អន្តរជាតិ
បាតុករ៣៩នាក់បាត់បង់ជីវិតក្នុងការតវ៉ាម្សិលមិញ ខណៈរោងចក្រចិនត្រូវភ្លើងឆេះ
15, Mar 2021 , 11:59 am        
រូបភាព
មនុស្សយ៉ាងហោចណាស់៣៩នាក់ បានបាត់បង់ជីវិត នៅក្នុងបាតុកម្មទូទាំងមីយ៉ាន់ម៉ានៅថ្ងៃទី១៤ ខែមីនា ដោយក្នុងនោះមានប៉ូលិសម្នាក់ផងដែរ។ នេះគឺជាករណីស្លាប់ច្រើនជាងគេបង្អស់ ចាប់ពីមានបាតុកម្មប្រឆាំងរបបសឹកមក។ រដ្ឋាភិបាលយោធា ក៏បានប្រកាសប្រើច្បាប់អាជ្ញាសឹក នៅក្នុងតំបន់ចំនួនពីរក្នុងក្រុងយ៉ាំងហ្គោនផងដែរ បន្ទាប់ពីមានការដុតរោងចក្ររបស់ចិន។ 

 
ស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ា កាន់តែក្តៅឡើងៗ ខណៈពេលក្រុមបាតុករហាក់មិនបានបង្ហាញជំហរចង់បោះបង់ការតវ៉ាឡើយ។ នៅថ្ងៃទី១៤ ខែមីនា នៅខណ្ឌ Hlaingthaya ក្នុងទីក្រុងយ៉ាំងហ្គោន រោងចក្រចិនជាច្រើនកន្លែង ត្រូវបានជនមិនស្គាល់មុខដុតចោល ដែលបង្កឱ្យរងរបួសជនជាតិចិនជាច្រើននាក់។ ការដុតរោងចក្រចិននេះ ទំនងបណ្តាលមកពីបាតុករមីយ៉ាន់ម៉ាមិនពេញចិត្តនឹងរដ្ឋាភិបាលក្រុងប៉េកាំង ដែលមិនមានអន្តរាគមន៍លើរដ្ឋប្រហារយោធា។ 
 
ស្របពេលរោងចក្រកំពុងតែឆេះ ក្រុមប៉ូលិស បានបាញ់ប្រហារលើក្រុមបាតុករ ដែលកំពុងតវ៉ានៅក្នុងសង្កាត់មួយនេះដែរ។ មនុស្សយ៉ាងហោចណាស់ ២២នាក់ បានបាត់បង់ជីវិតនៅក្នុងខណ្ឌ Hlaingthaya ខណៈតំបន់ផ្សេងទៀតមានអ្នកស្លាប់យ៉ាងហោចណាស់ ១៧នាក់ ដោយក្នុងនោះមានបូលិសមួយរូបផង។ អ្នកស្លាប់សរុបយ៉ាងហោចណាស់ ៣៩នាក់ ដែលជាចំនួនស្លាប់ក្នុងមួយថ្ងៃច្រើនជាងពេលណាទាំងអស់ ចាប់តាំងពីរដ្ឋប្រហារយោធានៅដើមខែកុម្ភៈ មក។ 
 
បើតាមសមាគមជំនួយអ្នកទោសនយោបាយ (AAPP) មកទល់ពេលនេះ មនុស្សច្រើនជាង ២១៥០នាក់ត្រូវបានចាប់ខ្លួន ខណៈច្រើនជាង ៣០០នាក់ ក៏ត្រូវបានដោះលែងវិញដែរ។ 
 
បន្ទាប់ពីហេតុការខាងលើ ស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ា បានចេញមកប្រតិកម្ម។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតចិន បានអំពាវនាវឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ចាត់វិធានការតឹងរ៉ឹងបន្ថែមទៀត និងដាក់ទោសអ្នកដុតរោងចក្រទាំងនោះឱ្យស្របច្បាប់ ដើម្បីធានាពីអាយុជីវិតប្រជាជន និងទ្រព្យសម្បត្តិរបស់ចិន។
 
យ៉ាងណាមិញ សេចក្តីថ្លែងការណ៍ខាងលើ បានធ្វើឱ្យប្រជាជនមីយ៉ាន់ម៉ា មិនពេញចិត្តយ៉ាងខ្លាំង។ នៅលើបណ្តាញសង្គមFacebook ប្រជាជនមីយ៉ាន់ម៉ាខ្លះ បានលើកឡើងថា បើចង់រកស៊ីនៅមីយ៉ាន់ម៉ា ចិនត្រូវតែគោរពប្រជាជនមីយ៉ាន់ម៉ាជាមុនសិន។ គណនី Facebook ផ្សេងទៀត បានអំពាវនាវឱ្យបាតុករមីយ៉ាន់ម៉ា បន្តបាតុកម្មប្រឆាំងក្រុមយោធាបន្ថែមទៀត ទោះការបាញ់សម្លាប់ពីសំណាក់ក្រុមប៉ូលិសនៅតែបន្តកើតឡើងក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
បន្ទាប់ពីការបាញ់ប្រហារ និងដុតរោងចក្រ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រកាសប្រើច្បាប់អាជ្ញាសឹកនៅក្នុងខណ្ឌ Hlaingthaya និង Shwepyitha ដើម្បីគ្រប់គ្រងស្ថានការណ៍នៅក្នុងតំបន់រោងចក្រទាំងពីរនេះ និងការពារដំណើរការរបស់រោងចក្រជាច្រើនផ្សេងទៀត។
 
ស្របគ្នានេះដែរ ប្រេសិតពិសេសអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា លោកស្រី Christine Schraner Burgener ក៏បានថ្កោលទោសរបបសឹកដែរ និងអះអាងថា ភាពសាហាវឃោរឃៅនៅតែបន្តកើតមាន។ លោកស្រីប្រេសិតពិសេស បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ គាំទ្រប្រជាជនមីយ៉ាន់ម៉ា និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមួយនេះ។ 
 
គួររំលឹកថា មុនហេតុការណ៍ខាងលើមួយថ្ងៃ គណៈកម្មាការតំណាងសភាសហភាពមីយ៉ាន់ម៉ា ក៏បានចេញមកអំពាវនាវ ឱ្យប្រជាជនមីយ៉ាន់ម៉ា និងកម្លាំងប៉ូលិសមីយ៉ាន់ម៉ាចូលរួមបាតុកម្មបន្ថែមទៀត ដើម្បីដាក់សម្ពាធលើក្រុមយោធា ដែលបានឆក់អំណាចពីរដ្ឋាភិបាលស៊ីវិល និងឈប់បម្រើផលប្រយោជន៍ឱ្យមនុស្សមួយក្តាប់តូចទាំងនោះ៕
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com