COVID-19
អន្តរជាតិ
ប្រទេស១៣៨ហើយ បានផ្ដល់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជន
26, Mar 2021 , 9:29 pm        
រូបភាព
ការចាកវ៉ាក់សាំងនៅស៊ីលី។ រូបថត Xinhua
ការចាកវ៉ាក់សាំងនៅស៊ីលី។ រូបថត Xinhua
យ៉ាងហោចណាស់មានប្រទេសចំនួន ១៣៨ ហើយ បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ ស៊ីលី ដែលនៅអាមេរិកខាងត្បូង ជាប្រទេសដែលបានមានល្បឿនចាក់វ៉ាក់សាំងឱ្យប្រជាជន ខ្លួនលឿនក្នុងចំណោមប្រទេសដែលមានចំនួនប្រជាជនច្រើនជាង១លាននាក់។


យោងតាមការវិភាគរបស់ទីភ្នាក់ងារព័ត៌មាន Reuters លើទិន្នន័យវ៉ាក់សាំងដែលប្រមូលដោយ សាកលវិទ្យាល័យ Oxford ឈីលី បានចាក់វ៉ាក់សាំងប្រចាំថ្ងៃជាមធ្យមប្រមាណ២៤៦,២៩២ដូស ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។ 
 
គិតត្រឹមថ្ងៃទី២៤ ខែមីនា ស៊ីលីបានចាក់វ៉ាក់សាំងឱ្យប្រជាជនប្រមាណជាង ២៣,៩ភាគរយនៃ ប្រជាជនសរុប ដោយប្រើរយៈពេលត្រឹមតែជាង១ខែប៉ុណ្ណោះ ខណៈប្រទេសនេះចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងតាំងពីដើមខែកុម្ភៈមក។ ប្រទេសដែលស្ថិតនៅទ្វីបអាមេរិកខាងត្បូងមួយនេះ មាន ផែនការចាក់វ៉ាក់សាំងឱ្យបាន៨០ភាគរយនៃប្រជាជនខ្លួននៅត្រឹមខែឧសភា។
 
បើទោះបីជាមានសន្ទុះក្នុងការចាក់វ៉ាក់សាំងលឿនក៏ដោយ ប្រទេសនេះក៏នៅតែប្រឈមនឹងការឆ្លង យ៉ាងច្រើនជារៀងរាល់ថ្ងៃ ជាមួយនឹងករណីស្លាប់ ជាង២ម៉ឺនករណីផងដែរ។ នេះបើតាមប្រភពព័ត៌មាន ដដែល។ 
 
ដូចដឹងស្រាប់ បណ្តាប្រទេសអ្នកមាន និងអភិវឌ្ឍ តែងតែមានឱកាសល្អប្រសើរក្នុងការទទួលបាន វ៉ាក់សាំង ជាងបណ្តាប្រទេសអ្នកក្រ ដ្បិតខណៈពួកគេមានធនធានច្រើន និងហេដ្ឋារចនាសម្ពន្ធ សុខាភិបាលដែលមានប្រសិទ្ធភាព។ ស៊ីលី ក៏ស្ថិតនៅក្នុងចំណោមប្រទេសអ្នកមានដែលជាប់ក្នុង តារាងវាយតម្លៃការចាក់វ៉ាក់សាំងបានច្រើនហើយបានឆាប់រហ័ស បើធៀបនឹងបណ្តាប្រទេសដទៃក្នុង ពិភពលោក។ 
 
ក្នុងចំណោមប្រទេស១៣៨ដែលចាក់វ៉ាក់សាំង បុគ្គលកចំនួន៦២ភាគរយដែលទទួលបានវ៉ាក់សាំង ដូសទីមួយយ៉ាងតិច មកពីប្រទេសមានចំណូលខ្ពស់។ បន្ថែមពីលើនោះ អ្នកបានវ៉ាក់សាំងប្រមាណ ៦០ភាគរយ មកពីតំបន់អឺរ៉ុប និងអាមេរិកខាងជើង៕
 

Tag:
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com