អន្តរជាតិ
តួកគី និងអេហ្ស៊ីប ផ្តើមភ្ជាប់ទំនាក់ទំនងការទូតគ្នាឡើងវិញ ក្រោយប្រេះស្រាំតាំងពីឆ្នាំ២០១៣
12, Mar 2021 , 11:29 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu
រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu
តួកគី និងអេហ្ស៊ីប បានចាប់ផ្តើមពិភាក្សាពីទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញ បើគិតចាត់ពីការកាត់ផ្តាច់នៅឆ្នាំ២០១៣មក។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu កាលពីថ្ងៃសុក្រ។

 
ប្រទេសដែលមានឥទ្ធិពលក្នុងតំបន់ទាំងពីរ បានបែរខ្នងដាក់គ្នាដោយសាររឿងរ៉ាវជាច្រើន ក្នុងនោះមានសង្គ្រាមនៅលីប៊ី ដោយមានការគាំទ្រក្រុមរៀងៗខ្លួន។ កាន់តែទៅឆ្ងាយពីគ្នាបន្ថែមទៀតនោះ គឺគិតចាប់តាំងពីរដ្ឋប្រហារដែលដឹកនាំដោយលោក Abdel Fattah al-Sisi ដើម្បីទម្លាប់មេដឹកនាំអ៊ីស្លាមនៅអេហ្ស៊ីប Mohamed Morsi ចេញពីតំណែងកាលពីឆ្នាំ២០១៣។
 
យោងតាមការផ្សាយរបស់ AFP លោក Cavusoglu បានអះអាងពីការត្រៀមខ្លួនរបស់រដ្ឋាភិបាលក្រុងអង់ការ៉ា លើការពិភាក្សាកិច្ចព្រមព្រៀងផ្លូវទឹកថ្មីមួយសម្រាប់មីឌីទែរ៉ាណេភាគខាងកើត ជាមួយរដ្ឋាភិបាលក្រុងគែរ។
 
«យើងមានទំនាក់ទំនងជាមួយគ្នាក្រោមក្របខណ្ឌរដ្ឋមន្ត្រីការបរទេសជាមួយអេហ្ស៊ីប ដោយចាប់ផ្តើមពីកម្រិតការទូត»។ នេះបើតាមការលើកឡើងរបស់លោក Cavusoglu ដែលត្រូវបានដកស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu៕
 

© រក្សាសិទ្ធិដោយ thmeythmey.com