ជាតិ
ចប់ចត្តាឡីស័ក បុគ្គលិកសន្តិសុខដែលបើកដៃឲ្យស្រី្តចិនចេញពីសណ្ឋាគារ កំពុងប្រឈមផ្លូវច្បាប់
05, Mar 2021 , 3:21 pm        
រូបភាព
ប្រភពរូបថត ការិយាល័យ សុខាភិបាល ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ប្រភពរូបថត ការិយាល័យ សុខាភិបាល ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ បុគ្គលិកសន្តិសុខសណ្ឋាគារសុខាដែលបានដោះលែងស្រី្តជនជាតិចិន ចេញពីកន្លែងចត្តាឡីស័ក ត្រូវបាននាំទៅសាកសួរនៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី៥ ខែមីនានេះ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានថ្មីៗ យ៉ាងដូច្នេះ តាមទូរសព្ទ។

 
សន្តិសុខវ័យ៣៨ឆ្នាំរូបនេះ ត្រូវបានគេរកឃើញថា ជាអ្នកបើកដៃឲ្យស្ត្រីចិនមួយក្រុមចេញពីសណ្ឋាគារនាអំឡុងពេលនៃការធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា។ បើតាមការអះអាងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលប្រកាសពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ស្ត្រីចិន៤នាក់ ត្រូវបានរំដោះចេញពីសណ្ឋាគារ ក្នុងនោះ២នាក់វិជ្ជមានកូវីដ-១៩ ហើយត្រូវបានគេជឿថា ជាប្រភពនៃការរាលដាលព្រឹត្តិការណ៍២០កុម្ភៈ។
 
«យើងបានបញ្ជូន(សន្តិសុខដែលដោះលែងស្រី្តជនជាតិចិន) ទៅសាកសួរនៅសន្តិសុខផ្ទៃក្នុងនៃអគ្គស្នងការដ្ឋាននគរបាលជាតិហើយ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។ កំហុសឆ្គងរបស់គាត់ គឺត្រូវដោះស្រាយតាមច្បាប់ទាំងអស់»។ នេះជាការបញ្ជាក់លោក ឃួង ស្រេង។ សារព័ត៌មានថ្មីៗ មិនទទួលបានការពន្យល់បន្ថែមឡើយពីលោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ដោយលោកអះអាងថា នៅក្រៅសមត្ថកិច្ចរបស់ខ្លួន។
 
បុគ្គលិកសន្តិសុខរូបនេះ ត្រូវបាននាំទៅសាកសួរ នារយៈពេលជាង២សប្តាហ៍ក្រោយការធ្វើចត្តាឡីស័ក ដោយលទ្ធផលបង្ហាញថា គាត់អវិជ្ជមានកូវីដ-១៩។
 
មកដល់ពេលកម្ពុជា មានករណីវិជ្ជមានកូវីដ-១៩សរុប ៩៣២ករណី ក្នុងនោះ៤២៥នាក់ពាក់ព័ន្ធករណីសហគមន៍២០កុម្ភៈ ដោយបានរាលដាលចេញពីរាជធានីភ្នំពេញ ទៅខេត្តកណ្តាល ខេត្តព្រះសីហនុ និងចុងក្រោយមាននៅខេត្តស្វាយរៀង និងកោះកុង។ ក្នុងចំណោមនោះ ៤ករណីបានព្យាបាលសះស្បើយ៕
 

Tag:
 សន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com