ជាតិ
ប្រធានសមាគមចិញ្ចឹមសត្វស្នើឲ្យពលរដ្ឋជួយបរិភោគមាន់សាច់ ខណៈមាន់សាច់រាប់ម៉ឺនក្បាលគ្មានអ្នកទិញ
16, Mar 2021 , 8:59 am        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក វេង សាខុន
រូបភាពពីហ្វេសប៊ុកលោក វេង សាខុន
ដោយ:
ភ្នំពេញ៖ លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានស្នើដល់ពលរដ្ឋ ជួយបរិភោគមាន់សាច់ និងទិញសម្រាប់ទំនុកបម្រុង ដល់អ្នកធ្វើចត្តាឡីស័ក ដើម្បីអាចជួយឲ្យមាន់សាច់មានទីផ្សារវិញ ខណៈសព្វថ្ងៃតម្លៃមាន់សាច់ ក្នុងកសិដ្ឋានមានត្រឹម ១ ៥០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម សឹងមិនមានអ្នកទិញផង។

 
ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ លើកទី៣នេះ បានក្លាយជាក្ដីព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់កសិករ ដែលធ្វើឲ្យផលិតកម្មកសិកម្ម មួយចំនួនគ្មានទីផ្សារ ក្រៅតែពីបន្លែ មាន់សាច់របស់កសិកររាប់ម៉ឺនក្បាលក៏កំពុងគ្មានទីផ្សារដែរ។ «ទីផ្សារមាន់សាច់ពិបាកខ្លាំង ដោយការផ្ទុះកូវីដ-១៩ លើកនេះ ខ្លាំងជាងរាល់ដង យើងមានតែស្នើដល់ពលរដ្ឋ ជួយបរិភោគមាន់សាច់។ គួរទិញសម្រាប់ទំនុកបម្រុងដល់អ្នកកំពុងធ្វើចត្តាឡីស័ក ជាការល្អ»។ នេះជាការលើកឡើងរបស់លោក ស៊្រុន ពៅ។
 
ប្រធានសមាគមរូបនេះ បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទយ៉ាងដូច្នេះ៖«ស្ថិតក្នុងស្ថានភាពនេះ សូម្បីក្រសួងកសិកម្មក៏ជួយមិនបានដែរ ហើយយើងមិនដឹងថា ពេលណាកូវីដ-១៩ នឹងធូរស្រាលឡើងវិញ។ ជាដំណោះស្រាយ ខ្ញុំបានស្នើឲ្យក្រសួងកាត់បន្ថយ ការនាំចូលកូនមាន់សាច់ដោយសេរី»។
 
ឆ្លើយតបបញ្ហានេះ ក្រសួងកសិកម្មកំពុងមមាញឹកក្នុងការរកអ្នកមកជួយទិញមាន់សាច់ ដើម្បីដោះស្រាយបញ្ហាជូនកសិករ។ «យើងធ្វើការងារនេះ ច្រើនមកហើយ ដូចជាកាត់បន្ថយការនាំចូលកូនមាន់សាច់។ យើងក៏កំពុងរកមនុស្សមកជួយទិញមាន់សាច់ ដើម្បីជួយកសិករដែរ តែមិនមានអ្នកទិញ»។ នេះជាការបញ្ជាក់របស់លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកសិកម្មសត្វ។
 
បញ្ហាមាន់សាច់គ្មានទីផ្សារនេះ គឺមកពីបញ្ហាកូវីដ-១៩ មិនមែនការនាំចូលមាន់សាច់ពីខាងក្រៅនោះទេ។ «យើងដឹងហើយថា បច្ចុប្បន្នកំពុងរាលដាលខ្លាំងនៃជំងឺកូវីដ-១៩ បានផ្អាកពិធិរៀបមង្គលការ និងពិធីជួបជុំផ្សេងៗ សូម្បីផ្សារក៏មានអ្នកទៅដែរទិញម្ហូបដែរ។ យើងមិនដែលអនុញ្ញាតឲ្យមានការនាំចូលមាន់សាច់នោះទេ»។ នេះជាការបញ្ជាក់របស់ លោក តាន់ ផាន់ណារ៉ា។
 
លោក វើន រតនា អ្នកចិញ្ចឹមមាន់សាច់ នៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល និយាយថា មាន់សាច់សព្វថ្ងៃគ្មានទីផ្សារទេ ធ្វើឲ្យមាន់សាច់ប្រមាណ ១០ម៉ឺនក្បាលក្នុងកសិដ្ឋានរបស់លោកត្រូវនៅសល់។
 
អ្នកចិញ្ចឹមមាន់សាច់រូបនេះ បាននិយាយដូច្នេះ៖«ខ្ញុំមិនបន្ទោសខាងណានោះទេ ព្រោះសព្វថ្ងៃជំងឺកូវីដ-១៩ កំពុងរាលដាលខ្លាំង។ ពីមុនខ្ញុំអាចលក់មាន់សាច់បានថ្លៃជាងនេះប្រមាណ ៥ពាន់រៀលទៅ ៦ពាន់រៀលក្នុងមួយគីឡូក្រាម។ តែពេលនេះសូម្បីមួយគីឡូ ១ ៥០០រៀល ក៏មិនមានអ្នកទិញដែរ»៕ 
 

Tag:
 មាន់សាច់់
© រក្សាសិទ្ធិដោយ thmeythmey.com