ពីនេះ ពីនោះ
ហេតុអ្វីបានជាបុគ្គលិកដើរចេញពីកន្លែងការងារមួយទៅរកកន្លែងការងារមួយទៀត?
12, Mar 2021 , 3:56 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ បុគ្គលិកគ្រប់រូបមិនមែនចង់ឈប់ធ្វើការពីស្ថាប័នដែលមានច្បាប់ទម្លាប់ល្អ និងកេរ្តិ៍ឈ្មោះល្បីល្បាញនោះទេ។ ហើយពួកគេក៏មិនចង់ដើរចេញពីកន្លែងការងារមួយទៅរកកន្លែងមួយទៀត ដោយគ្មានមូលហេតុនោះដែរ។ ទាំងប្រធានស្ថាប័ន ទាំងបុគ្គលិក គួរតែស្វែងយល់ពីរឿងនេះឲ្យបានច្បាស់ថា តើវាបណ្តាលមកពីមូលហេតុអ្វី?

 
 
ទី១) ប្រយោជន៍ផ្ទាល់ខ្លួន៖ បុគ្គលិកភាគច្រើនតែងតែគិតពីប្រយោជន៍ផ្ទាស់ខ្លួន ជាជាងប្រយោជន៍របស់ស្ថាប័ន។ ប្រសិនបើ ពួកគេឃើញការងារនៅកន្លែងផ្សេងមានប្រយោជន៍ច្រើនជាង នោះពួកគេនឹងលាឈប់ពីការងារនៅកន្លែងចាស់ទៅរកកន្លែងថ្មីយ៉ាងប្រាកដ។
 
ទី២) បញ្ហាប្រាក់ខែ៖ បុគ្គលិកដែលមានចំណេះដឹង និងបទពិសោធន៍ល្អសមគួរហើយនោះ ហើយពួកគេនៅតែមិនទទួលបានប្រាក់ខែតាមបទពិសោធន៍ និងចំណេះដឹងទៀតនោះ នោះប្រាកដជាពួកគេមិនអាចទ្រាំនៅធ្វើការដើម្បីតែស្ថាប័នដដែលបានទៀតឡើយ។
 
ទី៣) បរិយាកាសការងារ ឬជម្លោះផ្ទៃក្នុង៖ បុគ្គលិកធ្វើការជាមួយគ្នាពិតជាមិនចង់មានបញ្ហាជាមួយគ្នានោះទេ។ ប៉ុន្តែអ្វីដែលមិនអាចជៀសផុតនោះ គឺការច្រណែនគ្នា និយាយដើមគ្នា ទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកជាដើម។ 
 
ទី៤) ការលើកទឹកចិត្ត៖ ប្រសិនណាបើគ្មានការលើកទឹកចិត្តពីប្រធាន និងសហការីរួមក្រុមទេនោះ នោះប្រាកដជាបុគ្គលិកគ្មានកម្លាំងចិត្តចង់បន្តការងារក្នុងស្ថាប័ននោះទៀតទេ បើទោះជាកន្លែងការងារចាស់មានច្បាប់ទម្លាប់ល្អ និងកេរ្តិ៍ឈ្មោះល្បីក៏ដោយ។
 
ទី៥) រងសម្ពាធពីប្រធាន៖ បុគ្គលិកធ្វើការដោយគ្មានសេរីភាព។ អ្វីៗត្រូវតែធ្វើតាមការសម្រេចចិត្តរបស់ប្រធានគ្រប់ជំហ៊ាន ហើយប្រធានដាក់ការងារពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនទៀតនោះ នោះបុគ្គលិកម្នាក់ៗពិតជាមិនអាចទ្រាំនៅនឹងកន្លែងដដែលបានទៀតឡើយ។ ពួកគេច្បាស់ជារត់ទៅរកស្ថាប័នថ្មីជាពុំខាន។ 
 
ទី៦) ខ្វះភាពជាគំរូ៖ ប្រធានស្ថាប័នមិនមែនជាជនគំរូ(Role Model)សម្រាប់បុគ្គលិកថ្នាក់ក្រោម មានន័យថា បុគ្គលិកថ្នាក់ក្រោមគិតថា ពួកគេមិនអាចសិក្សា ឬរៀនសូត្រអ្វីថ្មីពីប្រធានរបស់គេបាន និងទី៧) ខ្វះគោលការណ៍៖ ស្ថាប័នខ្លះដំណើរការដោយគ្មានរចនាសម្ព័ន្ធ គ្មានច្បាប់ទម្លាប់ត្រឹមត្រូវ និងខ្វះតម្លាភាព។  ស្ថាប័នដំណើរការដោយការសម្រេចចិត្តរបស់ប្រធានតែម្នាក់៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com