ជាតិ
ស្រី្ត ដើរតួនាទី​កាន់តែ​សំខាន់​ក្នុង​វិស័យ​បោសសម្អាត​មីន​នៅ​កម្ពុជា
06, Mar 2021 , 8:29 pm        
រូបភាព
រូបពីហ្វេសប៊ុកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា - CMAC
រូបពីហ្វេសប៊ុកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា - CMAC
​ភ្នំពេញ​៖ ទោះបី​វិស័យ​បោសសម្អាត​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ជាការ​ងារ​ប្រឈម​នឹង​គ្រោះថ្នាក់​និង​ជួប​បញ្ហាលំបាក​ច្រើន​ក៏ពិតមែន ប៉ុន្តែ​ចំនួន​ក្រុមការងារ​ស្រី្ត​ក្នុង​វិស័យនេះ នៅតែ​បន្ត​កើនឡើង ហើយ​ដើរតួនាទី​កាន់តែ​សំខាន់​។ មិន​ត្រឹមតែ​ធ្វើ​ការងារ​បោសសម្អាត​មីន​បាន​យ៉ាង​ល្អ​នោះទេ ស្ត្រី​បោសសម្អាត ក៏​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បញ្ជ្រាប​ចំណេះដឹង​ដល់​ពលរដ្ឋ និង​ពង្រឹង​វិន័យ​ក្នុង​ក្រុមការងារ​ទៀតផង​។



​ជា​អ្នក​ប្រតិបត្តិការ​ផ្ទាល់​លើ​វិស័យ​បោសសម្អាត​មីន លោកស្រី ស្រៀ​ង ស្រី​នី រៀបរាប់ថា ខ្លួន​មិនមាន​ការព្រួយបារម្ភ​ក្នុងពេល​ចុះ​ប្រតិបត្តិការ​កំចាត់មីន​នោះទេ ព្រោះ​លោកស្រី និង​ក្រុមការងារ​សុទ្ធតែ​ទទួលបាន​ការបណ្ដុះបណ្ដាល​និង​មានបទពិសោធន៍​។ ប៉ុន្តែ​បញ្ហាលំបាក​សម្រាប់​អ្នកឯកទេស​កំចាត់មីន​របស់ CMAC រូបនេះ គឺ​ការចុះ​ប្រតិបត្តិការ​ឆ្ងាយ​ពី​ផ្ទះ​ទៅ​ចំការមីន ដោយ​ត្រូវ​ហាលខ្យល់ ហាលភ្លៀង​គ្រប់ពេល ខុសពី​ការងារ​នៅ​ការិយាល័យ​។ 
  

កញ្ញា ស្រៀង ស្រីម៉ៅ (មានកន្សែងបង់ក ដៃកាន់ស្លាកសញ្ញាមីន) និងក្រុមការងារ CMAC ចុះផ្សព្វផ្សាយការយល់ដឹងអំពីមីនដល់ពលរដ្ឋនៅតាមមូលដ្ឋាន។

«​ដោយសារ​ចិត្ត​ស្រលាញ​ការងារ​នេះ ទើប​តស៊ូ​ជម្នះ​រាល់​ការលំបាក ប្រសិនបើ​អ្នក​គ្មាន​ចំណូល​ចិត្តនឹង​ការងារ​នេះ គឺ​ងាយ​នឹង​បោះបង់ចោល​ណាស់​។ រដូវ​ភ្ញៀ​ង​ពិបាក​ធ្វើដំណើរ ពិបាក​ចុះ​ប្រតិបត្តិ​ការដោះមីន ព្រោះ​ដី​សើម​។ ហើយ​រដូវប្រាំង​ក្ដៅ​ខ្លាំង ដូច​ដឹង​ហើយ​ចំការមីន​ឬ​កន្លែង​ចុះ​បោសសម្អាត​មីន​នៅតាម​វាល ក្នុង​ដុប​ព្រៃ​...»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​ស្រី នី ដែល​លើកទឹកចិត្ត​ឲ្យ​ស្រី្ត​ដទៃ បន្ត​ជម្នះ​រាល់​ការងារ​លំបាក​របស់ខ្លួន ពិសេស​ស្រី្ត​ក្នុង​វិស័យ​ដោះមីន​។ 
 
​លោកស្រី នី ដែលមាន​បំណង​ចង់​ជួយ​ពលរដ្ឋ​ឲ្យ​ជៀស​ផុតពី​គ្រោះថ្នាក់​បង្កដោយ​គ្រាប់​មិនទាន់​ផ្ទុះ តែង​ចុះ​ជួប​ពលរដ្ឋ​និង​ចែករំលែក​ការយល់ដឹង​អំពី​គ្រាប់​មិនទាន់​ផ្ទុះ ដល់​ពលរដ្ឋ​តាម​តំបន់​ជា​ហូរហែ​ផងដែរ​។ 
 
​លោកស្រី ជឹម ស្រី​ម៉ៅ ប្រធាន​ក្រុម​សុនខ​ហិត​មីន ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ខ្លួន​តស៊ូ​ជាមួយ​ការងារ​វិស័យ​បោសសម្អាត​មីន​នេះ អស់​ជាង​២០​ឆ្នាំ​ហើយ​។ សម្រាប់​លោកស្រី ម៉ៅ ការងារ​ប្រចាំថ្ងៃ​មិនសូវ​លំបាក​ខ្លាំង​នោះទេ ព្រោះ​មានបទពិសោធន៍​យូរ​ឆ្នាំ​មកហើយ​។ លោកស្រី​ក៏បាន​លើ​ពី​បញ្ហា​ប្រឈម​ដូច​កញ្ញា​ស្រី​នី​ដែរ គឺ​ស្ថានភាព​ផ្លូវ​ពិបាក​ធ្វើដំណើរ​ទៅ​តំបន់​ប្រតិបត្តិការ​កំចាត់មីន​។ 
  

កញ្ញា ស្រៀង ស្រីម៉ៅ ចុះស្រាវជ្រាវរកគ្រាប់មិនទាន់ផ្ទុះ។

«​សុនខ​ដែល​ចុះ​ប្រតិបត្តិការ គឺ​ទទួលបាន​ការបង្ហាត់​រួចហើយ ប៉ុន្តែ​យើង​នូវតែ​ត្រូវការ​អ្នក​ដែល​ចេះ​ស្រលាញ់​សត្វ ការអត់ធ្មត់​ខ្ពស់ ពិសេស​ស្រី្ត​។ ត្បិត​ស្រី្ត​កម្លាំង​ខ្សោយ តែមាន​ការតស៊ូ ល្អិតល្អន់​ជាមួយ​ការងារ​ជាង​បុរស​។ ប៉ុន្តែ​ការងារ​ប្រចាំ​ក្រុម​ត្រូវតែមាន​សមាជិក​ទាំង​ស្រី្ត​នឹង​បុរស​ទើប​ការងារ​ដំណើរការ​បានល្អ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​ស្រី ម៉ៅ ដោយ​ជំរុញ​ឲ្យ​ស្រី្ត​ចូលរួម​ការងារ​ក្នុង​វិស័យ​ដោះមីន​ឲ្យ​បាន​កាន់តែច្រើន ដើម្បី​ជួយ​ដល់​សង្គម​។ 
 
​លោកស្រី​ក៏បាន​ណែនាំ​ថា ការងារ​បោសសម្អាត​មីន​នេះ មិនមែនជា​ការងារ​គ្រោះថ្នាក់​ឡើយ ព្រោះ​ក្រុមការងារ​មានការ​បណ្ដុះបណ្ដាល​ច្បាស់លាស់ ហើយ​ចុះ​ប្រតិបត្តិការ​មួយ​អ្នកមាន​បទពិសោធន៍​។ 
 
​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ (Thmey Thmey) លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) បាន​បញ្ជាក់ថា ស្រី្ត​ដែល​ធ្វើការ​ផ្ទាល់​ផ្នែក​ដោះមីន គឺ​ជួប​បញ្ហាលំបាក​ច្រើន ពិសេស​នៅពេល​មានគភ៌​(​ផ្ទៃពោះ​) ព្រោះ​ការងារ​នេះ ទាមទារ​ឲ្យ​លូន​ក្រាប​ឬ​ចាក់​ឆ្កឹះ​គ្រាប់មីន ដែល​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​ស្រី្ត​។ ដូច្នេះ លោក ហេង រតនា អះអាងថា CMAC មាន​គោល​ការផ្លាស់ប្ដូរ​ក្រុម​ស្រី្ត​ដែលមាន​គភ៌ ឲ្យ​ក្លាយជា​ជំនួយការ​នៃ​ក្រុម​បោសសម្អាត​វិញ​។ 
 
​លោក ហេង រតនា សង្កត់ធ្ងន់ថា​៖ «​ស្រី្ត​ដើរតួនាទី​សំខាន់​ច្រើនយ៉ាង​ក្នុង​វិស័យ​បោសសម្អាត​មីន​នេះ គឺ​ជួយ​បញ្ជ្រាប​ចំណេះដឹង​ពី​គ្រាប់មីន​បាន​យ៉ាង​ល្អ​ដល់​ពលរដ្ឋ ពិសេស​កុមារ​និង​ស្រី្ត​។ ស្រី្ត​ថែមទាំង​ជា​អ្នកចូលរួម​យ៉ាងសកម្ម​ក្នុងការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​បោសសម្អាត​មីន​, ការចូលរួម​ដោះ​គ្រាប់​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ និង​ជួយ​ចូលរួម​ពង្រឹង​វិន័យ​ក្នុង​សកម្មភាព​ដោះមីន​បាន​យ៉ាង​ប្រុងប្រយ័ត្ន​ទៀត​»​។​
 
​របាយការណ៍​របស់ CMAC បាន​បញ្ហា​ញ​ថា ចំនួន​ស្រី្ត​នៅ​អង្គភាព​របស់ខ្លួន គឺមាន​កម្លាំង​ស្ត្រី​១២​ភាគរយ ពោលគឺ​មាន​ជាង​១៧០​នាក់ ក្នុងចំណោម​បុគ្គលិក​រួម​ជាង​១៣០០​នាក់​។ ចំនួន​នេះ គឺមាន​ការកើនឡើង គួរ​ឲ្យ​កត់សម្គាល់ បើ​ធៀប​នឹង​ឆ្នាំ​២០០៥ CMAC មាន​ចំនួន​ស្រី្ត​ប្រមាណ​តែ​២​ភាគរយ​នៃ​ចំនួន​បុគ្គលិក​រួម​ប៉ុណ្ណោះ​។ សូមជម្រាបថា នៅ​ឆ្នាំ​២០២០​នេះ CMAC បាន​រកឃើញ​និង​បំផ្លាញ​គ្រាប់មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​ជាង​៤​ម៉ឺន​គ្រាប់​៕ 
 

 លោកស្រី ជឹម ស្រីម៉ៅ ប្រធានក្រុមសុនខចុះស្រាវជ្រាវរកគ្រាប់មិនទាន់ផ្ទុះ។
 

Tag:
 ស្រី្ត​អ្នកដោះមីន​
© រក្សាសិទ្ធិដោយ thmeythmey.com