ជាតិ
សម្ដេច ស ខេង បញ្ជាឲ្យមន្រី្តពន្ធនាគារពង្រឹងវិធានការកូវីដ-១៩ ដល់អ្នកជាប់ឃុំ
24, Mar 2021 , 11:48 am        
រូបភាព
ភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ឲ្យមន្រី្តពន្ធនាគារបង្កើនការយកចិត្តទុកដាក់ និងពង្រឹងវិធានការនានា ដើម្បីបង្ការកូវីដ-១៩ ស្របពេលអ្នកឆ្លងកូវីដ-១៩ បន្តកើនឡើងជាលំដាប់។


 
រដ្ឋមន្រី្តក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំ កាលពីថ្ងៃទី២៣មីនា ដល់ថ្នាក់ដឹកនាំមន្រី្តនគរបាលជាតិ រាជការស៊ីវិល និងពន្ធនាគារ នៃក្រសួងមហាផ្ទៃ ឲ្យពង្រឹងវិធានការនានារបស់រដ្ឋាភិបាល។ មន្រី្តទាំងអស់ ត្រូវប្រកាន់ខ្ជាប់ខ្ជួននូវវិធានការ ៣ការពារនិង៣កុំ។ ជាពិសេសអនុវត្តឲ្យបានម៉ឹងម៉ាត់នូវច្បាប់ស្ដីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ។ 
 
សម្ដេច ស ខេង បានសង្កត់ធ្ងន់ថា៖ «អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងការអនុវត្តវិធានការសុខាភិបាលនានា ការថែរក្សាសុខភាព និងអនាម័យចំពោះជនជាប់ឃុំ ដើម្បីបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩​ ដល់មន្រី្តអនុរក្សពន្ធនាគារ និងជនជាប់ឃុំទាំងអស់ នៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនានាទូទាំងប្រទេស»។ 
 
បន្ថែមពីនេះសម្ដេច ស ខេង ក៏បានណែនាំឲ្យអង្គភាពកងកម្លាំងនគរបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងវិធានការសុខាភិបាល ដល់មន្រី្តនគរបាលនៅកន្លែងការងារ និងគ្រួសារផងដែរ។ 
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ សរុប១,៨១៧នាក់ ក្នុងនោះ១,២៩៣នាក់ ស្ថិតក្នុងសហគមន៍២០កុម្ភៈ។ អ្នកជាសះស្បើយសរុបមាន១,០៣៣នាក់ និងស្លាប់មាន៥នាក់។មនុស្ស៧៧៧នាក់ ទៀតកំពុងបន្តសម្រាកព្យាបាល។ 
 
ករណីសហគមន៍២០កុម្ភៈ មាននៅរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង កោះកុង កំពង់ធំ សៀមរាប កំពង់ចាម តាកែវ ស្វាយរៀង បាត់ដំបង កែប និងត្បូងឃ្មុំ ៕
 

Tag:
 ពន្ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com