ជាតិ
បុរសចិន ដែលធ្លាក់ពីលើអគារចត្តាឡីស័កស្លាប់នៅព្រះសីហនុ ជាការធ្វើអត្តឃាត លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ (រូបពីទំព័រហ្វេសប៊ុករបស់ លោក អ៊ី សុខឡេង)
× លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានអះអាងប្រាប់សារព័ត៌មានថ្មីៗ ថា ជនជាតិចិន ដែលធ្លាក់ពីអគារចត្តាចឡីស័កស្លាប់ កាលពីយប់ថ្ងៃទី៩ មីនា កន្លងទៅនោះ ជាការធ្វើអត្តឃាត។ លោក អ៊ី សុខឡេង បានប្រាប់សារព័ត៌មានថ្មីៗបញ្ជាក់ថា៖ «ជនជាតិដែលស្លាប់ គឺជាការធ្វើអត្តឃាត លោតពីបន្ទប់ស្នាក់នៅបណ្ដាលឲ្យស្លាប់»។
បុរសរូបនេះ ស្នាក់នៅអគារជាន់ទី៤ នៃសណ្ឋាគារមួយ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលត្រូវដាក់ជាមណ្ឌលចត្តាឡីស័ក។ នេះបើតាមលោក អ៊ី សុខឡេង ដដែល។
ពាក់ព័ន្ធនឹងសពជនជាតិចិនរូបនោះ ត្រូវបានបញ្ជូនតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។ នេះបើតាមព័ត៌មានបឋមដែលលោក ឃៀង ភារម្យ ទទួលបានពីក្រុមការងារ ដែលប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃនេះ៕
Tag:
អ៊ី សុខឡេង
ចត្តាឡីស័ក
អត្តឃាត
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com