ជាតិ
ពិព័រណ៍សារមន្ទីជាតិ១០១ឆ្នាំ៖ ប្រវត្តិនាង«ទេវី»
07, Apr 2021 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ សារមន្ទីជាតិដែលស្ថិតនៅក្រោមចំណុះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបង្កើតពិព័រណ៍តាមអនឡាញជាលើកទី១របស់ខ្លួននៅថ្ងៃទី១៣ខែមេសាឆ្នាំ២០២១។ នៅក្នុងអំឡុងពេលពិព័រណ៍នេះ សារមន្ទីជាតិផ្សព្វផ្សាយប្រវត្តិរូបចម្លាក់ប្រវត្តិសាស្រ្តសំខាន់ៗមួយចំនួនជូនអ្នកអាន អ្នកស្តាប់ និងអ្នកទស្សនា។ ដោយទទួលបានការអនុញ្ញាតពីស្ថាប័នជំនាញខាងលើ និងដោយមានគោលបំណងចូលរួមផ្សព្វផ្សាយលើកកម្ពស់តម្លៃវប្បធម៌ខ្មែរ សារព័ត៌មានអេឡិចត្រូនិកថ្មីៗ(Thmeythmey.com) សូមបង្ហាញជូននូវប្រវត្តិរូបចម្លាក់មួយចំនួនដូចតទៅ។បញ្ជាក់៖ រូបថត និងអត្ថបទជាកម្មសិទ្ធិរបស់សារមន្ទីជាតិ។ 

 

«នាងទេវី»

ក្នុងតំណែងជារ៉េស៊ីដង់បារាំងប្រចាំស្រុកសំបូរពីឆ្នាំ១៨៩០-១៨៩៣ និងស្រុកក្រចុះពីឆ្នាំ១៨៩៤-១៨៩៨ លោកអាដេម៉ា ឡឺក្លែរ មានជំនក់ចិត្តខ្លាំងនឹងវប្បធម៌ខ្មែរ លោកបានធ្វើដំណើររុករកដោយការចង់យល់ ដឹងមិនចេះនឿយណាយអំពីកម្ពុជា ហើយបានចងក្រងស្នាដៃជាច្រើនអំពីទំនៀមទម្លាប់ ពិធី ច្បាប់តម្រា និង វប្បធម៌ខ្មែរ។ លោកបានប្រើប្រាស់របៀបនៃការស្រាវជ្រាវដូចលោក អេឡែន អៃម៉ូនីញេ ពោលគឺលោកបាន ចំណាយពេលរុករកសំណល់នានាក្នុងតំបន់អាងទន្លេមេគង្គខាងលើនៃភូមិសាស្ត្រស្រុកក្រចេះនិងសំបូរ ដើម្បី សិក្សាសង្កេតលើដំណែល ប្រាសាទបុរាណសម័យមុនអង្គរជាច្រើនដែលសង់នៅសងខាងមាត់ទន្លេ និងតាម ប្រជុំកោះតូចធំដែលដុះក្នុងទន្លេមេគង្គនេះ។ 
 
នៅលើកោះគ្រឹង លោកបានប្រទះឃើញប្រតិមាមួយដែលអ្នកស្រុកទីនោះនិយមហៅថា ស្រីគ្រប់ លក្ខណ៍។ បដិមានេះឈរនៅលើគំនរឥដ្ឋសឹងក្លាយជាអ្នកតាហើយដែលអ្នកស្រុកតែងមកបន់ស្រន់គោរពបូជា និងមកសុំកូនតាមបំណងផង។ លោកអាដេម៉ា ឡឺក្លែរ បាននាំប្រតិមានោះមកតម្កល់នៅវិមានរ៉េស៊ីដង់នៅ ស្រុកក្រចេះមុននឹងដឹកទៅទីក្រុងព្រៃនគរដែលជាបណ្ដុំនៃសមុច្ច័យនានា។ នៅទីនោះ គេបានបន្ថែមជើង និងដៃប៉ុន្តែពុំត្រឹមត្រូវតាមទម្រង់រូបដើមឡើយ។
 


នៅឆ្នាំ១៩០៥ ប្រតិមានេះបញ្ជូនត្រឡប់មករក្សាទុកជាសមុច្ច័យនៃសារមនី្ទរខ្មែរនៅរាជធានីភ្នំពេញ ហើយគេបានសម្រេចដកដៃនិងជើងដែលបន្ថែមថ្មីនោះចេញ។ នៅពេលសារមន្ទីរជាតិបើកទ្វារក្នុងឆ្នាំ១៩២០ ប្រតិមានេះនិងបុរាណវត្ថុទាំងអស់ក្នុងសារមន្ទីរខ្មែរបានផ្ទេរទៅរក្សាទុកនិងដាក់តាំងនៅទីនោះ។ ប្រតិមា ប្រណិតនេះមានសក់ក្រងបួងទៅលើដូចមកុដព្រះឥសូរ (ព្រះឥសូរជដាមកុដ) ផ្នត់សក់ទម្លាក់ចុះមកក្រោម លើព្រះសិរទាំងពីរខាង រីឯដងខ្លួនលែងខ្លួនទទេ មានស្លៀកត្រឹម សំពត់សមួយក្រវ៉ាត់ចង្កេះលម្ពត្បូងរឹបរួត ត្រគាកនិងជើង រីឯចុងសំពត់រីកសាយ សំយុងជាផ្នត់នៅចំពីមុខ។ តាមរយៈ សោភ័ណភាពនៃដងខ្លួននិង ការលម្អ គេអាចសន្និដ្ឋានបានថា ព្រះនាងជាស្ត្រី ដ៏ស្រស់សោភាពេញលក្ខណៈទាំងអស់៕ 
 

Tag:
 សារមន្ទីជាតិ
 វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com