ជាតិ
យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចាប់ផ្តើមនៅថ្ងៃនេះ
01, Apr 2021 , 7:59 am        
រូបភាព
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) ចាប់ពីថ្ងៃទី១មេសានេះ ដោយកំណត់គោលដៅអាទិភាពដល់កម្មករ គ្រូបង្រៀន គ្រួសារមន្រី្តរាជការ និងក្រុមហ៊ុនឯកជនមួយចំនួនទៀត។


គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី៣១មីនានេះ ដោយអំពាវនាវដល់ពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលស្ថិតក្នុងក្រុមអាទិភាពនៃការចាក់វ៉ាក់សាំង ចូលរួមទទួលវ៉ាក់សាំងដោយស្ម័គ្រចិត្ត ដើម្បីការពារខ្លួននិងក្រុមគ្រួសារ កុំឲ្យឆ្លងកូវីដ-១៩។ យុទ្ធនាការនេះ ក្រុមការងាររបស់ក្រសួង បានត្រៀមចាក់វ៉ាក់សាំងដល់ក្រុមអាទិភាពជាង៧៤ម៉ឺននាក់ សម្រាប់ដូសទី១នៃវ៉ាក់សាំងស៊ីណូវ៉ាក់ ដោយចាប់ផ្ដើមនៅថ្ងៃទី១មេសា ឆ្នាំ២០២១។ 
 
ក្រសួងសុខាភិបាលបានកំណត់ក្រុមអាទិភាព ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ មានក្រុមគ្រូពេទ្យ បុគ្គលិក និងមន្រ្តីសុខាភិបាលជួរមុខ ជាពិសេសក្រុមរដ្ឋសភា ព្រឹទ្ធសភា និងក្រុមគ្រួសារ។ លើសពីនេះ ក៏មានមន្រី្តរាជការស៊ីវិលដែលមានកិច្ចសន្យានៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងក្រោមថ្នាក់ក្រោមជាតិ រួមទាំងគ្រូបង្រៀន នៅតាមគ្រឹះស្ថាននានាទៀតផង។ 
 
ដោយឡែកអ្នកសារព័ត៌មាន កងកម្លាំងនៃមន្រី្តមូលដ្ឋាន បុគ្គលអគ្គិសនីកម្ពុជា និងកម្មករ-កម្មការិនី ក៏ត្រូវបានចាត់ចូលជាក្រុមអាទិភាព ក្នុងការទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់នេះផងដែរ៕ 
 

Tag:
 ចាក់វ៉ាក់សាំង
  Sinovac
© រក្សាសិទ្ធិដោយ thmeythmey.com