អន្តរជាតិ
អ្នកកាសែតគ្មានព្រំដែន៖ វិជ្ជាជីវៈសារព័ត៌មាន ជាវ៉ាក់សាំងប្រឆាំងព័ត៌មានមិនពិត
22, Apr 2021 , 8:29 pm        
រូបភាព
អ្នកសារព័ត៌មានលើកដៃសួរសំណួរនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំង ប្រទេសចិន នៅឆ្នាំ២០២០។ រូបភាព៖ EPA-EFE
អ្នកសារព័ត៌មានលើកដៃសួរសំណួរនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំង ប្រទេសចិន នៅឆ្នាំ២០២០។ រូបភាព៖ EPA-EFE
អង្គការអ្នកកាសែតគ្មានព្រំដែន (RSF) នៅថ្ងៃទី១៧ ខែមេសា បានចេញសន្ទស្សន៍សិទ្ធិសេរីភាពសារព័ត៌មាននៅលើពិភពលោក ក្នុងឆ្នាំ២០២១។ ក្នុងរបាយការណ៍នេះ RSF បានចាត់ទុក វិជ្ជាជីវៈសារព័ត៌មាន ជាវ៉ាក់សាំងប្រឆាំងព័ត៌មានមិនពិត ហើយសារព័ត៌មានរងការរឹតត្បិតខ្លាំងអំឡុងពេលវិបត្តិកូវីដ-១៩។

 
 
ក្នុងរបាយការណ៍ឆ្នាំ២០២១ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានវាយតម្លៃសិទ្ធិសេរីភាពសារព័ត៌មាននៅក្នុងបណ្តាប្រទេសចំនួន ១៨០ នៅជុំវិញពិភពលោក។ ក្នុងនោះ ប្រទេសចំនួន ៧៣ភាគរយ បានរឹតត្បិតសិទ្ធិសេរីភាពសារព័ត៌មាន ដោយផ្នែក ឬទាំងស្រុងតែម្តង ក្នុងបរិបទជំងឺឆ្លង និងបញ្ហានយោបាយ។ 
 
ទាក់ទិននឹងបញ្ហានេះ លោក Christophe Deloire អគ្គលេខាធិការអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានសង្កត់ធ្ងន់ថា៖ «វិជ្ជាជីវៈសារព័ត៌មាន ជាវ៉ាក់សាំងប្រឆាំងព័ត៌មានមិនពិត ឬក្លែងបន្លំ»។ បើតាមលោក Deloire អ្នកសារព័ត៌មាន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិតជាច្រើនក្នុងបរិបទជំងឺឆ្លង។ ផ្ទុយទៅវិញ ព័ត៌មានដែលចេញផ្សាយមួយចំនួន ត្រូវបានរារាំងដោយកត្តានយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យា ឬវប្បធម៌ជាដើម។ 
 
បើតាម RSF ប្រទេស ដែលរឹតត្បិតសារព័ត៌មានខ្លាំងជាងគេមានដូចជា ចិន ដែលឈរនៅលំដាប់ទី១៧៧ តួកម៉េនីស្ថាននៅទី១៧៨ កូរ៉េខាងជើងនៅ១៧៩ និងចុងក្រោយគេ គឺអេរីត្រេ។ RSF លើកឡើងថា ចិន បានផ្អែកលើប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួន ដើម្បីរឹតបន្តឹងការចុះផ្សាយព័ត៌មាននៅក្នុងប្រទេសចាប់តាំងពីផ្ទុះកូវីដ-១៩ មក។ មិនតែប៉ុណ្ណោះ អាជ្ញាធរចិន ថែមទាំងបានចាប់ខ្លួនអ្នកសារព័ត៌មានចំនួន៧នាក់ ដោយសារតែការចេញផ្សាយពីកូវីដ-១៩ ស្របពេលអ្នកប្រើប្រាស់បណ្តាញសង្គមចំនួនច្រើនជាង ៤៥០នាក់ ត្រូវបានចាប់ខ្លួនពីការចែករំលែកព័ត៌មានមិនពិតផងដែរ។ 
 
ចំណែកប្រទេសចំនួន៥ ដែលឈរនៅលើកំពូលតារាងនៃប្រទេសមានសិទ្ធិសេរីភាពខាងសារព័ត៌មានល្អជាងគេ មានដូចជា ន័រវែសឈរនៅលេខ១ ហ្វាំងឡង់នៅលេខ២ ស៊ុយអែតឈរនៅលេខ៣ ដាណឺម៉ាកឈរនៅលំដាប់ទី៤ និងកូស្តារីកានៅលេខ៥។ រីឯអាមេរិកឈរលេខរៀងទី៤៤។ 
 
ដោយឡែកនៅបណ្តាប្រទេសអាស៊ានវិញ ឥណ្ឌូណេស៊ីឈរនៅលេខ១១៣, ម៉ាឡេស៊ីលេខ១១៩, ថៃលេខ១៣៧, ហ្វីលីពីន១៣៨, មីយ៉ាន់ម៉ា១៤០, កម្ពុជា១៤៤, ព្រុយណេ១៥៤, សិង្ហបុរី១៦០, ឡាវ១៧២, និងវៀតណាម ១៧៥ ៕
 

Tag:
 RSF
  សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com