ពីនេះ ពីនោះ
រឿងអេដស៍ និងកូវីដ…!
09, Apr 2021 , 11:49 am        
រូបភាព
ដោយ: ថ្មីៗ
តួលេខឆ្លងមេរោគកូវីដធ្វើឲ្យសំណាង និងសុធីរ ភ្ញាក់ផ្អើល និងស្រឡាំងកាំងយ៉ាងខ្លាំង។ ស្រឡាំងកាំងរហូតធ្វើឲ្យសំឡាញ់ទាំងពីរនឹកឃើញរឿងរ៉ាវជំងឺអេដស៍ និងមេរោគកូវីដនាពេលបច្ចុប្បន្ននេះ។


 
សំណាង៖ អា សុធីរ! កាលពីជាង៣០ឆ្នាំមុន ពិភពលោកប្រឈមនឹងជំងឺអេដស៍ ក្នុងនោះ ក៏មានកម្ពុជាដែរ។ បើនិយាយតែពីកម្ពុជា ស្ថានភាពជំងឺអេដស៍ក្នុងអំឡុងទសវត្សរ៍៩០យ៉ាងម៉េចដែរ? 
 
សុធីរ៖ បើអញចាំមិនច្រឡំទេ កាលនោះ ពលរដ្ឋខ្មែរមិនតិចឡើយដែលឆ្លងជំងឺអេដស៍ ហើយបានស្លាប់ដោយសារតែជំងឺមួយហ្នឹង។ 

សំណាង៖ អ្នកស្លាប់ និងឆ្លងច្រើនទេ? 

សុធីរ៖ អញគ្មានតួលេខទេ។ តែមិនតិចទេ។ 

សំណាង៖ ហេតុអ្វីបានជាមានអ្នកស្លាប់ និងឆ្លងច្រើនម៉្លេះកាលណោះ? 

សុធីរ៖ វាមានអ្នកមិនជឿ និងវាមានអ្នកក្បាលរឹងមិនខ្លាច។ អ្នកមិនជឿកាលនោះ ច្រើននិយាយលេងចំអកឲ្យគ្នាទៅវិញទៅមកថា «ខ្លាចអីអេដស៍ ខ្លាចតែអត់»។ អ្នកដែលមិនជឿស្លាប់អស់ច្រើនគួរសមដែរ។ 

សំណាង៖ ចុះរឿងកូវីដវិញ មានអ្នកមិនជឿដែរឬ?  

សុធីរ៖ មានតើ! អ្នកខ្លះថា មិនអីទេ។ វាជាជំងឺផ្តាសាយតើ។ កូវីដសម្លាប់តែមនុស្សចាស់ទេ។ «ខ្លាចអីកូវីដ ខ្លាចតែកូពោះ។ល។» អ្នកប្រមាទប្រឈមនឹងបញ្ហាមួយចំនួនហើយ។ បើមិនជឿ កុំប្រមាទ។ ជាក់ស្តែង អ្ហែងឃើញហើយ អ្នកស្លាប់ និងអ្នកឆ្លងកូវីដនៅលើពិភពលោកមានចំនួនច្រើនលាននាក់។ 

សំណាង៖ បើអ៊ីចឹងមានន័យថា អេដស៍ និងកូវីដឆក់អាយុជីវិតសាហាវដូចគ្នា។ 

សុធីរ៖ បើតាមយោបល់អញ ចូរកុំលេងសើចឲ្យសោះជាមួយនឹងកូវីដ និងអេដស៍នេះ។ អេដស៍ឆ្លងចំពោះតែអ្នកប្រព្រឹត្តិរួមភេទផ្ទាល់តែប៉ុណ្ណោះ រីឯ អាកូវីដនេះ សាហាវជាងអេដស៍ទៅទៀត ព្រោះ គ្រាន់តែស្ថិតនៅជិតគ្នាដោយមិនគោរពគោលការណ៍គម្លាត ឬពាក់ម៉ាស់ឲ្យត្រឹមត្រូវ វាក៏អាចចម្លងបានដែរ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com