កីឡាអន្តរជាតិ
អន្តរជាតិ
មុនជួប PSG, គ្រូ Man City ថា គ្មានតារាឆ្នើមសម្រាប់ឈ្នះការប្រកួតដូច Neymar, Mbappe ទេ
26, Apr 2021 , 6:29 pm        
រូបភាព
រូបថត Goal.com
រូបថត Goal.com
ដោយ៖ជា យូគៀង
លោក ​Pep Guardiola អ្នកចាត់ការទូទៅ Manchester City ជំរុញទឹកចិត្តកូនក្រុមមុនជួប Paris Saint German នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ Champion League នៅរាត្រីថ្ងៃទី២៩ ខែមេសា។ លោកថា ក្រុមរបស់លោក គ្មានកីឡាករសម្រាប់យកឈ្នះដូចគូប្រជែងឡើយ។


បន្ទាប់ពីបានដឹកនាំក្រុម Manchester City ឈ្នះពាន់រង្វាន់ League Cup ដោយលទ្ធផល ១-០ ទៅលើក្រុម Spurs កាលពីរាត្រីថ្ងៃ២៥ ខែមេសារួចមក លោក Pep Guardiola ក៏នឹងត្រូវត្រៀមដឹកនាំក្រុមរបស់លោកក្នុងការប្រកួតតទល់ក្រុមខ្លាំងរបស់បារាំង PSG បន្តទៀត។
 
មុនការប្រកួតមកដល់លោក Guardiola ក៏បានលើកឡើងអំពីគុណភាពនឹងចំណុចខ្លាំងរបស់ក្រុម Man City ក៏ដូចជាក្រុម PSG ផងដែរ។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបាននិយាយថាក្រុម មេឃខៀវ ពុំមានកីឡាករដែលជាតារាឆ្នើមសម្រាប់ឈ្នះការប្រកួតនោះទេ បើប្រៀបទៅក្រុមផ្សេងដែលមានកីឡាករឆ្នើមដូចជា Neymar, Mbappe, Messi ឬ Ronaldo ជាដើម។
Guardiola និយាយថា PSG មានកីឡាករឆ្នើមពីររូប Neymar និង Mbappe ដែលតែងនាំជ័យជម្នះដល់ក្រុមរបស់ពួកគេ ខណៈ Man City របស់លោកគឺគ្មានទេ។ 
 
«យើងគ្មានកីឡាករឆ្នើមសូម្បីតែមួយរូប ដើម្បីនាំមកនូវការឈ្នះគ្រប់ប្រកួតដោយខ្លួនពួកគេផ្ទាល់ដូច Messi, Ronaldo, Neymar Mbappe នោះទេ»។ Guardiola បាននិយាយប្រាប់កាសែត Canal Plus ដូច្នេះ មុនបន្តថា៖«ប៉ុន្តែគុណភាពកីឡាកររបស់ខ្ញុំគឺមានកម្រិតខ្ពស់ ដែលមិនមានបញ្ហាអ្វីអាចប្រែប្រួលតុល្យភាពរបស់ក្រុមខ្ញុំបានឡើយ។ នៅពេលមានគេសួរខ្ញុំអំពីកីឡាករ អំពីគុណភាពកីឡាករ ខ្ញុំតែងតែតបទៅវិញជាធម្មតាថាអ្នកអាចរង់ចាំមើលសិន បើកកញ្ចក់ទូរទស្សន៍ហើយទស្សនាដោយរីករាយ។ Kevin ​De Bruyne  ដូចជាកូនកាំបិតមួយសម្រាប់ក្រុមរបស់យើង រូបគេជាអ្នកនាំការប្រកួតដ៏ល្អមួយមកឲ្យយើង ដូចជាការបញ្ជូនបាល់ដ៏មានប្រសិទ្ធភាពជាដើម»។
 
ដោយឡែក ក្រុមអធិរាជស Real Madrid  នឹងត្រូវបើកទ្វាផ្ទះទទួលក្រុមតោខៀវ Chelsea នៅរាត្រីថ្ងៃតី២៧ ខែមេសាវេ លាម៉ោង ២:០០នាទីទៀបភ្លឺ [ម៉ោងនៅកម្ពុជា] នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League ជើងទីមួយដូចគ្នា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com