ជាតិ
ស្រី្តនគរបាលដែលបំបៅដោះកូននៅស្ទឹងត្រែង ត្រូវបានដំឡើងឋានន្តរស័ក្តិ
16, Mar 2021 , 10:29 pm        
រូបភាព
អ្នកស្រី សុខា ស្រី្តនគរបាលនៅស្រុកសៀមប៉ាង ទទួលអំណោយកាលពីថ្ងៃទី១២មីនា ២០២១។ (រូពពីរដ្ឋបាលខេត្តស្ទឹងត្រែង)
អ្នកស្រី សុខា ស្រី្តនគរបាលនៅស្រុកសៀមប៉ាង ទទួលអំណោយកាលពីថ្ងៃទី១២មីនា ២០២១។ (រូពពីរដ្ឋបាលខេត្តស្ទឹងត្រែង)
ភ្នំពេញ៖ ស្រី្តនគរបាលសណ្ដាប់ធ្នាប់ប្រចាំអធិការដ្ឋានស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង អ្នកស្រី ស៊ីថុង សុខា ដែលបំបៅកូននៅអំឡុងម៉ោងធ្វើការងារ ត្រូវបានដំឡើងឋានន្តរស័ក្តិ ដោយសារការខិតខំបំពេញការងារបានល្អនិងជាការលើកទឹកចិត្តដល់ស្រី្តនគរបាលដទៃទៀត។


ការឡើងឋានន្តរស័ក្តិនេះ កើតក្រោយពីមានការផ្ទុះមតិនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ពីករណីបង្ហោះរូបថតបំបៅកូន ក្នុងសម្លៀបំពាក់មន្រី្តនគរបាលសណ្ដាប់ធ្នាប់ ហើយតម្រូវឲ្យធ្វើកិច្ចសន្យា ក្រោយបង្ហោះរូបនោះ។ លោក ម៉ែន គុង អ្នកនាំពាក្យខេត្តស្ទឹងត្រែងថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃនេះថា ការដំឡើងឋានន្តរស័ក្តិរបស់ស្រី្តនគរបាលអ្នកស្រី ស៊ីថុង សុខា ពីអនុសេនិ៍ទោ(ស័ក្តិ២) ទៅអនុសេនិ៍ឯក(ស័ក្តិ៣) ដោយសារសាមីខ្លួនខិតខំបំពេញការងារ។ ប៉ុន្តែលោកបញ្ជាក់ថា ការឡើងឋានន្តរស័ក្តិនេះ មិនពាក់ព័ន្ធនឹងករណីបំបៅកូនកា លពីពេលថ្មីៗនេះទេ។ 
 
អ្នកនាំពាក្យរូបនេះ ថ្លែងយ៉ាងដូច្នេះថា៖ «ក្រុមការងារស្នើឲ្យថ្នាក់លើដំឡើងឋានន្តរស័ក្ដិគាត់(អ្នកស្រី សុខា) តាំងពីមុនករណីបង្ហោះរូបបំបៅកូន។ ដូចនេះ មិនពាក់ព័ន្ធគ្នាទេ តែហាក់ដូចជាស្របពេលគ្នាដែរ ហើយក្នុងគោលបំណងតែមួយនៃការដំឡើងនេះ គឺដើម្បីលើកកម្ពស់ស្រី្តនគរបាលដែលខិតខំបំពេញការងារ»។ 
ទន្ទឹមនឹងនេះ លោកក៏បញ្ជាក់ថា ស្រី្តនគរបាលផ្សេងទៀត ប្រមាណ៥នាក់ក៏ត្រូវបានដំឡើងឋានន្តរស័ក្តិដែរ។
 
អ្នកស្រី សុខា ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ខ្លួនមានអារម្មណ៍ត្រេកអរនឹងការឡើងឋានន្តរស័ក្តិនេះ ដោយសន្យាខិតខំបំពេញការងារបន្ថែមទៀត។ ស្រី្តនគរបាលរូបនេះ បានលើកទឹកចិត្តឲ្យស្រី្តដទៃទៀត ត្រូវគិតថា គ្រប់ការងារគឺមានភាពស្មើគ្នា មិនមែនបែងចែកជាបុរស ឬស្រី្តឡើយ។ 
 
លោកស្រី សុខា ថ្លែងយ៉ាងដូច្នេះថា៖ «គ្រប់ការងារ ស្មើភាពគ្នា មិនត្រូវគិតបុរសឬស្រី្តឡើយ។ ហើយខ្ញុំក៏សូមលើកទឹកដល់ស្រី្តជាម្ដាយគ្រប់រូបត្រូវព្យាយាមបំបៅកូនដោយទឹកដោះ បើមានពេលគឺបំបៅដល់កូនអាយុ២ឆ្នាំ ដើម្បីសុខភាពកូន»៕ 
 

Tag:
 ស្រី្តនគរបាល
  ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com