ជាតិ
ពន្ធដារ ពន្យារពេលបង់ពន្ធប្រចាំខែមីនា ដល់អ្នកជាប់ពន្ធនៅភ្នំពេញ និងក្រុងតាខ្មៅ
19, Apr 2021 , 8:59 am        
រូបភាព
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចពន្យារពេលការដាក់លិខិតប្រកាស និងបង់ពន្ធប្រចាំខែមីនា ដល់អ្នកជាប់ពន្ធក្នុងភូមិសាស្រ្តបិទខ្ទប់ នៅភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។


 
បើតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ សម្រាប់អ្នកជាប់ពន្ធនៅភ្នំពេញ និងក្រុងតាខ្មៅ  ដែលស្ថិតនៅក្នុងប្រភេទអាជីវកម្ម ដែលត្រូវបានអនុញ្ញាតឱ្យបន្តសកម្មភាព អំឡុងពេលអនុវត្តវិធានការបិទខ្ទប់ នឹងត្រូវពន្យារពេលដាក់លិខិត និងបង់ពន្ធប្រចាំខែមីនា ដល់ថ្ងៃទី ២៧ ខែមេសា។ 
 
ដោយឡែក អ្នកជាប់ពន្ធ ដែលស្ថិតក្នុងអាជីវកម្ម ដែលត្រូវបានហាមឃាត់ក្នុងភូមិសាស្ត្របិទខ្ទប់ នឹងត្រូវពន្យារពេលដាក់លិខិត និងបង់ពន្ធ ដល់ថ្ងៃទី១៥ ខែឧសភា ។ 
 
ជាមួយគ្នានេះ អគ្គនាយកពន្ធដារ បានរៀបចំក្រុមសេវាគាំទ្រ (e-Tax Servie) និងមជ្ឈមណ្ឌល Call Center 1277 ដើម្បីដោះស្រាយបញ្ហា និងឆ្លើយតបចម្ងល់នានារបស់អ្នកជាប់ពន្ធ។ 
 
សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែមេសា  រដ្ឋាភិបាល បានចេញសេចក្ដីសម្រេចហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ 
 
ការហាមឃាត់នេះ ត្រូវបានលើកលែងចំពោះ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ដំណើរបំពេញភារកិច្ចរបស់មន្ត្រីរាជការសាធារណៈ កងកម្លាំងប្រដាប់អាវុធ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គិភ័យ រថយន្ដដឹកសំរាម-កាកសំណល់ ការធ្វើដំណើររបស់ពលរដ្ឋទៅពេទ្យ និងការធ្វើដំណើរក្រោមមូលហេតុចាំបាច់ផ្សេង ដោយមានលិខិតស្នាម ឬឯកសារបញ្ជាក់៕ 
 
 

Tag:
 ពន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com