COVID-19
ជាតិ
កូវីដ-១៩៖ ខេត្តតាកែវមានអ្នកឆ្លងថ្មី៣៩នាក់, កំពង់ចាម២១នាក់, កំពង់ស្ពឺ៨នាក់ កំពង់ឆ្នាំង៦នាក់
11, May 2021 , 3:44 pm        
រូបភាព
រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តតាកែវ
រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តតាកែវ
ដោយ៖ ខន ណារី និង សៅ សុខអេង

រដ្ឋបាលខេត្តតាកែវ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានដល់ទៅ៣៩នាក់ នៅថ្ងៃទី១០ ឧសភា ដែលភាគច្រើនគឺជាកម្មកររោងចក្រ និងអាជីវករ។ ខេត្តកំពង់ចាម ក៏មានករណីឆ្លងថ្មីចំនួន២១នាក់ដែរ ដែលភាគច្រើនជាកម្មកររោងចក្រ។ ចំណែកឯខេត្តកំពង់ស្ពឺ ក៏មានវិជ្ជមានកូវីដ-១៩ ចំនួន ៨នាក់បន្ថែមទៀតដែរ ដោយក្នុងនោះមានទារក២នាក់ និងក្មេងម្នាក់ផង។ ៦ករណីទៀត ត្រូវបានរកឃើញនៅខេត្តកំពង់ឆ្នាំង ដែលភាគច្រើនជាអ្នកដែលត្រឡប់ពីរាជធានីភ្នំពេញ។



នៅរយៈចុងក្រោយនេះក្រសួងសុខាភិបាល បានបង្ហាញតែតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ សះស្បើយ និងស្លាប់សរុបប្រចាំថ្ងៃប៉ុណ្ណោះ ខណៈរបាយការណ៍លម្អិតត្រូវបានបញ្ចេញដោយរដ្ឋបាលរាជធានី-ខេត្ត ដែលមានករណីឆ្លងវិញ។
 
នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តតាកែវបានប្រកាសពីតួលេខអ្នកតេស្តវិជ្ជមានកូវីដ-១៩ នៅក្នុងខេត្តរបស់ខ្លួន ដែលមានដល់ទៅ ៣៩នាក់នេះ ភាគច្រើនជាអាជីវករនៅផ្សារយាយត្រប់ កម្មកររោងចក្រ និងក្រុមគ្រួសាររបស់ពួកគាត់។ តាមរដ្ឋបាលខេត្តតាកែវ ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩នេះ មានអ្នករស់នៅស្រុកព្រៃកប្បាស ១៧នាក់ , ស្រុកសំរោង ១១នាក់ ,ស្រុកបាទី៥នាក់ ខណៈស្រុកត្រាំកក់ គិរីវង់ និងស្រុកទាំងមាន២ករណីរៀងខ្លួន។ ដោយសារតែមានករណីឆ្លងជាបន្តបន្ទាប់ រដ្ឋបាលខេត្តតាកែវ ក៏បានសម្រេចបិទខ្ទប់ភូមិបាំងបាត់ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវបណ្តោះអាសន្នផងដែរ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ កាលពីថ្ងៃទី ៩ឧសភា ផ្សារយាយត្រប់ ដែលស្ថិតក្នុងក្នុងឃុំរវៀងស្រុកសំរោង ក៏ត្រូវផ្អាកដំណើរការបណ្ណោះអាសន្នដែរ ក្រោយបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ជាអាជីវករក្នុងផ្សារនេះ។ 
 
នៅឯខេត្តកំពង់ចាមឯណោះវិញ កម្មកររោងចក្រ និងពលរដ្ឋសរុប ២១នាក់ ក៏មានតេសត្តវិជ្ជមានកូវីដ-១៩ ដែរ។ តាមរដ្ឋបាលខេត្តកំពង់ចាម ក្នុងចំណោមអ្នកវិជ្ជមានទាំង២១នាក់ មាន១១នាក់រស់នៅឃុំជាលា ឃុំត្រប់ ឃុំតាំងក្រាំង និងឃុំបាធាយ ស្រុកបាធាយ។ ៨នាក់ ជាពលរដ្ឋរស់នៅឃុំរការអារ និងឃុំព្រែកកុយ នៃស្រុកកងមាស ខណៈពលរដ្ឋ ២នាក់ទៀតរស់នៅឃុំស្វាយទាប ស្រុកចំការលើ។
 
កាលពីថ្ងៃទី១០ ឧសភា រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានប្រកាសពីករណីវិជ្ជមានកូវីដ-១៩ ចំនួន ៨នាក់បន្ថែមដែរ ដែលក្នុងនោះមានទារក២នាក់ និងកុមារម្នាក់ផង។ អ្នកមានតេស្តវិជ្ជមានកូវីដ-១៩ទាំង៨នាក់នេះ ជាពលរដ្ឋរស់៦នាក់ រស់នៅស្រុកឧដុង្គ ខណៈស្រុកភ្នំស្រួច និងស្រុកសំរោងទង មាន១ករណីរៀងខ្លួន។ នេះបើតាមរដ្ឋបាលខេត្តកំពង់ស្ពឺ  ដែលកំពុងស្រាវជ្រាវ និងអំពាវនាវឲ្យអ្នកដែលធ្លាប់ពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានកូវីដ-១៩  ឱ្យទៅធ្វើតេស្តរកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែក និងធ្វើចត្តាឡីស័ក។
 
ដោយឡែកនៅខេត្តកំពង់ឆ្នាំង មានករណីឆ្លងថ្មី ៦ករណីដែរ ដែលក្នុងនោះ៥នាក់ ជាកម្មករសំណង់ និងកម្មកររោងចក្រ ដែលទើបធ្វើដំណើរពីរាជធានីភ្នំពេញ។ អ្នកទាំង៥នាក់នេះ ជាពលរដ្ឋរស់នៅឃុំថ្កូវ និងឃុំព្រៃគ្រី ស្រុកជលគិរី។ ចំណែក១ករណីទៀត ជាពលរដ្ឋរស់នៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ មានចំនួនសរុប ២០,២២៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨,១៧០០នាក់ ខណៈអ្នកស្លាប់កើនដល់ចំនួន ១៣១នាក់៕
 
 

Tag:
 ខន ណារី និង សៅ សុខអេង
© រក្សាសិទ្ធិដោយ thmeythmey.com