អន្តរជាតិ
ប្រធានាធិបតីចិន៖ ប្រទេសធំៗ គួរមានឥរិយាបថឱ្យសមនឹងឋានៈរបស់ខ្លួន
20, Apr 2021 , 9:29 pm        
រូបភាព
ប្រធានាធិបតីចិន លោកស៊ី ជិនភីង។ រូបភាព៖ Xinhua
ប្រធានាធិបតីចិន លោកស៊ី ជិនភីង។ រូបភាព៖ Xinhua
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅថ្ងៃទី២០ ខែមេសា បានអំពាវនាវឱ្យមានសមភាពក្នុងប្រព័ន្ធអភិបាលកិច្ចពិភពលោក ដោយគិតគូរប្រយោជន៍រួម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ដោយមិននិយាយចំឈ្មោះប្រទេសណា ប្រធានាធិបតីចិន ក៏បានសង្កត់ធ្ងន់ផងដែរ ចិនមិនអនុញ្ញាតឱ្យ ប្រទេសមួយ ឬប្រទេសមួយចំនួន កំណត់ច្បាប់មកលើប្រទេសផ្សេងឡើយ ហើយប្រទេសធំៗគួរធ្វើឫកពារឱ្យសមនឹងឋានៈ។

 
ក្នុងសុន្ទរកថាបើកវេទិកាបូអាវដើម្បីអាស៊ី ប្រធានាធិបតីចិន ស៊ី ជិនភីង  បានលើកឡើងពីបញ្ហាជាច្រើន ដូចជាពាណិជ្ជកម្ម បទដ្ឋានអន្តរជាតិ កិច្ចសហប្រតិបត្តិការ និងបញ្ហាជាច្រើនទៀត តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២០ ខែមេសា។ លោក ស៊ី  ក៏និយាយដល់បញ្ហាអភិបាលកិច្ចពិភពលោកផងដែរ។ 
 
«អភិបាលកិច្ចពិភពលោក ត្រូវតែបង្ហាញនូវការវិវត្តផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់ពិភពលោក កិច្ចសហប្រតិបត្តិការឈ្នះ ដើម្បីដោះស្រាយបញ្ហាប្រឈម»។ លោកស៊ី បានលើកឡើងបែបនេះ ដោយបញ្ជាក់បន្ថែមថា ពិភពលោក គួរគោរពតាមគោលការណ៍នៃការពិភាក្សា ផលប្រយោជន៍រួម ប្រព័ន្ធពហុភាគីនិយម សំដៅធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចពិភពលោកកាន់តែមានភាពត្រឹមត្រូវ និងសមភាព។ 
 
បើតាមប្រធានាធិបតីចិន ពិភពលោកគួរការពារប្រព័ន្ធអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាស្នូល ចំណែកសណ្តាប់ធ្នាប់អន្តរជាតិ គួរតែផ្អែកលើច្បាប់អន្តរជាតិ។ ក្នុងន័យនេះ ប្រមុខរដ្ឋចិន សង្កត់ធ្ងន់ថា អនាគតរបស់ពិភពលោក គួរតែត្រូវបានសម្រេចដោយប្រទេសទាំងអស់ តាមរយៈកិច្ចសហការជាមួយគ្នា។
 
លោក ស៊ី បន្តថា ប្រព័ន្ធពហុភាគីនិយមរបស់ពិភពលោក ក៏មិនតម្រូវឱ្យប្រទេសមួយក្តាប់តូច កំណត់ច្បាប់មកលើប្រទេសមួយចំនួនធំផងដែរ។ « អ្វីដែលពិភពលោកសព្វថ្ងៃត្រូវការ គឺយុត្តិធម៌ មិនមែនអនុត្តរភាពឡើយ។ ប្រទេសធំៗ គួរតែមានឥរិយាបថឱ្យសមនឹងឋានៈខ្លួន ដោយភ្ជាប់មកជាមួយការទទួលខុសត្រូវដ៏ខ្ពស់មួយ។» លោកបញ្ជាក់បែបនេះ។
 
ក្រៅពីបញ្ហាខាងលើ ប្រធានាធិបតីចិន ក៏បានលើកឡើងពីការរៀបចំសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ-១៩, ការប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងសកល, ការបង្កើនកិច្ចសហប្រតិបត្តិការ, ការប្រឆាំងនឹងគំនិតសង្រ្គាមត្រជាក់ និងមនោគមន៍វិជ្ជា និងការមិនជ្រៀតជ្រែតកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយចំនួនជាដើម៕
 

Tag:
 ចិន
  ស៊ី ជិនភីង
© រក្សាសិទ្ធិដោយ thmeythmey.com