ជាតិ
សង្គមជាតិ
អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរណ៍រោងទងជាន់ទី២ នៅប៉ែកខាងលិចប្រាសាទបាយ័នបណ្ដោះអាសន្ន
03, Apr 2021 , 2:30 pm        
រូបភាព
 
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរណ៍ឆ្លងកាត់រោងទងជាន់ទី២ នៃមុខខាងជើង ប៉ែកខាងលិចប្រាសាទបាយ័នបណ្ដោះអាសន្ន ដើម្បីជួសជុលកម្រាលថ្មជ្រុងនីរតីនៃជាន់ទី៣។ ការបិទចរាចរណ៍នេះ គឺអនុវត្តចាប់ពីថ្ងៃទី៥មេសាទៅ។



លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការបិទបណ្ដោះអាសន្ននេះ គឺរង់ចាំរហូតក្រុមការងារជួសជុលកម្រាលថ្មជ្រុងជាន់ទី៣ និងទល់ទ្រចំណុចមួយចំនួន ដែលប្រឈមនឹងគ្រោះថ្នាក់នៅជាន់ទី១ និងទី២ នៃប្រាសាទបាយ័នហើយ ទើបបើកឲ្យដំណើរការឆ្លងកាត់ឡើងវិញ។ លោកអះអាងថា ការបិទចរាចរណ៍បែបនេះ គឺធ្វើឡើងក្នុងគោលបំណងថែទាំនិងការពារប្រាសាទ ក៏ដូចជាធានានូវសុខសុវត្ថិភាពភ្ញៀវទេសចរជាតិ-អន្តរជាតិផងដែរ។

«ការបិទចរាចរណ៍នេះ ដោយសារក្រុងការងារកំពុងជួសជុលកម្រាលថ្មជាន់ទី៣ ហើយយើងនឹងខិតខំធ្វើយ៉ាងឲ្យការជួសជុលនេះឆាប់ហើយ ព្រោះបើសិនដល់រដូវភ្លៀងធ្លាក់ពិបាកជួសជុលណាស់...។គម្រោងនេះ បើឲ្យកំណត់ពេលថាហើយនៅពេលណាយើងមិនទាន់ដឹងទេ តែឥឡូវជួសជុលបានច្រើនផ្នែកហើយ»។ នេះបើតាមលោក ឡុង កុសល ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃទី២មេសា។

អ្នកនាំពាក្យរូបនេះ សង្ឃឹមថា ក្រសួង ស្ថាប័ន ភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់នឹងយោគយល់ ហើយចូលរួមសហការ ដើម្បីដំណើរការអភិរក្សសម្បត្តិដូនតាកាន់តែល្អប្រសើរទាំងអស់គ្នា៕



© រក្សាសិទ្ធិដោយ thmeythmey.com