ជាតិ
កសិផល​ធ្លាក់ចុះ​! កសិករ​គួរ​យល់ដឹង​ពី​វិធី​ក្នុង​ការច្នៃ​ផលិតផល​កសិកម្ម​
06, Mar 2021 , 4:29 pm        
រូបភាព
ផលប៉េងប៉ោះដែលកសិករប្រមូលបាន(រូបពីហ្វេសប៊ុកលោក វេង សាខុន)
ផលប៉េងប៉ោះដែលកសិករប្រមូលបាន(រូបពីហ្វេសប៊ុកលោក វេង សាខុន)
ដោយ:
​ភ្នំពេញ​៖ បច្ចុប្បន្ន តម្លៃ​ផលិតផល​កសិកម្ម​មួយចំនួន​មានការ​ធ្លាក់​ថ្លៃ ធ្វើ​ឲ្យ​កសិករ​ពិបាក​នឹង​ទទួលបាន​ប្រាក់ចំណេញ​។ គេ​អាច​យក​ផលិតផល​កសិកម្ម​ទាំងនោះ ទៅ​ច្នៃ​ជា​ដំណាប់ ឬ​ទឹក​ផ្លែឈើ​បាន​។ ដើម្បី​ចៀសវាង​ការ​ទុំ​ជ្រុះ​ចោល កសិករ​គួរ​ស្វែងរក​វិធី​ច្នៃ​ផលិតផល​ទាំងនោះ ព្រោះ​អាច​រក្សាទុក​បានយូរ និង​មានការ​ចាប់អារម្មណ៍​ពី​អតិថិជន​ទៀតផង​។​

 
​សម្រាប់​កសិផល​ដែល​អាច​យកទៅ​ច្នៃ​មានដូចជា ផ្លែស្វាយ ប៉េងប៉ោះ ត្រឡាច ខ្នុរ ចេក ល្ពៅ ល្ហុង ម្នាស់ ជាដើម​។ ថ្ងៃនេះ​សារព័ត៌មាន​ThmeyThmey25 សូម​លើកយក​វិធី​ច្នៃ​ផលិតផល​កសិកម្ម ដើម្បី​រក្សាទុក​បានយូរ ពី​សៀវភៅ​បច្ចេកទេស​កសិកម្ម​រប​ស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ចែករំលែក​ដល់​បងប្អូន​ដើម្បី​ងាយស្រួល​ក្នុង​ការច្នៃ​ផលិតផល​កសិកម្ម​។​
 
​ការធ្វើ​ដំណាប់​ផ្លែឈើ​៖ ការធ្វើ​ដំណាប់​ចែកចេញជា​២​របៀប មានការ​ធ្វើ​ដំណាប់​របៀប បន្ទះ រឹង​ស្ងួត និង​ការធ្វើ​ដំណាប់​របៀប​ខាប់​។ ត្រូវយក​ផ្លែឈើ​ដែល​ទុំ ឬ​ទុំ​ដោយ​បន្ទុំ សម្រាប់ធ្វើ​ដំណាប់ បន្ទាប់មក​ត្រូវ​បកសម្បក និង​យក​គ្រាប់​ចេញ​។ សម្រាប់​គ្រឿងផ្សំ​រួមមាន​៖ ផ្លែឈើ​,​ស្ករស​,​អំបិល​,​កំបោរ​(​បើ​ផ្លែឈើ​១​គីឡូ ក្រាម​ត្រូវ​ប្រើ​កំបោរ​១​ខាំ​) និង​សម្ភារ​សម្រាប់​ទុកដាក់​។​
 
​របៀប​ធ្វើ​៖ ត្រូវយក​ផ្លែឈើ​មក​ត្រាំ​ទឹក​(​ដាក់​តាម​ប្រភេទ​ផ្លែឈើ​) រួច​ផ្អាប់​ទុក​មួយ​យប់​។ បន្ទាប់ពី​ត្រាំ​បាន​មួយ​យប់ ត្រូវ​ស្រង់​ឲ្យ​ស្រស់ទឹក រួច​យកទៅ​ហាលថ្ងៃ​បាន​ស្ងួត​។ នៅពេល​ផ្លែឈើ​ហាល​បាន​ស្ងួត​ហើយ ត្រូវ​យកទៅ​ត្រាំ​ទឹកអំបិល​ផ្អាប់​ទុក​មួយ​យប់ បន្ទាប់មក​ស្រង់​ឲ្យ​ស្រស់ទឹក​។ បន្ទាប់មកទៀត​ត្រូវ​យកទៅ​ប្រឡាក់​ជាមួយ​ស្ករ រួច​យកទៅ​ហាល​ជាការ​ស្រេច​។ ការ​វេច​ខ្ចប់​បាន​ត្រឹមត្រូវ នឹង​អាច​រក្សាទុក​ក្នុង​រយៈពេល​ពី ៤​ខែ​ទៅ ៦​ខែ​។ 
 
​ការធ្វើ​ដំណាប់​ផ្លែឈើ​ខាប់​៖ សម្រាប់​ដំណាប់​ម្នាស់ ត្រូវមាន​ផ្លែ​ម្នាស់​១​គីឡូក្រាម​(​ចិត​សម្បក ឆ្កឹះ​បណ្ដូល​ចេញ​) ស្ករស​១​គីឡូក្រាម និង​អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ​។ 
 
​របៀប​ធ្វើ​៖ យក​ម្នាស់​ដែល​ចិត​រួច​នោះ​ទៅ​កិន​ដោយ​ម៉ា​ស៊ីកា​ឡុ​ក​(​រួច​ច្រោះ​កាក​ចេញ​) លាយ​ជាមួយ​ស្ករស​។ បន្ទាប់មក​ត្រូវយក​ទឹក​ម្នាស់​ដែល​កិន​រួច​នោះ​ទៅ​ដាក់​ដាំ​ជាមួយ​ស្ករ​(​ដាក់​ភ្លើង​តិចៗ រួច​កូរ​យឺតៗ​) ហើយ​ត្រូវ​កូរ​រហូត​ដាច់​ជាតិ​ទឹក​។ បន្ទាប់ពី​កូរ​ឲ្យ​ដាច់ទឹក ត្រូវ​ចាក់​ក្នុង​កែវ​រក្សាទុក​ឲ្យ​បានល្អ​ជាការ​ស្រេច​។​
​យើង​អាច​កែច្នៃ​ផ្លែឈើ​ដទៃ​តាមរបៀប​ខាងលើនេះ សម្រាប់​ជា​ចំណី​ទទួលទាន​ខ្លួនឯង និង​លក់​ដើម្បី​បន្ថែម​ប្រាក់ចំណូល​។ ការធ្វើ​បែបនេះ​នឹង​ជួយ​កសិករ​មួយផ្នែក ដើម្បី​កាត់បន្ថយ​ការ​ខាត​ដើមទុន​នៅពេល​កសិផល​គ្មាន​ទីផ្សារ​៕

Tag:
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com