COVID-19
ជាតិ
កំពង់ស្ពឺ៖បិទខ្ទប់ភូមិបន្ទាយរកា នៃស្រុកភ្នំស្រួច និងមួយផ្នែកនៃភូមិត្រពាំងវែង នៃស្រុកសំរោងទង ​
16, Apr 2021 , 12:46 pm        
រូបភាព
ទិដ្ឋភាពនៅក្នុងភូមិរការ ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៤មេសា។ រូបភាព៖ ហ្វេសប៊ុក ឈ្មោះ Suon Saron
ទិដ្ឋភាពនៅក្នុងភូមិរការ ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៤មេសា។ រូបភាព៖ ហ្វេសប៊ុក ឈ្មោះ Suon Saron
រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចបិទខ្ទប់ ភូមិ បន្ទាយរកា ឃុំក្រាំងសែវ៉ាយ ស្រុកភ្នំស្រួច និងមួយផ្នែកតូចនៃភូមិត្រពាំងវែង​ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ  ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ យោងតាមសេចក្តីសម្រេច របស់រដ្ឋបាលខេត្តកំពង់ស្ពឺ វិធានការបិទខ្ទប់នេះ មានរយៈពេល២សប្តាហ៍ ដោយចាប់អនុវត្តន៍ ពីថ្ងៃទី១៦ មេសា ដល់ថ្ងៃទី៣០មេសា ឆ្នាំ២០២១។



យោងតាមសេចក្តីសម្រេចនេះ នៅក្នុងអំឡុងបិទខ្ទប់នេះ​ បុគ្គល​គ្រប់រូប នឹង​ត្រូវបាន​ហាមឃាត់​ការធ្វើដំណើរ​ចេញពីផ្ទះ លើកលែងតែ​ចាំបាច់​មួយចំនួន ដូចជា​ទៅបំពេញការងារ និង​ប្រកប​អាជីវកម្ម ក្នុង​តំបន់​បិទ​ខ្ទប់ ដោយមាន​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ​។ ការធ្វើដំណើរ​ទៅ​កន្លែង​លក់​ម្ហូប គ្រឿងឧបភោគ​បរិភោគ និង​សម្ភារ​ប្រើប្រាស់​ចាំបាច់​ប្រចាំថ្ងៃ ហើយអាចធ្វើឡើងដោយក្នុងមួយគ្រួសារ ឬទីសំណាក់ អាចមានសមាជិកយ៉ាងច្រើន ២នាក់ ចេញ-ចូល និងបានតែ ២ដងប៉ុណ្ណោះក្នុងមួយសប្តាហ៍ នៅក្នុងតំបន់បិទខ្ទប់នេះ។ នេះបើតាមសេចក្តីសម្រេចដដែល។ 

​ការធ្វើដំណើរ​ទៅ​មន្ទីរពេទ្យ មណ្ឌល​សុខភាព ឬ​ឱសថស្ថាន ដោយ​បញ្ហា​សុខភាព​បន្ទាន់ ការធ្វើដំណើរ​បំពេញបេសកកម្ម​របស់​ក្រុមគ្រូពេទ្យ មន្ត្រីរាជការ ក្រុម​ពន្លត់​អគ្គិភ័យ និង​កម្លាំងប្រដាប់អាវុធ ក៏ដូចជា​ការធ្វើដំណើរ​ចូលរួម ក្នុង​សកម្មភាព​បម្រើ​ប្រយោជន៍​សាធារណៈ ក៏​ស្ថិត​ក្នុងករណី​លើកលែង​ដែរ​។ ក្រៅពីនេះ ​ការធ្វើដំណើរ​ដោយ​មូលហេតុ​ចាំបាច់ និង​បន្ទាន់ ដែលមានការ​អនុញ្ញាតពី​អាជ្ញាធរ។ ករណីលើកលែងផ្សេងទៀត មានដូចជាការធ្វើដំណើរដើម្បីទៅបង្ហាញខ្លួន ឱ្យមន្ត្រីសុខាភីបាល យកវត្ថុសំណាករកជំងឺកូវីដ-១៩ និងការធ្វើដំណើរទៅចាក់វ៉ាក់សាំងកូវីដ-១៩ ជាដើម។ នេះ​បើតាម​សេចក្តីសម្រេច​ដដែល ដោយបន្តថា បើទោះជា​ស្ថិត​ក្នុងករណី​លើកលែង​ការធ្វើដំណើរ​ក៏ដោយ ប៉ុន្តែ​បុគ្គល​គ្រប់រូប ត្រូវមាន​កាតព្វកិច្ច ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព ព្រមទាំង​ប្រកាន់ខ្ជាប់​ការ​អនាម័យ និង​ការ​វាស់​កម្ដៅ ដើម្បី​ទប់ស្កាត់​ការចម្លង​មេរោគ​។ 
​​
ចំពោះ​អាជីវកម្ម ដែល​មិនមែនជា​តម្រូវការ ក៏​ត្រូវបាន​ហាមឃាត់ លើកលែងតែ​ករណី​ចាំបាច់​មួយចំនួន​ដូចជា សកម្មភាព​បំពេញការងារ​ក្នុង​ក្របខណ្ឌ​សាធារណៈ​ដូចជា កងក​ម្លាំ​ប្រដាប់អាវុធ សេវា​ផ្គត់ផ្គង់​អគ្គិសនី ទឹកស្អាត សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម ជាដើម​។ អាជីវកម្ម តាម​ប្រព័ន្ធ​អន​ឡាញ ឱសថស្ថាន ការផ្គត់ផ្គង់​ទំនិញ​ដែលជា​តម្រូវ​ការចាំបាច់ ក៏ត្រូវ​បានអនុញ្ញាត​។ នេះបើតាមសេចក្តីសម្រេចដដែល ដោយបន្តបញ្ជាក់ថា  រាល់​ការធ្វើដំណើរ​ដែល​ត្រូវបាន​អនុញ្ញាត​នេះ នឹងត្រូវ​ហាមឃាត់​ក្នុង​ចន្លោះ​ម៉ោង​៨ ដល់​ម៉ោង​៥​ភ្លឺ លើកលែងតែ​មូលហេតុ​សុខភាព​បន្ទាន់​។ ចំពោះ​បុគ្គល​ណា​ដែល​ល្មើស​វិធានការ អំឡុងពេល​បិទ​ខ្ទប់​នេះ នឹងត្រូវ​ទទួលទោស​ដែល​ចែង​ដោយ​ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩៕


 


© រក្សាសិទ្ធិដោយ thmeythmey.com