ជាតិ
អ្នកបើកបរយានយន្ត១៤នាក់ ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុពិន័យ ព្រោះគេចវេះពីប៉ុស្តិ៍ត្រួតពិនិត្យ
19, Mar 2021 , 5:37 pm        
រូបភាព
ម្ចាស់រថយន្តដែលព្យាយាមគេចវេះពីប៉ុស្តិ៍ត្រួតបិនិត្យចត្តាឡីស័កនៅថ្ងៃទី១៧មីនា ២០២១។(រូបពីរដ្ឋបាលខេត្តព្រះសីហនុ)
ម្ចាស់រថយន្តដែលព្យាយាមគេចវេះពីប៉ុស្តិ៍ត្រួតបិនិត្យចត្តាឡីស័កនៅថ្ងៃទី១៧មីនា ២០២១។(រូបពីរដ្ឋបាលខេត្តព្រះសីហនុ)
ភ្នំពេញ៖ អាជ្ញាធរខេត្តព្រះសីហនុ បានពិន័យអ្នកបើកយានយន្ត១៤នាក់ហើយ ដែលព្យាយាមគេចវេះពីប៉ុស្តិ៍ត្រួតពិនិត្យនិងនាំពលរដ្ឋចេញពីខេត្ត ដោយពុំមានភាពចាំបាច់។ នេះបើតាមលោក ឃៀង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ។ --
 
លោក ឃៀង ភាម្យ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ (ThmeyThmey) ថា អាជ្ញាធរស្រុកព្រៃនប់ បានពិន័យម្ចាស់រថយន្ត និង ម៉ូតូគ្រប់ប្រភេទ១៤ករណី គិតត្រឹមថ្ងៃទី១៩ មីនា។ មូលហេតុដែលអាជ្ញាធរពិន័យម្ចាស់យានយន្តទាំង១៤នាក់នោះ ដោយសារគេចវេះពីការត្រួតពិនិត្យនិងនាំពលរដ្ឋចេញពីខេត្ត។ បើតាមអាជ្ញាធរខេត្តព្រះសីហនុ ពួកគេត្រូវពិន័យតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ដែលនឹងពិន័យពី១លានដល់១០លានរៀល។
 
«ពួកគេទាំងនោះ គេចពីប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ហើយខ្លះលាក់បំពួនពលរដ្ឋក្នុងរថយន្ត ហើយខ្លះកុហកថាបងប្អូន ដើម្បីចេញក្រៅខេត្ត។ យើងបិទការចេញចូលនេះ ដើម្បីការពារសុវត្ថភាព ហើយសម្រាប់អ្នកដែលអនុញ្ញាតឲ្យចេញចូលគឹត្រូវវាស់កម្ដៅ សួរនាំតាមវិធានការសុខាភិបាល»។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យខេត្តព្រះសីហនុ ដោយបន្ថែមថា រដ្ឋបាលខេត្តអនុញ្ញាតឲ្យតែរថយន្តដឹកទំនិញ រថយន្តសង្គ្រោះបន្ទាន់ ឬពលរដ្ឋណាពិតជាមានភាពចាំបាច់ផ្ទាល់ខ្លួនចេញពីខេត្តប៉ុណ្ណោះ ក្រោយពិនិត្យនិងសាកសួរពីសំណាកអាជ្ញាធរ។ 
 
បើតាមលោក ឃៀង ភារម្យ អ្នកទាំង១៤នោះ កំពុងស្ថិតក្នុងនីតិវិធីនៃច្បាប់មិនទាន់មាននរណាម្នាក់បញ្ជូនទៅតុលាការនោះទេ ហើយពេលនេះ សមត្ថកិច្ចទុកពេលឲ្យ៣០ថ្ងៃ ក្នុងការបង់ប្រាក់ពិន័យ។  
 
យោងតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មាត្រា១០ ចែងថា ជនណាមិនគោរពវិធានការរដ្ឋបាលដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត នឹងត្រូវពិន័យពី១លានរៀល ទៅ ៥លានរៀល។ លើសពីនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ និងពិន័យ២លានរៀលទៅ១០លានរៀល បើអំពើខាងលើនេះបណ្ដាលឱ្យមានការឆ្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។ ជាមួយគ្នាដែរ បើអំពើខាងលើនេះ បណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យ៥លានរៀល ទៅ២០លានរៀល។
 
សូមជម្រាបថា រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសសម្រេចផ្អាកអាជីវកម្មសេវាដឹកជញ្ជូនអ្នកធ្វើដំណើរគ្រប់ប្រភេទ កាលពីថ្ងៃទី៤មីនា ។ ចំពោះពលរដ្ឋដែលកំពុងនៅខេត្តព្រះសីហនុ ត្រូវផ្អាកធ្វើដំណើរចេញ-ចូលមួយរយៈផងដែរ។ ចំណែករថយន្តដឹកទំនិញ ដែលត្រូវបានអនុញ្ញាតចេញ-ចូល គឺកម្រិតឲ្យមានតែមនុស្ស២នាក់ប៉ុណ្ណោះ។ ការអនុវត្តបែបនេះ រហូតទាល់តែមានសេចក្ដីជូនដំណឹងថ្មី ពីរដ្ឋបាលខេត្តព្រះសីហនុ៕ 
 

Tag:
 ប៉ុស្តិ៍ត្រួតពិនិត្យ
© រក្សាសិទ្ធិដោយ thmeythmey.com