COVID-19
ជាតិ
«បិទខ្ទប់» ជាភាសាអង់គ្លេស «Lockdown» ឬ «Confinement» ជាភាសាបារាំង
17, Apr 2021 , 7:29 am        
រូបភាព
ដោយ: រួបរួម
កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យមាន១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ និងភូមិសាស្ត្រមួយចំនួនទៀតដែលជាតំបន់មានការរាលដាលកូវីដ-១៩។ នេះជាលើកដំបូងដែលពាក្យ «បិទខ្ទប់» ត្រូវបានប្រើប្រាស់ជាផ្លូវការ បើទោះបីជាសាលារាជធានីភ្នំពេញ ក៏ដូចជារដ្ឋាភិបាល មិនបានផ្តល់និយមន័យជាក់លាក់ក៏ដោយ ប៉ុន្តែគេអាចដឹងថា ពាក្យនេះ ខុសពីពាក្យ «បិទ» ធម្មតា តាមរយៈការដាក់ចេញនូវវិធានការ និងបទបញ្ញតិផ្សេងៗនៅក្នុងសេចក្តីប្រកាស។





«បិទខ្ទប់» ជាភាសាអង់គ្លេស មានន័យថា «Lockdown» ហើយស្មើពាក្យ «Confinement» ជាភាសាបារាំង។ តាមការពន្យល់ន័យជាភាសាអង់គ្លេស Lockdown គឺជាគោលនយោបាយរឹតបន្តឹងបន្លាស់ទីសម្រាប់ប្រជាជន និងសហគមន៍ដែលពួកគេរស់នៅ ក្រោមហេតុផលប្រឈមជាក់ស្តែងនានា ដើម្បីកុំឲ្យមានបញ្ហាដល់ខ្លួនឯង ឬដល់អ្នកដទៃ។ក្រៅពីនេះ គេអាចប្រើពាក្យបានថា «ស្នាក់នៅផ្ទះ» (Stay-at-home) ឬ «នៅនឹងកន្លែងស្នាក់នៅ» (Shelter-in-place)។

មិនខុសគ្នានោះឡើយ សម្រាប់អត្ថន័យជាភាសាបារាំង «Confinement» គឺជាយុទ្ធសាស្ត្រមួយសំដៅលើការកាត់បន្ថយហានីភ័យសុខភាពដោយតម្រូវឲ្យប្រជាជន និងសហគមន៍ពាក់ព័ន្ធគោរពតាម។ ពាក្យនេះ ជាទូទៅប្រើប្រាស់សម្រាប់ករណីរាលដាលជំងឺឆ្លង រីឯអ្នកល្មើសនឹងត្រូវទទួលពិន័យ និងទោសទណ្ឌដែលបានកំណត់។

«បិទខ្ទប់» ដែលមានអត្ថន័យថា ជាការរឹតបន្តឹងការផ្លាស់ទី ត្រូវបានប្រើប្រាស់ដំបូងបំផុត នាយុទ្ធនាការទប់ស្កាត់ការរាលកូវីដ-១៩ នៅក្រុងវូហាន ប្រទេសចិន កាលពីអំឡុងខែមករា ឆ្នាំ២០២០។



ទោះបីជាយ៉ាងណាក៏ដោយ យោងតាមការផ្សាយរបស់កាសែត Le Figaro លោកប្រធានាធិបតីបារាំង Emmanuel Macron យល់ថា ពាក្យ «Confinement» មិនមានអត្ថន័យទូទៅទូលាយនោះឡើយ។ «អ្វីដែលយើងចង់បាននោះ គឺការទប់ស្កាត់មេរោគ ដោយមិនចាំបាច់ចាក់សោរខ្លួនឯង»។ លោកបានបញ្ជាក់យ៉ាងដូច្នេះ ដោយសង្កត់ធ្ងន់លើស្មារតីទទួលខុសត្រូវជាចាំបាច់របស់បុគ្គលម្នាក់ៗ ដោយពេលខ្លះការចេញដើរហើរក៏មិនមែនជារឿងអាក្រក់នោះដែរ។

ចំណែករដ្ឋាភិបាលបែលហ្ស៊ិកឯណោះវិញ លោកស្រី Sophie Wilmès អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងការបរទេស ដែលនិយាយពីពាក្យ «Lockdown» ឬ «Confinement» នោះឡើយ ដោយត្រឹមតែប្រើពាក្យថា «ការពង្រឹងវិធានការ» លើការប្រយុទ្ធប្រឆាំងកូវីដ-១៩។

យោងតាមការផ្សាយរបស់សារព័ត៌មាន Le Soir លោកស្រី Sophie បានលើកឡើងថា ពាក្យ «Lockdown» មានន័យធ្ងន់ ដែលសំដៅលើការអនុវត្តក្រោយព្រឹត្តិការណ៍គ្រោះថ្នាក់ធំៗ ដូចជាភេរវកម្ម (Lockdown de Bruxelles) ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយឈានដល់ការបញ្ឈប់សេវាដឹកជញ្ជូន ឬប្រើប្រាស់ក្នុងករណីគ្រោះថ្នាក់គីមី ឬនុយក្លេអ៊ែរជាដើម។

ក្រោយសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានពន្យល់នៅលើហ្វេសប៊ុករបស់ខ្លួនបន្ថែមថា៖ «ការបិទខ្ទប់គឺជាវិធានការរដ្ឋបាលមួយតឹងរ៉ឹង ដែលតម្រូវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវនៅផ្ទះរៀងៗខ្លួន,ផ្អាកការធ្វើដំណើរ, ផ្អាករាល់ការជួបជុំ, ហើយក្រុមហ៊ុន ឬសហគ្រាសត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន [ក្នុងរយៈពេលបិទខ្ទប់១៤ថ្ងៃ]»។



ជាមួយគ្នានេះ ករណីចាំបាច់មួយចំនួនក៏ត្រូវបានលើកឡើងផងដែរ ប៉ុន្តែក្នុងកម្រិតដែលទទួលបាននូវការអនុញ្ញាត ហើយការបំពានវិធានការបិទខ្ទប់នេះ នឹងត្រូវទទួលទោសដែលត្រូវបានកំណត់ដោយច្បាប់។

យោងតាមវចនានុក្រមខ្មែរ ពាក្យ «បិទខ្ទប់» មានន័យថា បំពាំង, រាំង។ រាំងទ្វារ, រាំងផ្លូវ ។ រាំងដំណើរ បិទឬឃាត់ដំណើរ រាំងមុខ ឃាំងឬបាំងចំពីមុខ  រាំងរា ឬ រារាំង ជាដើម។  

ក្រោយការរាលដាលកូវីដ-១៩ ពាក្យមួយចំនួនដែលត្រូវបានប្រើប្រាស់ រួមមានដូចជា ចត្តាឡីស័ក ដែលមានន័យថា ការដាក់ខ្លួនឲ្យនៅដាច់ដោយក្នុងរយៈពេលកំណត់មួយ [ឧទាហរណ៍១៤ថ្ងៃ], បម្រាមគោចរ មានន័យថា ការហាមធ្វើដំណើរក្នុងម៉ោង និងរយៈពេលកំណត់ ដែលជាផ្នែកមួយនៃការអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្នរបស់អាជ្ញាធរ៕




© រក្សាសិទ្ធិដោយ thmeythmey.com