ជាតិ
លោក ឆែម សាវុធ បញ្ជាឲ្យប្រធានពន្ធនាគារនិងមណ្ឌលកែប្រែ តាមដានទូរស័ព្ទរវាងមន្រ្តីទូតនិងអ្នកជាប់ឃុំ
02, Apr 2021 , 12:01 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានពន្ធនាគារ
រូបពីទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានពន្ធនាគារ
ភ្នំពេញ៖ លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ បានណែនាំប្រធានពន្ធគារ និងមណ្ឌលអប់រំកែប្រែនៅតាមបណ្ដារាធានី-ខេត្តឲ្យផ្ទៀងផ្ទាត់ព័ត៌មាន លេខទូរស័ព្ទ និងខ្លឹមសារសង្ខេប រវាងមន្រ្តីទូតនិងអ្នកជាប់ឃុំជាជនជាតិបរទេស។ នេះបើតាមសេចក្ដីណែនាំស្ដីពីការទំនាក់ទំនងតាមទូរស័ព្ទរវាងមន្រី្តស្ថានទូត ឬស្ថានកុងស៊ុល ឬស្ថានតំណាង ជាមួយជនជាប់ឃុំជាជនបរទេសនៅថ្ងៃទី១មេសា ឆ្នាំ២០២១។


 
អគ្គនាយកដ្ឋានពន្ធនាគារបានសង្កេតឃើញថា នៅអំឡុងពេលរីករាលដាលកូវីដ-១៩នេះ មណ្ឌលអប់រំកែប្រែនិងពន្ធនាគាររាជធានី-ខេត្ត មិនបានយកចិត្តទុកដាក់លើទំនាក់ទំនងតាមទូរស័ព្ទរវាងជនជាប់ឃុំជាជនបរទេស និងមន្រី្តស្ថានទូត ឬតំណាងស្ថានកុងស៊ុលឡើយ។ ដូច្នេះដើម្បីរក្សាទំនាក់ទំនងល្អរវាងស្ថានទូត ឬស្ថានកុងស៊ុលឡើងវិញ លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ បានណែនាំឲ្យប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំងអស់ ត្រូវរៀបចំទូរស័ព្ទអចល័ត១គ្រឿង សម្រាប់ទាក់ទងជាមួយមន្រី្តទូត។ 
 
ក្នុងករណីមន្រី្តទូត ឬអ្នកជាប់ឃុំជាជនបរទេស ស្នើសុំសន្ទនាតាមទូរស័ព្ទ មន្ត្រីពន្ធធនាគារ ត្រូវផ្ទៀងផ្ទាត់លេខទូរស័ព្ទ ហើយផ្ដល់ព័ត៌មានទៅអគ្គនាយកដ្ឋានពន្ធនាគារជាមុនសិន ទើបអនុញ្ញាតឲ្យសន្ទនាតាមប្រព័ន្ធទូរស័ព្ទ។ ការសន្ទនានេះ ត្រូវឃ្លាំមើលយ៉ាងហ្មត់ចត់ពីមន្រី្តពន្ធនាគារ។ នេះបើតាមអគ្គនាយកដ្ឋានពន្ធនាគារ។
 
លោក ឆែម សាវុធ សង្កត់ធ្ងន់ថា៖ «ត្រូវរៀបចំឲ្យមានសៀវភៅគ្រប់គ្រង តាមដាននូវការហៅទូរស័ព្ទរវាងជនជាប់ឃុំជាជនបរទេស និងស្ថានទូត ឬស្ថានកុងស៊ុល ឬស្ថានតំណាងរបស់ខ្លួនឲ្យបានច្បាស់លាស់ ដោយបញ្ជាក់ពីឈ្មោះជនជាប់ឃុំជាជនបរទេស លេខទូរស័ព្ទស្ថានទូត ឬស្ថានកុងស៊ុល ឬស្ថានតំណាង កាលបរិច្ចេទ និងពេលវេលានៃការហៅទូរស័ព្ទ ខ្លឹមសារទាក់ទងសង្ខេប និងកំណត់សម្គាល់ផ្សេងៗ(បើមាន)»។ 
 
កន្លងមក នៅតាមមណ្ឌលអប់រំកែប្រែនិងពន្ធនាគាររាជធានី-ខេត្ត ភាគច្រើនគឺបានយកចិត្តទុកដាក់លើទំនាក់ទំនងរវាងមន្រី្តទូតនិងអ្នកជាប់ឃុំជាជនបរទេស។ ប៉ុន្តែដោយសារមានកង្វល់ពីការរាលដាលកូវីដ-១៩ ទើបមួយរយៈចុងក្រោយនេះ មិនបានយកចិត្តទុកដាក់។ នេះបើតាមលោក ឆែម សាវុធ៕ 
 

Tag:
 ឆែម សាវុធ
  ពន្ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com