COVID-19
ជាតិ
៦២៤ នាក់មានវិជ្ជមានកូវីដ-១៩នៅកម្ពុជា​ ខណៈជាសះស្បើយ៤៨នាក់
19, Apr 2021 , 4:13 pm        
រូបភាព
មនុស្ស​រហូតដល់​ទៅ ៦២៤នាក់​ទៀត តេស្ត​វិជ្ជមាន​កូ​វីដ​-១៩​នៅ​កម្ពុជា ដែល​នេះ​ជា​ចំនួន​ដ៏​ខ្ពស់បំផុត​ដែល​ត្រូវ​បានប្រកាស​ប្រចាំថ្ងៃ​។ តួលេខ​ភាគច្រើនបំផុត​នៅ​រាជធានី​ភ្នំពេញ និងខេត្តព្រះសីហនុ​។ ជាមួយគ្នានេះ អ្នក​សះស្បើយ​មាន ៤៨ នាក់ បន្ថែមទៀត​។ អ្នកស្លាប់​ថ្មី​មាន ២នាក់​ទៀត​ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​ឡើងដល់៤៥ នាក់​។



តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាង ៦២៤នាក់ គឺសុទ្ធតែអ្នកពាក់ព័ន្ធនឹងព្រឹត្តិការសហគមន៍ ២០កុម្ភៈទាំងអស់។ ក្នុងចំណោមនោះ មាន ៤៦៥នាក់ នៅរាជធានីភ្នំពេញ , ខេត្តព្រះសីហនុមាន១៤៤នាក់, តាកែវ ១០នាក់ , កំពង់ចាម ១នាក់ និងពោធិ៍សាត់ ១នាក់។ 

ជាមួយគ្នានេះ ក៏មានអ្នកជំងឺចំនួន ៤៨នាក់បន្ថែមទៀត បានជាសះស្បើយ ក្នុងនោះ ២នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរខេត្តព្រៃវែង។ ៣នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តសៀមរាប។ ១២នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងសណ្ឋាគារសម័យថ្មីអន្តរជាតិ។ នៅភ្នំពេញ មានអ្នកសះស្បើយសរុប ៣១នាក់ ក្នុងនោះ២៩នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីសណ្ឋាគារក្រេតឌុក និង២នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ 

​គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​ករណី​សរុប ៧០១៣ករណី ក្នុងនោះ ៦៤៧០នាក់​ពាក់ព័ន្ធ​សហគមន៍២០កុម្ភៈ​។ អ្នក​សះស្បើយ​មាន​២៥២៤នាក់ និង​ស្លាប់​ឡើងដល់​៤៥ នាក់​។ កម្ពុជានៅមានអ្នកជំងឺសរុប ៤៤៣៩នាក់ ក្នុងនោះ ១៩៨២នាក់ កំពុងរង់ចាំការបញ្ជូនទៅព្យាបាល ខណៈ ១៦នាក់ សម្រាកព្យាបាលនៅផ្ទះ និងក្រៅពីនេះ គឺសម្រាកព្យាបាលនៅតាមមន្តីរពេទ្យ មណ្ឌលសុខភាព និងមណ្ឌលព្យាបាលនានា៕

© រក្សាសិទ្ធិដោយ thmeythmey.com