ជាតិ
ទណ្ឌិតជាង៥០០នាក់ នឹងត្រូវវាយតម្លៃលើការបន្ធូរបន្ថយ និងលើកលែងទោស នាថ្ងៃចូលឆ្នាំខ្មែរ
31, Mar 2021 , 6:59 pm        
រូបភាព
រូបពីគណនីហ្វេសប៊ុករបស់លោក នុត សវនា
រូបពីគណនីហ្វេសប៊ុករបស់លោក នុត សវនា
ភ្នំពេញ៖ ទណ្ឌិត៥៤២នាក់ នឹងត្រូវគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃ ដើម្បីបន្ធូរបន្ថយនិងលើកលែងទោស នាថ្ងៃចូលឆ្នាំខ្មែរ ។



លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា កិច្ចប្រជុំវាយតម្លៃនេះ ធ្វើឡើងតាមសំណើគណៈកម្មការពន្ធនាគាររាជធានី-ខេត្តចំនួន ២៣ និងគណៈកម្មការក្រសួងមហាផ្ទៃ ដែលមានមណ្ឌលអប់រំកែប្រែចំនួន៤។ 
 
«ទណ្ឌិតទាំង៥៤២នេះ(ស្រី៦៨នាក់) បានស្នើសុំលើកលែងទោសចំនួន៧០នាក់ ហើយស្នើសុំបន្ធូរបន្ថយទោសចំនួន ៤៧២នាក់»។ នេះបើតាមការបញ្ជាក់របស់លោក គឹម សន្តិភាព។ 
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអេឡេត្រូនិច(ZOOM) នៅថ្ងៃទី៣១មីនានេះ ។
 
សូមជម្រាបថា កាលពីថ្ងៃទី១២មករា ព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យស្តីពី ការបន្ថូរបន្ថយនិងលើកលែងទោស ដល់ទណ្ឌិតចំនួន៥ដងក្នុង១ឆ្នាំ។ ក្នុងនោះរួមមាន ការលើកលែងទោសនៅទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍, ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ, ពិធីបុណ្យវិសាខបូជា, ពិធីបុណ្យឯករាជ្យជាតិ និងពិធីបុណ្យអុំទូក ៕ 
 

Tag:
 ទណ្ឌិត
© រក្សាសិទ្ធិដោយ thmeythmey.com