ជាតិ
អាជ្ញាធរហាមរថយន្តធុនធ្ងន់បើកចូលបរិវេណរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក
19, Mar 2021 , 11:41 am        
រូបភាព
ភ្នំពេញ៖ អាជ្ញាធរជាតិសំបូរព្រៃគុក ហាមមិនឲ្យរថយន្តធុនធ្ងនគ្រប់ប្រភេទ ចូលបរិវេណរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកឡើយ ដើម្បីថែរក្សាការពារនូវតម្លៃដ៏វិសេសវិសាលនៃមរតកដូនតា និងរក្សាសុវត្ថិភាពភ្ញៀវទេសចរ សោភ័ណភាព សណ្ដាប់ធ្នាប់ រួមទាំងប្រាសាទដែលជាប់នឹងផ្លូវ។


អាជ្ញាធរជាតិសំបូរព្រៃគុក បានបញ្ជាក់កាលពីថ្ងៃទី១៧ មីនាថា ការហាមឃាត់នេះ នឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះតទៅ។ បើតាមអាជ្ញាធរជាតិសំបូរព្រៃគុក រថយន្តធុនធ្ងន់ទាំងអស់ត្រូវធ្វើចរាចរណ៍តាមផ្លូវវាង តាមឃុំជ័យ ស្រុកកំពង់ស្វាយ ទៅចុងភូមិសំបូរ ស្រុកប្រាសាទសំបូរ។ អាជ្ញាធរជាតិសំបូរព្រៃគុកក៏បានអំពាវនាវដល់សាធារណជន និងម្ចាស់រថយន្តធុនធ្ងន់ទាំងអស់ ចូលរួមអនុវត្តតាមសេចកក្ដីសម្រេចខាងលើ ដើម្បីថែរក្សាសោភ័ណភាពនិងសុវត្ថិភាពប្រាសាទ។
 
ប្រាសាទសំបូរព្រៃគុក កសាងឡើងនៅក្នុងសតវត្សរ៍ទី ៧ ក្នុងរជ្ជកាលស្តេច ឥសានវរ្ម័ន ក្នុងសម័យចេនឡា។ បច្ចុប្បន្ន តំបន់ប្រាសាទនេះ ក្លាយជារមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ ដែលស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ មានចម្ងាយប្រមាណ៣៧គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ។ តំបន់ប្រាសាទសំបូរព្រៃគុក មានចំនួន២៩១ប្រាសាទ ដែលបែងចែងជាបីក្រុមសំខាន់ គឺក្រុមប្រាសាទកណ្ដាល , ក្រុមប្រាសាទខាងត្បូង និងក្រុមប្រាសាទខាងជើង។ នេះបើតាមក្រសួងវប្បធម៌៕
 

Tag:
 រថយន្ត
  ប្រាសាទសំបូរព្រៃគុក
© រក្សាសិទ្ធិដោយ thmeythmey.com