ពីនេះ ពីនោះ
កូវីដ-១៩ សូមអង្វរឲ្យផ្អាករៀបចំពិធីនានាសិនទៅ…!
15, Mar 2021 , 12:05 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយសារតែការរីករាលដាលនៃមេរោគកូវីដខ្លាំងពេក។ សំណាង និងសុធីរ ផ្អាកទៅក្រេបកាហ្វេរួមគ្នាមួយរយៈ។ ប៉ុន្តែ ក្លើទាំងពីរនៅតែទំនាក់ទំនងជជែកគ្នាតាមបណ្តាញសង្គមដដែល។ នៅថ្ងៃនេះ មិត្តសំឡាញ់ទាំងពីរជជែកគ្នាពីរឿងការបន្តរៀបចំពិធីនានាក្នុងពេលដែលមេរោគកូវីដវាយលុកកាន់តែខ្លាំង។


 
សុធីរ៖ អា សំណាង បើឆ្លងច្រើនម្លឹងៗហើយ អ្នកខ្លះនៅតែរៀបចំពិធីធ្វើស្អីទៀត? 
 
សំណាង៖ រឿងរបស់គេ គេគិតថា វាសំខាន់។ 
 
សុធីរ៖ សំខាន់ជាងសុខភាពសាធារណៈទៅទៀតឬ? 
 
សំណាង៖ អញមិនដឹងទេ អញគ្រាន់តែគិតលេងជំនួសគេតើ! អ្ហែងកុំស្តីឲ្យអញអី។ បើតាមយោបល់អញ គួរបញ្ឈប់ ឬផ្អាកគ្រប់កម្មវិធី និងពិធីនានាទាំងអស់តែម្តងទៅ ព្រោះវាកំពុងតែឆ្លងខ្លាំងណាស់។ 
 
សុធីរ៖ អញខឹងដែរហ្នឹង។ រឿងគ្រួសារខ្លួនឯងសោះ ពេលខ្លះ បង្ករឿងរ៉ាវដល់សង្គមធំណាស់ណ៎ា។ អ្នករៀបចំគួរតោងយល់បញ្ហានេះ។ រឿងឆ្លងនេះ គឺជារឿងសមូហភាព។ រឿងរៀបចំពិធី វាជារឿងបុគ្គល ឬគ្រួសារទេតើ។ 
 
សំណាង៖ អញក៏យល់ដូចអ្ហែងដែរ។ សូមអង្វរ បើផ្អាក ឬឈប់បានក៏ឈប់សិនទៅ។ រង់ចាំស្ថានការណ៍ល្អប្រសើរ ចាំគ្នារៀបចំឡើងវិញទៅ។ កុំបង្ខំធ្វើនៅពេលនេះដែលសកម្មភាពហ្នឹងអាចបង្កបញ្ហាដល់សង្គម៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com