា​៖ «​មេខ្យល់​ជាង​១០០​នាក់​នឹងត្រូវ​បញ្ជូនទៅ​តុលាការ​ទាំងអស់​ហ្នឹង គ្រាន់តែ​អ្នកមួយ​ចំនួន​បាន​បញ្ជូន​ទៅហើយ​, អ្នក​មួយចំនួនទៀត​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​»​។ 
 
​ជាមួយគ្នានេះ លោក អំពាវនាវ​ដល់​ពលក​រទាំង​អស់​បញ្ឈប់​ការ​ឆ្លងដែន​ខុសច្បាប់ និង​កុំ​ព្យាយាម​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​។​
 
​សូមជម្រាបថា អនុក្រឹត្យ​ថ្មី បានចែង​ពី​ការពិន័យ​ប្រាក់​ពី​១០​លាន​រៀល​ដល់​៥០​លាន​រៀល លើ​អ្នក​ដែល​នាំ​អ្នកដទៃ គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​។ ចំពោះ​អ្នក​ដែល​គេចវេះ​មិន​ចូលធ្វើ​ច​ត្តា​ឡី​ស័ក និង​អ្នក​គេច​ចេញពី​ការធ្វើ​ច​ត្តា​ឡី​ស័ក នឹងត្រូវ​ពិន័យ​ប្រាក់​ពី​១​លាន​រៀល​ដល់​៥​លាន​រៀល​។​
 
​គិត​ចាប់ពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ ដល់​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១ ពលរដ្ឋ​ខ្មែរ​ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ​វិញ​មាន​ជាង​១,៨​ម៉ឺន​នាក់​។ រយៈពេល​ដូចគ្នានេះ កម្ពុជា​ទទួល​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ពី​អាជ្ញាធរ​ថៃ​បាន​ជាង​១​ពាន់​នាក់​។ នេះ​បើតាម​របាយការណ៍​ដែល​សារព័ត៌មាន​ថ្មីៗ (Thmey Thmey) ទទួលបាន​ពី​លោក កែវ វណ្ណ​ថន អគ្គនាយករង​អន្តោប្រវេសន៍​៕

Tag:
 មេខ្យល់​
© រក្សាសិទ្ធិដោយ thmeythmey.com