COVID-19
ជាតិ
វិជ្ជមាន COVID-19 ចំនួន៦២នាក់បន្ថែមទៀតនៅកម្ពុជា ខណៈកោះកុងឡើងដល់១០នាក់
× មនុស្សចំនួន៦២នាក់ទៀតវិជ្ជមានកូវីដ-១៩ នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១ ដែលក្នុងនោះ ៦០នាក់ ជាករណីសហគមន៍២០កុម្ភៈ។ គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប១២២៥នាក់។ ករណីសហគមន៍២០កុម្ភៈ មានដល់ទៅ៧១២នាក់ ដែលស្ថិតក្នុងរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង។
បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ក្នុងចំណោមអ្នកឆ្លងសហគមន៍ទាំង៦០នាក់ថ្មីនោះ មានអ្នករស់នៅភ្នំពេញ ២៨នាក់ ,កណ្តាល ១៦នាក់, ព្រៃវែង ៨នាក់, កោះកុង ៨នាក់, និងខេត្តកំពង់ធំចំនួន១នាក់។ ចំណែក២ករណីទៀត ដែលមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ ជាបុរសជនជាតិឥណ្ឌូណេស៊ី អាយុ២៤ឆ្នាំ និង២៧ឆ្នាំ មានអាសយដ្ឋាននៅខេត្តកណ្តាល និងបានធ្វើដំណើរពីប្រទេសឥណ្ឌូណេស៊ី មកដល់កម្ពុជានៅថ្ងៃទី២៦ កុម្ភៈ។
ចំពោះករណីនៅភ្នំពេញ អ្នកកើតមាននៅស្ទើរគ្រប់ខណ្ឌទាំងអស់ជាពិសេសនៅខណ្ឌបឹងកេងកង ខណ្ឌសែនសុខ និងខណ្ឌមានជ័យ។ ឃុំសំពៅពូន ស្រុកកោះធំ ក្នុងខេត្តកណ្តាល ឃុំព្រែកខ្សាយ ខ ស្រុកពាមរ៍ ខេត្តព្រៃវែង ឃុំភ្ញីមាស ស្រុកគិរីសាគរខេត្តកោះកុង និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាទីតាំងដែលមានករណីឆ្លងច្រើនសម្រាប់ការប្រកាសព័ត៌មាននៅថ្ងៃនេះ។ កោះកុងឡើងដល់១០ករណី ខណៈកំពង់ធំកើន១ករណីទៀត។ អ្នកជំងឺជាជនជាតិខ្មែរ និងចិន ហើយក៏មានកុមារតូចផងដែរ។
ទន្ទឹមនឹងនេះ ក្រសួងក៏បានប្រកាសមានអ្នកសះស្បើយចំនួន ២២នាក់ដែរ ក្នុងនោះ២១នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ ១២នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៣នាក់ពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ៣នាក់ពីមណ្ឌលសុខភាពចាក់អង្រែ និង៣នាក់ទៀតពីមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។ រីឯ១នាក់ទៀតដែលមិនមែនស្ថិតក្នុងសហគមន៍ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប១២២៥នាក់។ ករណីសហគមន៍២០កុម្ភៈ មានដល់ទៅ៧១២នាក់ ដែលស្ថិតក្នុងរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង។ អ្នកជំងឺ៦០៤នាក់ទៀតកំពុងបន្តសម្រាកព្យាបាល រីឯម្នាក់បានស្លាប់កាលពីថ្ងៃទី១១ខែមីនា៕
© រក្សាសិទ្ធិដោយ thmeythmey.com