កីឡាអន្តរជាតិ
អន្តរជាតិ
អតីតអ្នកចាំទីអ៊ីតាលី និង AC Milan ថា Diallo របស់ Man Utd អាចឈ្នះ Ballon d'Or នៅ៥ឆ្នាំទៀត
26, Mar 2021 , 10:29 pm        
រូបភាព
ដោយ៖ជា យូគៀង
Amad Diallo ខ្សែបម្រើវ័យក្មេង Manchester United នឹងអាចឈ្នះ Ballon d’Or ក្នុងរយៈពេល៥ឆ្នាំទៀត។ លោក Giovanni Galli អតីតអ្នកចាំទី AC Milan និងជម្រើសជាតិអ៊ីតាលីហ៊ានអះអាងដូច្នេះ។



Amad កីឡាករអន្តរជាតិកូតឌីវ័រ បានចាប់ផ្តើមបង្ហាញឥទ្ធិពលគួរចាប់អារម្មណ៍ បន្ទាប់ពីបានចូលរួមជាមួយបិសាចក្រហម ពី Atalanta កាលពីខែមករាមក។ ខ្សែបម្រើវ័យ១៨ឆ្នាំរូបនេះ ថែមទាំងរកបានគ្រាប់ដំបូងក្នុងការបង្ហាញខ្លួនលើកដំបូងឱ្យក្រុមលោក Ole Gunnar Solskjær ផងដែរ។
 
ការរំពឹងថា Amad នឹងអាចប្រជែងយក Ballon d’Or ក្នុងអំឡុងពេល៥ឆ្នាំទៀតបែបនេះ ដោយសារ Giovanni Galli ដែលជាអ្នកនាំ Amad ទៅចូលរួមជាមួយឈុតយុវជនរហូតឡើងទៅឈុតធំ Atalanta មើលឃើញពីទេពកោស្យរបស់គេនៅលើទីលាន។
 
លោក Galli សញ្ជាតិអ៊ីតាលី វ័យ៦២ឆ្នាំបាននិយាយថា៖ «Amad គឺជាកីឡាករម្នាក់ដ៏អស្ចារ្យ ក៏ប៉ុន្តែរូបគេត្រូវតែធ្វើឲ្យខ្លួនឱ្យរឹងមាំបន្ថែមទៀត។ ក្នុងពេលជាមួយគ្នានេះ Amad ត្រូវប្រាកដថានឹងមិនត្រូវបាត់បង់ឬក៏ថមថយល្បឿនរបស់គេឡើយ ដែរនេះជាចំណុចសំគាល់សំខាន់សម្រាប់គេផ្ទាល់ និងខុសពីគេដដៃទៀត។ និយាយឲ្យខ្លី ខ្ញុំគិតថា Amad មានគុណសម្បត្តិទាំងអស់ដើម្បីធ្វើជាបេក្ខជនសម្រាប់ពាន់រង្វាន់ Ballon d’Or »។
 
ដោយឡែកការបង្ហាញខ្លួនរបស់ Amad ពេលទល់នឹងក្រុម AC Milan នៅ Europa League បានធ្វើឲ្យរូបគេបង្ហាញខ្លួនជាលើកដំបូងជាកីឡករវ័យក្មេងដែរមានសមត្ថភាពក្នុងវិស័យបាល់ទាត់ ហើយត្រូវបានក្រុមជម្រើសជាតិកូតឌីវ័រកោះហៅទៅចូលរួមក្រុមទៀតផង។ 
 
គួរបញ្ជាក់ផងដែរថាកីឡាករវ័យ ១៨ ឆ្នាំ Amad Diallo នឹងត្រូវចូលរួមជាមួយក្រុមកូតឌីវ័រ ដែលត្រូវប្រកួតជម្រុះ World Cup ក្នុងតំបន់អាហ្វ្រិកនៅរាត្រីថ្ងៃទី២៦ ខែមីនានេះ ជាមួយប្រទេសនីហ្សេរីយ៉ា៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com