ជាតិ
សង្គមជាតិ
ចូលឆ្នាំខ្មែរ៖ ក្រុមរបាំត្រុដិ លោក ស៊ូ សាវ៉ាង ខកខានសម្ដែង និងបាត់បង់ចំណូល២ឆ្នាំ ដោយសារកូវីដ-១៩
14, Apr 2021 , 2:59 pm        
រូបភាព
ដោយ៖ ស៊ុល រ៉វី
 
ភ្នំពេញ៖« របាំត្រុដិ» ជារបាំប្រពៃណី ដែលប្រជាពលរដ្ឋខ្មែរ និយមអញ្ជើញទៅសម្ដែងនៅរដូវចូលឆ្នាំខ្មែរ ឬកម្មវិធីឡើងគេហដ្ឋានជាដើម។ ការសម្ដែងរបាំត្រុដិ ត្រូវបានគេជឿថា ជាការលាងជម្រះឧបទ្រពចង្រៃ និងនាំចូលនូវសិរីសួស្ដី។ ប៉ុន្តែ២ឆ្នាំមកនេះ ក្រុមរបាំត្រុដិ ត្រូវបានអាក់ខានសម្ដែង ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។


២ឆ្នាំមកហើយ ដែលក្រុមរបាំត្រុដិ របស់លោក ស៊ូ សាវ៉ាង អាក់ខានសម្ដែង នៅតាមក្រសួង ស្ថាប័ន ក្រុមហ៊ុន និងតាមគេហដ្ឋាននានា ជាពិសេសនាថ្ងៃចូលឆ្នាំខ្មែរនេះ ដោយសារបញ្ហាជំងឺឆ្លងកូវីដ-១៩។ បញ្ហានេះ បានធ្វើឱ្យក្រុមសិល្បៈរបស់លោក ស៊ូ សាវ៉ាង ត្រូវបាត់បង់ប្រាក់ចំណូលផ្គត់ផ្គង់ក្នុងសមាគមដែរ។ 
 
ថ្លែងប្រាប់ ThmeyThmey25 តាមទូរសព្ទ លោក ស៊ូ សាវ៉ាង នាយកប្រតិបត្តិនៃសមាគមចលនាវប្បធម៌ជាតិ បាននិយាយថា៖«សមាគមយើងរស់បានដោយសាររាំត្រុដិ ពេលចូលឆ្នាំ គឺរកមួយឆ្នាំ សម្រាប់មួយឆ្នាំ ដល់ពេលកូវីដ (១៩) អ៊ីចឹង បាត់បង់ចំណូលទាំងស្រុងតែម្ដង»។ 
 
បើតាមលោក ស៊ូ សាវ៉ាង ក្រោយបាត់បង់ចំណូលនេះ សមាគមចលនាវប្បធម៌ជាតិ មានតែជំនួយបន្តិចបន្តួច ពីក្រសួងមហាផ្ទៃ និងប្រាក់បៀវត្សរៀងៗខ្លួន ដែលអាចជួយដោះទ័លក្នុងមួយខែៗប៉ុណ្ណោះ តែមិនទាន់គ្រប់គ្រាន់ទាំងស្រុងនោះឡើយ។ បើតាមនាយកប្រតិបត្តិនៃសមាគមចលនាវប្បធម៌ជាតិវ័យ៧៨រូបនេះ ក្រុមសិល្បករមួយចំនួន ក៏បានទៅធ្វើការផ្សេងៗ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅពួកគេ ដោយខ្លះធ្វើជាជាងចម្លាក់ លក់ដូរ និងខ្លះទៀត ទៅធ្វើការផ្នែកជួសជុលគ្រឿងម៉ាស៊ីនជាដើម។
 
និយាយដល់រឿងបាត់បង់ប្រាក់ចំណូលនេះ លោក សាវ៉ាង ក៏ឆ្លៀតរំឭកពីការសម្ដែងរបាំត្រុដិ មុនផ្ទុះកូវីដ-១៩ ថា ក្រុមលោកអាចចេញទៅសម្ដែងទៅតាមក្រសួង ស្ថាប័ន ក្រុមហ៊ុន ឬគេហដ្ឋាន បានប្រមាណជាង ៣០កន្លែង កាលពីអំឡុងឆ្នាំ២០១៩ ដោយអាចរកចំណូលចន្លោះពី៣ទៅ៤លានរៀល ក្នុងមួយកន្លែងផងដែរ។ 
 
ជិត២០ឆ្នាំមកហើយ ដែលសមាគមចលនាវប្បធ៌មជាតិ បានចេញសម្ដែងនូវទម្រង់សិល្បៈរបាំត្រុដិ រៀងរាល់ឱកាសចូលឆ្នាំខ្មែរ និងកម្មវិធីផ្សេងៗទៀត ដើម្បីសុំសេរីសួស្តី និងជម្រះឧបទ្រពចង្រៃ។ ដ្បិតមិនបានសម្ដែង២ឆ្នាំមកក្តី តែលោក ស៊ូ សាវ៉ាង នៅតែរំពឹងយ៉ាងមុតមាំថា ទម្រង់របាំប្រពៃណីមួយនេះ នៅតែជាទីពេញនិយម និងកាន់តែពេញនិយមថែមទៀត នៅពេលស្ថានភាពជំងឺឆ្លងកូវីដ-១៩ ផុតរលត់ ហើយស្ថានភាពត្រឡប់មកភាពល្អប្រសើរវិញ។
 
គួររំលឹកផងដែរថា សមាគមចលនាវប្បធម៌ជាតិ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០២មកម្លេះ ក្នុងគោលបំណងជួយលើកកម្ពស់វិស័យសិល្បៈបុរាណ និងជួយដល់កុមារក្រីក្រ ឲ្យបានរៀនសូត្រលើផ្នែកសិល្បៈ ដូចជារបាំ តន្ត្រីជាដើម។ ក្រៅពីការសម្ដែងនូវរបាំត្រុដិ សមាគមនេះក៏មានការសម្ដែងទម្រង់សិល្បៈបុរាណផ្សេងៗទៀតផងដែរ។ សព្វថ្ងៃក្នុងសមាគមនេះ មានសិល្បៈករចំនួន២២នាក់ និងមានអាយុក្រោម២០ឆ្នាំ ដែលភាគច្រើនជាសិស្សកំពុងសិក្សា ក្នុងសាលាមធ្យមវិចិត្រសិល្បៈ៕
 
 
 

Tag:
 ThmeyThmey25
  ចូលឆ្នាំ
  ស៊ូ សាវ៉ាង
  របាំត្រុដិ
  សមាគមចលនាវប្បធម៌ជាតិ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com