ជាតិ
ទន្សោង១ក្បាល និងត្រយងយក្ស២ទៀត ស្លាប់ក្នុងដែនជម្រកសត្វព្រៃខេត្តព្រះវិហារ
21, Mar 2021 , 5:02 pm        
រូបភាព
សត្វទន្សោង១ក្បាល និងសត្វត្រយងយក្ស២ក្បាលទៀត រកឃើញស្លាប់ក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ។ សត្វទាំង២ប្រភេទនេះ ត្រូវបានសម្លាប់ដោយព្រានព្រៃ បន្សល់ទុកតែគ្រោងឆ្អឹង ស្បែក និងជើងសត្វទន្សោងប៉ុណ្ណោះ ចំណែកឯសត្វត្រយង បានជាប់អន្ទាក់ ស្លាប់លើមែកឈើ។



នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ គ្រោងឆ្អឹង ស្បែក និងជើងសត្វទន្សោង១ក្បាល ត្រូវបានក្រុមល្បាតសហគមន៍ រកឃើញនៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ស្ថិតក្នុងឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ។ ជាមួយគ្នានេះ ក្រុមល្បាតសហគមន៍ ភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ក៏បានប្រទះឃើញសត្វត្រយងយក្ស២ក្បាលទៀត ស្លាប់ដោយសារអន្ទាក់ព្រានព្រៃ ក្នុងដែនជម្រកសត្វព្រៃឆែប ផងដែរ។ នេះបើតាមការផ្សាយរបស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS)។ 

 រូបភាពគ្រោងឆ្អឹង សត្វទន្សោង ក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ពីអង្គការ WCS

ការស្លាប់របស់សត្វទាំង២ប្រភេទនេះ គឺជារឿងដ៏សោកស្ដាយមួយ ព្រោះជាប្រភេទសត្វកម្រ ជិតផុតពូជ និងងាយរងគ្រោះផងដែរ។ សត្វត្រយងយក្ស ដែលមានឈ្មោះវិទ្យាសាស្រ្តហៅថា (Thaumatibis gigantea) ជាបក្សីនិមិត្តរូបនៃប្រទេសកម្ពុជា ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុតលើពិភពលោក និងត្រូវការពារក្នុងប្រទេសកម្ពុជាថែមទៀតផង។ នេះបើតាម (WCS)។ កន្លងមក សត្វត្រយងយក្ស ភាគច្រើនមានវត្តមានក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបច្ចុប្បន្នមានតែនៅប្រទេសកម្ពុជា ប្រមាណតិចជាង៣០០ក្បាលប៉ុណ្ណោះ។ 

 រូបភាពពីអង្គការ WCS​

ចំណែកឯសត្វទន្សោងវិញ ក៏ត្រូវបានអង្គការ IUCN កត់ត្រាក្នុងបញ្ជីប្រហមថាជា ប្រភេទសត្វជិតផុតពូជលើពិភពលោកដែរ ព្រោះវាបានថយចុះខ្លាំងអំឡុងពេល៣០ឆ្នាំចុងក្រោយនេះ។ ការថយចុះសត្វប្រភេទនេះ ដោយសារពួកវាបាត់បង់ទីជម្រក និងរងការគំរាមកំហែងពីការបរបាញ់ យកសាច់ និងស្នែងរបស់ព្រានព្រៃ។ អង្គការ IUCN បង្ហាញទិន្នន័យចំនួនសត្វទន្សោងនៅសល់ប្រមាណ៤ពាន់ក្បាលប៉ុណ្ណោះលើពិភពលោក ហើយបច្ចុប្បន្នកម្ពុជា មានសត្វទន្សោងប្រមាណ១៥០០ក្បាលផងដែរ។ នេះបើតាមការផ្សាយរបស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) ដដែល។

 រូបភាពសាកសពសត្វត្រយង ក្នុងដែនជម្រកសត្វព្រៃឆែប ពីអង្គការ WCS

បន្ថែមពីលើនេះ ក្រសួងបរិស្ថាន និងអង្គការដៃគូរ ក៏បានអំពាវនាវដល់ពលរដ្ឋគ្រប់រូប ឲ្យចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ ពិសេសអភិរក្សសត្វព្រៃកម្រទាំងនេះ ដើម្បីបន្តឲ្យក្មេងជំនាន់ក្រោយបានឃើញ និងស្គាល់។ ក្រសួង ក៏ស្នើដល់អាជ្ញាធរមូលដ្ឋាន ឲ្យបន្តផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ ដើម្បីអភិរក្សព្រៃឈើ និងសត្វព្រៃកម្រឲ្យបានគង់វង្សថែមទៀត៕
 
 
 

Tag:
 សត្វទន្សោង
 សត្វត្រយងយក្ស
 ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com