COVID-19
ជាតិ
ផ្នែកខ្លះនៃភូមិវាលធំ ត្រូវបិទបណ្តោះអាសន្ន ក្រោយរកឃើញអ្នកផ្ទុកកូវីដជាង១០នាក់
10, Mar 2021 , 10:10 am        
រូបភាព
អាជ្ញាធរ ចុះបិទតំបន់ខ្លះ ក្នុងភូមិវាលធំ ក្រោយរកឃើញពលរដ្ឋជាង១០នាក់ ផ្ទុកជំងឺកូវីដ-១៩។ រូបពីទំព័រហ្វេសប៊ុករបស់អធិការដ្ឋានស្រុកល្វាឯម
អាជ្ញាធរ ចុះបិទតំបន់ខ្លះ ក្នុងភូមិវាលធំ ក្រោយរកឃើញពលរដ្ឋជាង១០នាក់ ផ្ទុកជំងឺកូវីដ-១៩។ រូបពីទំព័រហ្វេសប៊ុករបស់អធិការដ្ឋានស្រុកល្វាឯម
អាជ្ញាធរ រកឃើញប្រជាពលរដ្ឋជាង១០នាក់ ក្នុងភូមិវាលធំ ឃុំឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ផ្ទុកជំងឺកូវីដ-១៩។ តំបន់មួយចំនួន  ក្នុងភូមិវាលធំ ត្រូវតម្រូវឲ្យបិទបណ្តោះអាស្ន ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។



លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ថា អាជ្ញាធរ កំពុងតែបន្តស្រាវជ្រាវបន្ថែមរកតំបន់ ដែលពាក់ព័ន្ធនឹងការរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិវាលធំ ដើម្បីបិទជាបណ្តោះអាសន្ន។ លោក បញ្ជាក់ថា៖«យើង បិទតែកន្លែងណាដែលសង្ស័យ [ពីករណីឆ្លងជំងឺកូវីដ-១៩] យើង មិនបិទភូមិទាំងស្រុងទេ»។

លោកអភិបាលខេត្ត មិនទាន់អាចផ្តល់តួលេខជាក់លាក់ឬផ្លូវការឡើយថា មានប្រជាពលរដ្ឋប៉ុន្មាននាក់ ក្នុងភូមិវាលធំ ដែលត្រូវយកសំណាកទៅធ្វើតេស្តរកវីរុសកូវីដ-១៩ និងត្រូវធ្វើចត្តាឡីស័ក។ លោក គ្រាន់តែនិយាយក្រៅផ្លូវការនិងផ្តល់ព័ត៌មានបឋមថា ប្រហែលជាអាចមានប្រជាពលរដ្ឋជិត១ពាន់នាក់ ក្នុងភូមិវាលធំ ដែលនឹងត្រូវយកសំណាកទៅធ្វើតេស្តរកវីរុសកូវីដ-១៩និងធ្វើចត្តាឡីស័ក។

កាលពីថ្ងៃម្សិលមិញ (៩មីនា) រដ្ឋបាលខេត្តកណ្តាល បានបិទតំបន់ទីប្រជុំជនជ្រៃធំ ស្ថិតនៅក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ក្រោយរកឃើញជនបរទេស៥នាក់ ផ្ទុកជំងឺកូវីដ-១៩។

Tag:
 COVID-19
  បិទផ្នែកខ្លះនៅភូមិវាលធំ
© រក្សាសិទ្ធិដោយ thmeythmey.com