កីឡាអន្តរជាតិ
អន្តរជាតិ
De Bruyne នឹងមកជួយ Man City បានវិញ ពេលប៉ះ Spurs នៅវគ្គផ្ដាច់ព្រ័ត្រ League Cup
24, Apr 2021 , 4:29 pm        
រូបភាព
ដោយ៖ជា យូគៀង
ខ្សែបម្រើ Kevin De Bruyne របស់ Manchester City នឹងអាចវិលត្រលប់មកជួយក្រុមរបស់គេវិញនាប្រកួតទល់ក្រុម Tottenham Hotspur នាពាន់រង្វាន់ League Cup វគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី២៥ ខែមេសា។ អ្នកចាត់ការមេឃខៀវ Pep Guardiola បញ្ជាក់បែបនេះ។ De Bruyne ក៏អាចមានវត្តមានក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion Leagues នៅសប្តាហ៍ក្រោយផងដែរ។



កីឡាករខ្សែបម្រើ Kevin De Bruyne ត្រូវបានសង្ស័យថា នឹងមិនត្រូវបានចូលរួមជួយក្រុមមេឃខៀវ  ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានលំដាប់ទីបី League Cup ទល់ជាមួយក្រុម Tottenham Hotspur ក្រោយរូបគេត្រូវបានរងរបួសជើងអំឡុងការប្រកួតទល់ Chelsea នៅពាន់រង្វាន់ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីសប្ដាហ៍មុន។ កាលនោះ Man City ចាញ់ក្រុម Chelsea ក្នុងលទ្ធផល ២-១។
 
ការរងរបួសនោះបានក្លាយជាការកង្វល់សម្រាប់ក្រុម Manchester City ក្នុងការចូលលេងវគ្គផ្តាច់ព្រ័ត្រ League Cup នារាត្រីនេះ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ទល់នឹងក្រុម PSG នៅសប្តាហ៍ក្រោយ។
 
ទោះជាយ៉ាងណា អ្នកចាត់ការក្រុមមេឃខៀវលោក Pep Guardiola បាននិយាយនៅក្នុងសន្និសីទសារព័ត៍មានមុនការប្រកួតយប់នេះថា De Bruyne រួមទាំងខ្សែប្រយុទ្ធ Sergio Aguero នឹងអាចចូលលេងវិញបន្ទាប់ពីបានចូលរួមហ្វឹកហាត់ជាមួយក្រុមរួច។ «ពួកគេទាំងពីរគឺត្រៀមខ្លួនរួចរាល់ហើយ ពួកគេទាំងពីរបានចូលរួមក្នុងការហ្វឹកហាត់ជាមួយយើងផងដែរ»។ លោក Guardiola បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ដែរថា ក្រុមមេឃខៀវ ត្រូវការ៨ពិន្ទុពី៥ប្រកួតដែរនៅសល់ក្នុងដៃដើម្បីលើកពានរង្វាន់ English Premier League ជាលើកទី៣ ក្នុងរយៈពេលបួនឆ្នាំរបស់ខ្លួន៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com