កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ បាល់បោះជម្រើសជាតិកម្ពុជាបំបាក់ម្ចាស់ផ្ទះក្នុងការប្រកួតបើកឆាក
× ក្រុមកីឡាករបាល់បោះជម្រើសជាតិកម្ពុជា បានចាប់យុទ្ធនាការប្រកួតកីឡាស៊ីហ្គេមនៅទីលាន Zeya-Thiri Stadium ក្នុងទីក្រុងណៃពីដរ ជាមួយនឹងជ័យជម្នះលើក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ាក្នុងលទ្ធផលសរុប ៧៥ ទល់នឹង៦០ កាលពីល្ងាចថ្ងៃអាទិត្យនេះ បន្ទាប់ពីថៃឈ្នះសិង្ហបុរី ៦៩-៥៩ ម៉ាឡេស៊ីបំបាក់ឥណ្ឌូនេស៊ី ៦១-៥៣។
ក្នុងការប្រកួតទាំងបួនជុំ ក្រុមកីឡាករកម្ពុជាបានចាប់ផ្តើមយ៉ាងល្អជាមួយនឹងការនាំមុខម្ចាស់ផ្ទះយ៉ាងចាស់ដៃ ៤២-១១ ប៉ុន្តែមីយ៉ាន់ម៉ាបានទទួលជ័យជម្នះនៅបីជុំបន្ទាប់ទៀតក្នុងលទ្ធផល ១៨-១២, ១៨-១២ និង១៣-៩។ ទោះបីជាយ៉ាងណាក៏ដោយ ការមានប្រៀបនៅក្នុងជុំទីមួយ បាននាំឲ្យកម្ពុជាបញ្ចប់ការប្រកួតជាមួយនឹងជ័យជម្នះក្នុងលទ្ធផលសរុប ៧៥-៦០។
យោងតាមកំណត់ត្រានៃការប្រកួត កីឡាករខ្មែរ-កាណាដា Sak Ratana រកបានតែម្នាក់ឯងរហូតដល់ទៅ៣២ពិន្ទុ កីឡាករខ្មែរ-ស៊ុយអែត Thach Boroth ដែលជាប្រធានក្រុម រកបាន១៦ពិន្ទុ កីឡាករខ្មែរ-អាមេរិក Dar Anthony Dominic រកបាន១៥ពិន្ទុ។
គ្រូបង្វឹកនីហ្សេរីយ៉ា Koledaye ABAYOMI បានប្រើប្រាស់កីឡាករទាំង១២នាក់នៅក្នុងការប្រកួតនេះ ខណៈកីឡាករ៥នាក់ស្ថិតនៅក្នុងជម្រើសដំបូង។
នៅថ្ងៃស្អែក កម្ពុជាត្រូវប៉ះជាមួយម៉ាឡេស៊ីនាវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ ហើយត្រូវជួបជាបន្តបន្ទាប់ជាមួយ ហ្វីលីពីន ថៃ សិង្ហបុរី និងឥណ្ឌូនេស៊ី៕ © រក្សាសិទ្ធិដោយ thmeythmey.com