COVID-19
ជាតិ
ដឹងពីផលលំបាកពេលបិទខ្ទប់ យុវតីមួយក្រុមរួមគ្នារៀបចំស្បៀងសម្រាប់អ្នកខ្វះខាត
30, Apr 2021 , 2:13 pm        
រូបភាព
ពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ។ រូបភាពពីគណនីហ្វេសប៊ុក Vannary Mam សមាជិកក្រុមនិរន្តរ៍។
ពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ។ រូបភាពពីគណនីហ្វេសប៊ុក Vannary Mam សមាជិកក្រុមនិរន្តរ៍។
ដោយ៖ ស៊ុល រ៉វី 

ភ្នំពេញ៖ យុវតីមួយក្រុមឈ្មោះ«និរន្តរ៍» កំពុងធ្វើសកម្មភាពចែកស្បៀងអាហារដែលរួមមានមី ត្រីខ ភេសជ្ជៈ ម៉ាស ទឹកត្រី ទឹកស៊ីអ៊ីវជាដើម សម្រាប់ពលរដ្ឋខ្វះខាត អំឡុងពេលបិទខ្ទប់ រាជធានីភ្នំពេញ។ បច្ចុប្បន្នក្រុម ក្រុមដែលដែលមានសមាជិក៥នាក់នេះ កំពុងរៀបចំស្បៀងចំនួន ២០០កញ្ចប់បន្ថែមទៀត ខណៈកន្លងមកស្បៀង២០០កញ្ចប់ត្រូវបានចែកដល់ពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យរួចហើយ។



យុវតីមួយក្រុមឈ្មោះ«និរន្តរ៍» កំពុងធ្វើសកម្មភាពចែកស្បៀងអាហារសម្រាប់ពលរដ្ឋខ្វះខាត នៅតាមតំបន់បិទខ្ទប់ ក្នុងរាជធានីភ្នំពេញ។ ថវិកាដែលបានប្រើប្រាស់សម្រាប់ទិញសម្ភារ និងគ្រឿងឧបភោគ បរិភោគ គឺជាថវិកាបានពីការរៃអង្គាសពីសប្បុរសជន។


រូបភាពពី កញ្ញា ទុយ ច័ន្ទមុនីពេជ្រ

កញ្ញា ទុយ ច័ន្ទមុនីពេជ្រ តំណាងក្រុម «និរន្តរ៍» ដែលមានសមាជិក៥នាក់ បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា កន្លងមកក្រុមរបស់ខ្លួនបានចែកគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ ចំនួន២០០កញ្ចប់រួចហើយ ជូនពលរដ្ឋខ្វះខាតក្នុងខណ្ឌពោធិ៍សែនជ័យ។ ហើយបច្ចុប្បន្ន គ្រឿងឧបភោគ បរិភោគ ចំនួន២០០កញ្ចប់ទៀត កំពុងរៀបចំដើម្បីចែកបន្ថែមទៀត។
 
ដើមឡើយក្រុមនិរន្តរ៍នេះ គ្រោងរៃអង្គាសថវិកាពីសប្បុរសជន សម្រាប់តែការរៀបចំគ្រឿងឧបភោគ បរិភោគតែចំនួន២០០កញ្ចប់ប៉ុណ្ណោះ ប៉ុន្តែការចូលរួមវិភាគទាន មានច្រើនលើសការរំពឹងទុក។ ដូច្នេះទើបសកម្មភាពចែកសម្ភារៈ និងគ្រឿងឧបភោគ បរិភោគនេះ នៅតែបន្តទៀត។ នេះជាការរៀបរាប់របស់ កញ្ញា ច័ន្ទមុនីពេជ្រ ដែលបានបន្តទៀតថា សម្រាប់ចំណីអាហារ ២០០កញ្ចប់ដែលកំពុងរៀបចំនេះ នឹងចែកជូនដល់អ្នកដែលខ្វះខាតខ្លាំងតាមដងផ្លូវ ដូចជាអ្នកធាក់ស៊ីក្លូ និងអ្នករត់ម៉ូតូឌុបជាដើម ក៏ដូចជាពលរដ្ឋខ្វះខាតតាមតំបន់បិទខ្ទប់នានាក្នុងក្រុងភ្នំពេញ។
 
បើទោះជាការចែកជូនរួចរាល់ សម្រាប់ពលរដ្ឋមួយចំនួន ក្នុងខណ្ឌពោធិ៍សែនជ័យក៏ពិតមែន ប៉ុន្តែក៏មានជួបបញ្ហាខ្លះផងដែរ។ យុវតី វ័យ២៣ឆ្នាំរូបនេះបានរៀបរាប់ដូច្នេះថា៖ «ពេលបិទក្រុងដំបូងនោះ យើងពិតជាពិបាករក Supplier (អ្នកផ្គត់ផ្គង់ទំនិញ)ណាស់ ដោយខ្លះបិទ ឯខ្លះទៀតមិនអាចដឹកជញ្ជូនឥវ៉ាន់ទាំងនោះមកឲ្យយើងបាន»។ 


រូបភាពពី កញ្ញា ទុយ ច័ន្ទមុនីពេជ្រ

ដ្បិតតែក្នុងអំឡុងពេលបិទខ្ទប់ បានផ្តល់លំបាកខ្លះដល់យុវតីមួយក្រុមនេះដូចជាពិបាករកអ្នកផ្គត់ផ្គង់គ្រឿងសម្ភារសម្រាប់ចែកជូន និងជាពិសេសពិបាកក្នុងការដឹកជញ្ជូនទៅដល់ដៃអ្នកដែលខ្វះខាត ដោយសារការបិទខ្ទប់ ប៉ុន្តែកញ្ញា ច័ន្ទមុនីពេជ្រ អះអាងថា «ក្រុមនិរន្តរ៍» មិនទាន់បញ្ចប់សកម្មភាពសប្បុរធម៌នេះឡើយ។ មិនតែប៉ុណ្ណោះ «និរន្តរ៍»នឹងបន្តសកម្មភាពចែកស្បៀងអាហារនេះទៀត ខណៈដែលសប្បុរសជននៅតែបន្តចូលរួមវិភាគទាន ហើយនៅមានពលរដ្ឋខ្វះខ្វាតទៀតដែលជួបការលំបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩៕
 
 


រូបភាពពី កញ្ញា ទុយ ច័ន្ទមុនីពេជ្រ

 
 រូបភាពពី កញ្ញា ទុយ ច័ន្ទមុនីពេជ្រ
 

Tag:
 ចែកស្បៀង
  និរន្តរ៍
  ឡាយ ច័ន្ទមុនីពេជ្រ
  ភ្នំពេញ
  តំបន់បិទខ្ទប់
© រក្សាសិទ្ធិដោយ thmeythmey.com