អន្តរជាតិ
កូរ៉េខាងត្បូង លែងផ្ដល់ជំនួយបរទេសលើគម្រោងរោងចក្រផលិតអគ្គិសនីប្រើធ្យូងថ្ម
23, Apr 2021 , 7:29 pm        
រូបភាព
លោក មូន ចេអ៊ីន នាជំនួបមេដឹកនាំពិភពលោកស្ដីពីបម្រែបម្រួលអាកាសធាតុ។ រូបថត AFP
លោក មូន ចេអ៊ីន នាជំនួបមេដឹកនាំពិភពលោកស្ដីពីបម្រែបម្រួលអាកាសធាតុ។ រូបថត AFP
ដោយ៖ ឈួ ស៊ាវយីងជាវ

កូរ៉េខាងត្បូង សម្រេចឈប់ផ្ដល់ជំនួយដល់បរទេសលើវិស័យផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មទៀតហើយ។ ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ប្រកាសបែបនេះនៅថ្ងៃទី២២ ខែមេសា ដោយប្រកាសការបេ្ដជ្ញាថា កូរ៉េខាងត្បូង នឹងមានតួនាទីយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងលើបញ្ហាប្រែប្រួលអាកាសធាតុ។


«កូរ៉េខាងត្បូងបញ្ឈប់ការផ្តល់ហិរញ្ញប្បទានសាធារណៈសម្រាប់រោងចក្រផលិតថាមពលអគ្គិសនីដោយធ្យូងថ្មដល់បរទេស»។ នេះជាការថ្លែងរបស់ប្រមុខដឹកនាំកូរ៉េខាងត្បូង មូន ចេអ៊ីន នាជំនួបកំពូលស្ដីពីអាកាសធាតុដែលរៀបចំដោយសមភាគីអាមេរិក ចូ បៃឌិន នៅថ្ងៃទី២២ ខែមេសា។ 
 
មិនត្រឹមតែចូលរួមបញ្ចប់ការប្រើប្រាស់ធ្យូងថ្មនៅបរទេសឡើយ លោក មូន ក៏ប្រាប់មេដឹកនាំជាច្រើនដែលចូលរួមជំនួនអនឡាញថា កូរ៉េខាងត្បូង នឹងពង្រីកវិធានការបញ្ឈប់ការប្រើធ្យូងថ្មដែលជាប្រភពថាមពលកខ្វក់ជាងគេផងដែរ។
 
ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះបន្ថែមថា វាពិតជាការចាំបាច់ណាស់សម្រាប់ពិភពលោកក្នុងការចូលរួមកាត់បន្ថយរោងចក្រផលិតថាមពលដើរដោយធ្យូងថ្មនេះ ទោះបីជាប្រទេសកំពុងអភិវឌ្ឍមួយចំនួនអាចនឹងជួបផលលំបាកដោយសារតែការពឹងផ្អែកខ្លាំងលើការប្រើប្រាស់ធ្យូងថ្ម។ លោកស្នើឱ្យមានការពិចារណានិងការគាំទ្របានត្រឹមត្រូវសម្រាប់ប្រទេសទាំងនោះ។
ស្របពេលនេះ ក្រុមអ្នកបរិស្ថានក៏រំពឹងថា កូរ៉េខាងត្បូងនឹងប្រកាសសកម្មភាពនានាបន្ថែមទៀតនាកិច្ចប្រជុំស្តីពីអាកាសធាតុនៅខែក្រោយនេះ (COP26) ដែលអង់គ្លេសជាម្ចាស់ផ្ទះ។ បើតាមការសិក្សារបស់ Greenpeace កូរ៉េខាងត្បូងបានផ្តល់ទឹកប្រាក់ប្រមាណ៥,៧ពាន់លានដុល្លាលើវិស័យរោងចក្រធ្យូងថ្មនៅបរទេសចន្លោះខែមករា ឆ្នាំ២០១៣ ដល់ខែសីហា ឆ្នាំ២០១៩។
 
លោកស្រី Helen Mountford អនុប្រធានផ្នែកអាកាសធាតុ និងសេដ្ឋកិច្ចនៃវិទ្យាស្ថានធនធានពិភពលោកថា នេះជាប្រវត្តិសាស្រ្តហើយដែលកូរ៉េខាងត្បូងសម្រេចចិត្តប្រឆាំងលើវិស័យរោងចក្រធ្យូងថ្ម។
 
សូមបញ្ជាក់ថា កូរ៉េខាងត្បូង ជាប្រទេសវិនិយោគធំបំផុតទី៣ នៅបរទេសលើវិស័យរោងចក្រផលិតថាមពលអគ្គិសនីដោយធ្យូងថ្ម ដោយបានវិនិយោគទឹកប្រាក់ប្រមាណ៥៥ពាន់លានដុល្លាចន្លោះឆ្នាំ២០០៩ដល់២០២០។ នៅឆ្នាំ២០១០ កូរ៉េខាងត្បូងបានផ្តល់ជំនួយផ្នែករោងចក្រធ្យូងថ្មដល់ប្រទេសមួយចំនួនដូចជាវៀតណាម ឥណ្ឌូណេស៊ី និងបង់ក្លាដេស ជាដើម។
យ៉ាងណាមិញ រោងចក្រធ្យូងថ្មចំនួន១៦កន្លែងក្នុងស្រុកត្រូវបានបិទកាលពីចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ ដើម្បីចូលរូមកាត់បន្ថយនូវខ្យល់បំពុលបរិយាកាស៕
 

© រក្សាសិទ្ធិដោយ thmeythmey.com