ជាតិ
មេសហជីព ស្នើឲ្យរដ្ឋជួយអ្នកសេវាកម្មកម្សាន្ត ដែលកំពុងបាត់ប្រភពចំណូលធ្ងន់ធ្ងរ
15, Mar 2021 , 10:59 pm        
រូបភាព
អ្នកស្រី សែម រតនា និងកូនស្រី អង្គុយនៅមុខបន្ទប់ជួល នៅសង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ThmeyThmey)
អ្នកស្រី សែម រតនា និងកូនស្រី អង្គុយនៅមុខបន្ទប់ជួល នៅសង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ThmeyThmey)
ភ្នំពេញ៖ មេសហជីព ស្នើឲ្យរដ្ឋាភិបាលជួយដល់អ្នកធ្វើការក្នុងវិស័យសេវាកម្មកម្សាន្ត ដែលកំពុងរងការលំបាកកាន់តែធ្ងន់ធ្ងរទៅៗ ខណៈជំងឺកូវីដ-១៩ កំពុងរាតត្បាត ។ អ្នកធ្វើការវិស័យសេវាកម្មកម្សាន្តត្អូញត្អែរថា ពួកគេគ្មានការងារធ្វើ ហើយការងារបន្ទាប់បន្សំក្បែរផ្ទះក៏លែងមាន ព្រោះតែជំងឺកូវីដ-១៩។


អ្នកស្រី សែម រតនា អ្នករត់តុនៅកន្លែងកម្សាន្ត រាត្រីហុងកុង ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ររៀបរាប់ថា ស្ថានភាពកូវីដ-១៩នៃព្រឹត្តិការណ៍២០កុម្ភៈនេះ ធ្វើគ្រួសារខ្លួនកាន់លំបាកខ្លាំងឡើងជាងស្ថានការណ៍កូវីដ-១៩មុនៗ។ អ្នកស្រីថា ទោះកន្លែងការងារផ្អាក ក៏អាចធ្វើការបន្ទាប់បន្សំ ដូចជា បោកខោអាវតាមផ្ទះ និងបកខ្ទឹម ដើម្បីដោះទាល់ដែរ។ ប៉ុន្តែឥឡូវការងារបន្ទាប់បន្សំទាំងនេះ ក៏លែងមាន ព្រោះតែម្នាក់ៗសុទ្ធតែភ័យខ្លាច និងរងគ្រោះដោយសារកូវីដ-១៩។
 
«កន្លែងការងារខ្ញុំគេផ្អាកយូរហើយតាំងពីកូវីដលើកមុន ហើយខ្ញុំទៅសុំគេធ្វើការនៅហាងមួយទៀតជិតគ្នាដែរ ម្ចាស់ហាងមិនឲ្យប្រាក់ខែទេ ចេះតែសុំគេធ្វើទៅដើម្បីបានលុយបន្ថែមពីភ្ញៀវ។ ប៉ុន្តែតែឥឡូវផ្អាកទាំងអស់ ហើយខ្ញុំមិនហ៊ានចេញដើរទៅណាទេ នៅតែផ្ទះនិងទៅទិញម្ហូប ព្រោះឃើញឡានពេទ្យចុះមកផ្ទះគេនៅក្បែរផ្ទះខ្ញុំ។ អ៊ីចឹង ការងារបោកខោអាវឲ្យគេជិតៗផ្ទះក៏អត់មាន គេក៏ខ្លាចយើងក៏ខ្លាច នៅផ្ទះរៀងខ្លួន ហើយខ្ទឹមក៏គ្មានបក ព្រោះកូវីដអ៊ីចឹងគ្មានអ្នកទិញ គេក៏មិនជួលយើងបកខ្ទឹមដែរ»។ នេះបើតាមអ្នកស្រី សែម រតនា ដោយបន្ថែមថា សព្វថ្ងៃចំណូលរបស់ប្ដីអ្នកស្រីក៏ធ្លាក់ចុះ ក្រោយផ្លាស់ប្ដូរពីការងាររោងចក្រ ទៅជួយលើកបន្លែឲ្យគេនៅផ្សារដើមគរ។ 
 
អ្នកស្រី រតនា ដែលមានជំងឺប្រចាំការគ្រួសតំរងនោមនិងរោគបេះដូង បន្តនិយាយទាំងដកដង្ហើមធំ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ខ្លួនព្រួយចិត្តយ៉ាងខ្លាំង ព្រោះអ្នកស្រីត្រូវបង់ថ្លៃបន្ទប់ជួល ទឹក ភ្លើង រួមទាំងបំណុលធនាគារផងដែរ។ ហើយអ្វីដែលធ្វើឱ្យអ្នកស្រីកាន់តែព្រួយចិត្តទៀតនោះ គឺការប្រឈមមុខនឹងជំងឺកូវីដ-១៩ ។ អ្នកស្រី រតនា បានលើកជាឧទាហរណ៍ថា បើចៃដន្យអ្វី ខ្លួននិងប្ដីជាប់ពាក់ព័ន្ធនឹងអ្នកកូវីដ-១៩ ដែលត្រូវធ្វើចត្តាឡីស័កនោះ គឺគ្មានអ្នកមើលថែកូនតូចៗទាំង៣នាក់ឡើយ។ 
 
រីឯ អ្នកស្រី ង៉ែត លីណា ជាអ្នកនៅសង្កាត់ភ្នំពេញថ្មី ធ្វើការផ្នែកបម្រើការងារក្នុងកន្លែងកម្សាន្តហេវិន ក៏អះអាងដែរថា ព្រឹត្តិការណ៍ផ្ទុះកូវីដ-១៩ លើកនេះ ធ្វើឲ្យអ្នកស្រីរងផលប៉ះពាល់យ៉ាងធ្ងន់ ពោលគឺគ្មានការធ្វើ ហើយជំពាក់បំណុលគេកាន់តែច្រើន។ អ្នកស្រី្តបន្តថា សូម្បីតែការងារជូតផ្ទះឲ្យអ្នកជិតខាងដើម្បីដោះស្រាយជីវភាពក៏លែងមាន ព្រោះកូវីដ-១៩កាន់តែរីករាលដាល ខណៈគ្រប់គ្នាកាន់តែភ័យខ្លាចនិងការពារ។ 
 
«អត់ការងារលើកនេះ គឺធ្ងន់ណាស់ ព្រោះបាត់ចំណូលទាំងស្រុង ហើយជំពាក់គេទៀត។ គ្មានលុយបង់ថ្លៃផ្ទះ ក៏ខ្ចីកន្លែមួយទៀត ដើម្បីដោះស្រាយ ហើយនៅមានជំពាក់គេរាយរងទៀត...។ទៅមុខទៀតខ្ញុំមិនដឹងគិតយ៉ាងណាទេ..»។ នេះបើតាមការលើកឡើងរបស់ អ្នកស្រី ង៉ែត លីណា។ 
 
លោកស្រី អ៊ុំ ម៉ានិច អនុប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា បានអះអាងថា អ្នកធ្វើការក្នុងវិស័យសេវាកម្មកម្សាន្តនេះ គឺកំពុងជួបបញ្ហាស្ទើរគ្រប់គ្នា ចាប់តាំងពីផ្ទុះកូវីដ-១៩ដល់បច្ចុប្បន្ន។ បើតាមលោកស្រី ម៉ានិច អ្នកធ្វើការសេវាកម្មកម្សាន្តភាគច្រើន ប្រឈមការឆ្លងកាន់តែខ្លាំង ទោះបីកន្លែងខ្លះបានផ្អាកក៏ដោយ ព្រោះតែភ្ញៀវខ្លះឲ្យអ្នកធ្វើការផ្នែកនេះ ចេញទៅកំដរខ្លួនដល់កន្លែងជួបជុំផ្សេងទៀត ដើម្បីបរិភោគអាហារ។ 
 
«ភ្ញៀវខ្លះឲ្យពួកគាត់(អ្នកធ្វើការសេវាកម្មកមន្សាន្ត) ទៅកំដរហូបអាហារ ហើយគាត់ម្នាក់ពេញជួបភ្ញៀវថ្មីជារៀងរាល់ថ្ងៃ ហើយពេលភ្ញៀវច្រើននាក់ជាក្រុមទៀត, អ៊ីចឹង ទាំងភ្ញៀវនិងអ្នកធ្វើផ្នែកសេវាកម្មកមន្សាន្តគឺប្រឈមការឆ្លងកូវីដ-១៩ដូចគ្នា»។ នេះជាការបញ្ជាក់របស់លោកស្រី ម៉ានិច ដោយបន្ថែមថា ចាប់តាំងពីផ្ទុះកូវីដ-១៩ រដ្ឋាភិបាលមិនទាន់មានការជួយគាំទ្រដល់អ្នកធ្វើការផ្នែកនេះទេ។ 
 
កន្លងមករដ្ឋាភិបាល បានសម្រេចផ្ដល់ថវិកា៤០ដុល្លារដល់កម្មករម្នាក់ក្នុងមួយខែ ក្នុងបរិបទកូវីដ-១៩នេះ។ ប្រាក់ឧបត្ថម្ភនេះ សម្រាប់ជួយកម្មកររោងចក្រ និងអ្នកធ្វើការក្នុងវិស័យទេសចរណ៍។ 
 
ដោយមើលឃើញបញ្ហានេះ ទើបលោកស្រី ម៉ានិច ស្នើឲ្យរដ្ឋាភិបាលជួយដល់អ្នកធ្វើការផ្នែកសេវាកម្មកម្សាន្ត លើកម្រិតណាមួយក៏បាន ដើម្បីសម្រាលបន្ទុករបស់ពួកគេ ដែលកំពុងតែរងគ្រោះកាន់តែធ្ងន់ធ្ងរដោយសារវិបត្តិកូវីដ-១៩។ 
 
«ដំណាក់កាលនេះ មានតែស្នើឲ្យរដ្ឋាភិបាលជួយដល់អ្នកធ្វើការផ្នែកសេវាកម្មកម្សាន្ត គឺជួយសង្គ្រោះផ្នែកណាក៏បាន ដើម្បីសម្រាលបន្ទុកពួកគេ ជាស្បៀងអាហារក៏បាន ព្រោះភាគច្រើនគឺរងផលប៉ះពាល់ ខ្លះបាត់ចំណូលស្ទើរទាំងស្រុងក៏មាន...»។ នេះបើតាមលោកស្រី ម៉ានិច ដែលបន្ថែមថា សមាជិកសេវាកម្មកម្សាន្តនៃសហព័ន្ធសហជីពរបស់លោកស្រី មានប្រមាណ៥០០នាក់ ដែលសុទ្ធតែរងផលប៉ះពាល់ជីវភាព ដោយសារកូវីដ-១៩ ។
 
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននៅឡើយទេ៕
 

Tag:
 សេវាកម្មកម្សាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com