ជាតិ
កម្ពុជា ទិញវ៉ាក់សាំងកូវីដ-១៩ ជាង១,៥លានដូសទៀត ដើម្បីពន្លឿនការចាក់ជូនពលរដ្ឋ
17, Mar 2021 , 8:29 pm        
រូបភាព
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា។ រូបពី SPM
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា។ រូបពី SPM
ភ្នំពេញ៖ កម្ពុជា ទិញវ៉ាក់សាំងកូវីដ-១៩ ជាង១,៥លានដូសទៀត ដើម្បីពន្លឿនការចាក់ជូនពលរដ្ឋ។ នេះបើតាមសារពិសេសជាង១៧នាទី របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៦ មីនា។



សម្ដេច ហ៊ុន សែន បានអះអាងថា កម្ពុជាបានចុះកិច្ចសន្យាទិញវ៉ាក់សាំងកូវីដ-១៩ ជាង១លានដូសនេះហើយ ដើម្បីឲ្យស្របតាមផែនការចាក់ជូនពលរដ្ឋ ក្នុងរង្វង់ពី១០ទៅ១៣លាននាក់។ សម្ដេច ក៏បានកំណត់មុខសញ្ញាអាទិភាពដល់គ្រូបង្រៀន កម្មកររោងចក្រ និងអ្នកធ្វើប្រកបរបរក្រៅប្រព័ន្ធជាដើម ដែលអាចចាក់វ៉ាក់សាំងកូវីដ-១៩នេះ ។ 
 
សារសំឡេងសម្ដេច ហ៊ុន សែន បានបញ្ជាក់ដូច្នេះ៖ «យើងត្រូវចាក់ឲ្យពលរដ្ឋយើងក្នុរង្វង់១០ទៅ១៣លាននាក់។ ឥឡូវយើងសង្វាតទៅទិញ យើងបានចុះកុងត្រា បើតាមដែលយើងអាចទទួលបានព័ត៌មាន នឹងមកដល់១លាន៥សែនដូសនៅពេលខាងមុខនេះ ហើយបន្តបន្ទាប់នឹងមកដល់ដូចជា Sinopharm ក៏នៅសល់, ស៊ីណូវ៉ាក់ក៏នឹងមកដល់ជាង១លាន៥សែនដូសបន្ថែមទៀត, Astra Zeneca ក៏នឹងបន្តបន្ទាប់ ហើយយើងក៏នឹងស្វះស្វែងដើម្បីរកទិញ Johnson & Johnson របស់អាមេរិកផងដែរ»។ 
 
ជាមួយគ្នាដែរ លោកស្រី ឱ វណ្ណឌីន ត្រូវបានសម្ដេច ហ៊ុន សែន តែងតាំងឲ្យធ្វើជាប្រធានគណៈកម្មការចំពោះកិច្ច ទទួលបន្ទុកចាត់ចែង ដឹកនាំ និងគ្រប់គ្រងកម្មវិធីចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។
 
គិតត្រឹមថ្ងៃទី១៧ មីនា មន្ត្រីរាជការ កងទ័ព និងពលរដ្ឋកម្ពុជា ជិត៣០ម៉ឺននាក់ហើយ បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ។
 
មកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ សរុបចំនួន ១៥០៥នាក់ ដោយ៩៩០នាក់ ពាក់ព័ន្ធករណីសហគមន៍២០កុម្ភៈ។ អ្នកជាសះស្បើយមានសរុប ៨៤០នាក់ ករណីស្លាប់១នាក់ ខណៈអ្នកជំងឺ ៦៦២នាក់ទៀត កំពុងបន្តការព្យាបាល នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋនានា៕
 

Tag:
 វ៉ាក់សាំង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com