ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កុំលេបថ្នាំ! ឈឺពោះខ្លាំងពេលមករដូវ? គន្លឹះទាំងនេះជួយបាន
15, Apr 2021 , 6:59 am        
រូបភាព
 
ឈឺពោះខ្លាំងពេលមករដូវមែនទេ? មិនពិបាកដោះស្រាយឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដើម្បីសម្រាលអាការៈឈឺចាប់ពេលមករដូវ ៖

 
១. ស្អំកម្ដៅ
 
កម្ដៅអាចកាត់បន្ថយការឈឺចាប់បានយ៉ាងឆាប់រហ័ស! អ្នកអាចប្រើប្រាស់ដបទឹកក្ដៅមកស្អំលើពោះ ប៉ុន្តែមិនត្រូវស្អំផ្ទាល់លើស្បែក ឬប្រើប្រាស់ទឹកក្ដៅពេកឡើយចៀសវាងការរលាក។ ដូច្នេះគួរប្រើប្រាស់កន្សែងរុំមួយជាន់សិនសឹមដាក់ស្អំ។
 
២. ទទួលទានជាតិខ្លាញ់ល្អ
 
មិនមែនជាតិខ្លាញ់គ្រប់ប្រភេទសុទ្ធអាក្រក់ចំពោះសុខភាពឡើយ ក៏ព្រោះមានជាតិខ្លាញ់មួយចំនួនអាចជួយគ្រប់គ្រងកម្រិតនៃការផលិតអ័រម៉ូនបាន។ ជាតិខ្លាញ់ទាំងនោះរួមមានប្រេងដូង ត្រីសម្បូរខ្លាញ់ និងប្រេងអូលីវជាដើម។ ប្រេងដូងមានប្រសិទ្ធិភាពជួយក្នុងការសម្រកទម្ងន់ ក៏ដូចជាជួយការផលិតអ័រម៉ូន កម្ចាត់បាក់តេរី និងសូម្បីតែកាត់បន្ថយការរលាក។ ដូច្នេះដើម្បីជាការប្រសើរអ្នកអាចបន្ថែមប្រេងដូងចំនួន ៤ ស្លាបព្រាបាយក្នុងរបបអាហារប្រចាំថ្ងៃដើម្បីទទួលបានជាតិខ្លាញ់ល្អគ្រប់គ្រាន់។
 
៣. កាត់បន្ថយការទទួលទានអាហារសម្បូរខ្លាញ់ឆ្អែត ឬខ្លាញ់មិនល្អ
 
អាហារដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់មិនល្អអាចបណ្ដាលឱ្យអ័រម៉ូនប្រែជាគ្មានតុល្យភាពនិងបង្កើនកម្រិតនៃជាតិស្ករក្នុងឈាមកំឡុងពេលមករដូវដែលបណ្ដាលឱ្យអាការៈឈឺចុកខ្លាំងក្នុងពោះកាន់តែអាក្រក់ឡើង។
 
៤. ទទួលទានទទួលទានបន្លែអោយច្រើនជាងមុន
 
ប្រសិនបើអ្នកកំពុងព្យាយាមកាត់បន្ថយអាការៈមុនពេលមករដូវនោះអ្នកគួរចាប់ផ្ដើមទទួលទានបន្លែឱ្យច្រើនជាងមុន ក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយជាតិសសៃ កាល់ស្យូម ម៉ាញ៉េស្យូម និងសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតដែលជួយសម្រាលអាការៈចុករមួលក្នុងពោះ។
 
៥. ងូតទឹកក្ដៅឧណ្ហៗ
 
កម្ដៅអាចកាត់បន្ថយការឈឺចាប់បានយ៉ាងឆាប់រហ័ស! លើសពីនេះទៅទៀតការងូតទឹកក្ដៅក៏ជួយធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលទាំងកាយនិងចិត្តផងដែរ។

៦. ទទួលទានតែខ្ញី
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់​ខ្ញី​ជាចំណិតតូចៗ រួច​ដាក់​ចូល​ឆុង​ក្នុង​ទឹក​ក្តៅ​មួយ​ពែងសម្រាប់​រយៈពេល​ពីរ​បី​នាទី ហើយទទួលទានឱ្យទាន់ក្ដៅឧណ្ហៗជាការស្រេច។ អ្នក​អាចទទួលទានពី ២ ទៅ​ ៣ដង​ក្នុង​មួយ​ថ្ងៃ​។
 
៧. ទទួលទានតែជីអង្កាម
 
តែជីអង្កាមផ្ដល់ភាពធូរស្បើយដល់សាច់ដុំដែលល្អណាស់សម្រាប់បំបាត់អាការៈចុករមួលឈឺចាប់ក្នុងពោះកំឡុងពេលមករដូវ។
 
៨. ទទួលទានទឹកឱ្យបានគ្រប់គ្រាន់
 
ចូរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ដើម្បីបំបាត់អាការៈហើមពោះនិងឈឺចាប់ពេលមករដូវ។ ហើយទឹកក្ដៅឧណ្ហៗជាជម្រើសប្រសើរបំផុតក្នុងស្ថានភាពនេះដោយវានឹងជួយសម្រួលសាច់ដុំបំបាត់ការឈឺចាប់។
 
៩. បង្កើនការទទួលទានអាហារសម្បូរជាតិសសៃ
 
អាហារសម្បូរជាតិសសៃ គឺចាំបាច់ណាស់សម្រាប់សម្រាលអាការៈឈឺពោះកំឡុងពេលមករដូវ។ អ្នកជំនាញជាច្រើនបានឱ្យដឹងថា ជាតិសសៃអាចជួយកម្ចាត់នូវកម្រិតនៃអ័រម៉ូន estrogen ដែលលើសចេញពីរាងកាយ ហើយជួយរក្សាតុល្យភាពនៃអ័រម៉ូន។
 
១០. ធ្វើលំហាត់ប្រាណ
 
នារីមួយចំនួនគិតថាការធ្វើលំហាត់ប្រាណកំឡុងពេលមករដូវអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ ទោះជាយ៉ាងណាក៏ដោយការធ្វើលំហាត់ប្រាណស្រាលៗដូចជាការរត់ ការដើរ ជិះកង់ ហាត់យូហ្កា ឬសន្ធឹងខ្លួនប្រាណដៃជើង គឺចាំបាច់ណាស់ដើម្បីបង្កើនកម្រិតនៃអ័រម៉ូន endorphins ក្នុងរាងកាយដែលជួយបំបាត់ការឈឺចាប់និងធ្វើឱ្យអារម្មណ៍កាន់តែប្រសើរឡើង។ ដូច្នេះចូរព្យាយាមធ្វើលំហាត់ប្រាណជាប្រចាំ ៣ ដងក្នុងមួយសប្តាហ៍សម្រាប់រយៈពេលយ៉ាងហោចណាស់ ១៥ នាទី៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com