COVID-19
អន្តរជាតិ
វេជ្ជបណ្ឌិតឥណ្ឌា៖ អាចម៌គោមិនអាចព្យាបាលកូវីដ-១៩ បានឡើយ
11, May 2021 , 5:29 pm        
រូបភាព
រូបថត រ៉យទ័រ
រូបថត រ៉យទ័រ
ដោយ: រួបរួម
ក្រុមវេជ្ជបណ្ឌិតឥណ្ឌា បានក្រើនរំលឹកប្រាប់ពលរដ្ឋរបស់ខ្លួនថា គ្មានភស្តុតាងវិទ្យាសាស្ត្រណាមួយដែលបញ្ជាក់ថា លាមកគោអាចព្យាបាល ឬបន្សាបកូវីដ-១៩នោះឡើយ ហើយវាកាន់តែធ្វើឲ្យប្រឈមនឹងការកើតជំងឺផ្សេងៗបន្ថែមទៀត។

 
កូវីដ-១៩ បានវាយលុកឥណ្ឌាយ៉ាងខ្លាំងនារយៈពេលចុងក្រោយនេះ ដោយគិតត្រឹមថ្ងៃទី១១ ខែឧសភា ឥណ្ឌាមានអ្នកជិត២៣លាននាក់ និងស្លាប់ជាង២៥ម៉ឺននាក់។ ក្រុមអ្នកជំងឺជឿថា ចំនួននេះអាចកើនឡើង១០ដងបន្ថែមទៀត ខណៈអ្នកជំងឺជាច្រើនមិនទទួលបាននូវការព្យាបាលត្រឹមត្រូវ ហើយស្លាប់ជាបន្តបន្ទាប់។

 
 
ពលរដ្ឋមួយចំនួននៅរដ្ឋ Gujarat ភាគខាងលិចឥណ្ឌា បាននាំគ្នាយកលាមកគោ និងទឹកនោមគោទៅចាក់លើខ្លួន ដោយមានជំនឿថា វាអាចបន្សាប និងជួយឲ្យពួកគេសះស្បើយពីជំងឺកូវីដ-១៩។ សម្រាប់អ្នកគោរពសាសនាហិណ្ឌូ គោគឺជានិមិត្តរូបដ៏សក្តិសិទ្ធសម្រាប់ជីវិត និងភពផែនដី ដោយពួកគេគោរពសត្វគោដូចជាព្រះ។
 
 ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានសម្ភាសពលរដ្ឋមួយចំនួននៅទីនោះ ដោយពួកគេបានអះអាងថា លាមកគោ និងទឹកនោមគោពិតជាមានប្រសិទ្ធភាព។
 
ទាក់ទងនឹងករណីនេះ វេជ្ជបណ្ឌិត និងក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងឥណ្ឌា បានចេញសារព្រមានម្តងហើយម្តងទៀត ពីករណីគ្រោះថ្នាក់បន្ថែម ប្រសិនបើពលរដ្ឋនៅតែមានជំនឿដោយពិចារណា។ «គ្មានភស្តុតាងវិទ្យាសាស្ត្រជាក់លាក់ណាមួយឡើតដែលថា អាចម៌ ឬទឹកនោមគោ អាចព្យាបាលកូវីដ-១៩ វាផ្អែកលើជំនឿទាំងស្រុង»។ នេះជាការលើកឡើងរបស់វេជ្ជបណ្ឌិត JA Jayalal ប្រធានសមាគមវេជ្ជសាស្ត្រជាតិឥណ្ឌា។
 
យោងតាមការផ្សាយរបស់ Hindustan Times មន្ត្រីអាកាសយានដ្ឋានមួយនៅក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានប្រទះឃើញនំខេកធ្វើពីលាមកគោ (Cow Dung Cakes) ក្នុងកាបូបអ្នកដំណើរជនជាតិឥណ្ឌាម្នាក់។ បន្ទាប់មកអាជ្ញាធរអាមេរិកបានយកទៅដុតបំផ្លាញ ដោយបារម្ភថា វាអាចបង្កហានីភ័យដល់សុខភាព៕


 
 នំខេកលាមកគោ

© រក្សាសិទ្ធិដោយ thmeythmey.com