COVID-19
ជាតិ
១០៥នាក់វិជ្ជមានកូវីដ-១៩ ជាករណីថ្មីច្រើនបំផុតដែលប្រកាសប្រចាំថ្ងៃ
16, Mar 2021 , 11:03 am        
រូបភាព
ករណីវិជ្ជមាន៣នាក់នៅមូលដ្ឋានខណ្ឌឫស្សីកែវ កាលពីយប់ឈានចូលថ្ងៃទី១៥ ខែមីនា។ រូបថត ហ្វេសប៊ុកលោក ជា ពិសី
ករណីវិជ្ជមាន៣នាក់នៅមូលដ្ឋានខណ្ឌឫស្សីកែវ កាលពីយប់ឈានចូលថ្ងៃទី១៥ ខែមីនា។ រូបថត ហ្វេសប៊ុកលោក ជា ពិសី
ដោយ: ថ្មីៗ
មនុស្សចំនួន១០៥នាក់បន្ថែមទៀត មានលទ្ធផលវិជ្ជមានកូវីដ-១៩ ។ នេះ​បើតាម​សេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃអង្គារ ទី១៦ ខែមីនា។ ការបន្តកើន​ឡើងនេះ នាំឲ្យកម្ពុជាមានអ្នកកើតកូវីដ-១៩ សរុបចំនួន១៤៣០នាក់ ដោយ៩១៥នាក់ ពាក់ព័ន្ធករណីសហគមន៍២០កុម្ភៈ ដែល​រាលដាលដល់១០រាជធានី-ខេត្ត ផ្តើមពីភ្នំពេញ ដល់កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ចាម កំពង់ធំ សៀមរាប និង​បាត់ដំបង។  ស្របពេលជាមួយគ្នា អ្នកជំងឺ​ចំនួន៨៨នាក់ទៀតបានជាសះស្បើយផងដែរ។



១០៥នាក់ថ្មីសុទ្ធតែជាករណីសហគមន៍២០កុម្ភៈ ក្នុងនោះ​៦៤នាក់នៅខេត្តកណ្តាល ២៩នាក់នៅ​ភ្នំពេញ ៨នាក់នៅព្រះសីហនុ ៣នាក់នៅកោះកុង និង១នាក់នៅព្រៃវែង។

ករណីនៅខេត្តកណ្តាល មានអ្នកជំងឺជាជនជាតិខ្មែរ ចិន ថៃ និង​វៀតណាម ដែលសុទ្ធតែស្ថិតនៅ​ក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ។ នៅភ្នំពេញ ករណីមាននៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន សង្កាត់និរោធ ខណ្ឌច្បារអំពៅ សង្កាត់ត្រពាំងក្រសាំង ខណ្ឌ​ច្បារអំពៅ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ និងសង្កាត់-ខណ្ឌផ្សេងៗទៀត។ នៅព្រះសីហនុ ករណីទាំងអស់ស្ថិតនៅសង្កាត់​លេខ៣ ក្រុងព្រះសីហនុ។ ករណីនៅកោះកុង កើតនៅភូមិកូនកុក ឃុំភ្ញីមាស ស្រុកគិរីសាគរ រីឯ១ករណីនៅព្រៃវែងស្ថិតនៅឃុំព្រែកខ្សាយ ករ ស្រុកពាមរ៍។

រីឯករណី​សះស្បើយ៨៨នាក់ មាន​៥នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ១០នាក់នៅមណ្ឌលសុខភាពចាក់អង្រែ ៣នាក់នៅមន្ទីរពេទ្យបង្អែកជ័យជម្នះខេត្តកណ្តាល ៦៥នាក់នៅសណ្ឋាគារក្រេតឌុក។ រី​ឯ៥នាក់ទៀត ត្រូវបាន​ក្រសួង​សុខាភិបាលបញ្ជាក់ថា បានជាសះស្បើយ​ចាកចេញពីមណ្ឌលចត្តាឡីស័កមុនថ្ងៃបញ្ជូនទៅកាន់​សណ្ឋាគារ​ក្រេតឌុក។ ក្រសួង​សម្រេចដកចំនួនអ្នកជំងឺ​៥នាក់ចេញពីតារាងនៃអ្នកកំពុង​សម្រាកព្យាបាល ដែល​ធ្វើឲ្យចំនួន​អ្នកកំពុងសម្រាកព្យាបាល​មាន​៦០៩នាក់។

មកដល់ពេលនេះ កម្ពុជាមាន​ករណីសរុប​១៤៣០ ក្នុងនោះ​៩១៥ជាករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺ៨១៨នាក់ បានជាសះស្បើយ និងស្លាប់១នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com