អន្តរជាតិ
ចិន ទាមទារឱ្យលុបចោលកិច្ចប្រជុំនៅ UN ទាក់ទងសិទ្ធិមនុស្សនៅស៊ីនជាំង
11, May 2021 , 9:59 pm        
រូបភាព
ជនភាគតិចវីហ្ក័រដើរចេញពីវិហារមួយកន្លែងនៅខេត្តស៊ីនជាំង។ រូបថត AFP
ជនភាគតិចវីហ្ក័រដើរចេញពីវិហារមួយកន្លែងនៅខេត្តស៊ីនជាំង។ រូបថត AFP
ដោយ ជា ពេជ្រដាឡែន 
 
ចិន បានទាមទារឱ្យលុបចោលកិច្ចប្រជុំតាមអនឡាញរបស់សមាជិកអង្គការសហប្រជាជាតិ (UN) ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង។ ចិន ក៏ទទូចឱ្យប្រទេសនានាកុំចូលរួមក្នុងជំនួបនេះ ព្រោះធ្វើឡើងក្រោមហេតុផលនយោបាយ និងបំពានកិច្ចការផ្ទៃក្នុងចិនដោយចេតនា។

 
អាមេរិក អង់គ្លេស និងអាល្លឺម៉ង់ជាដើម បានផ្ដួចផ្ដើមរៀបចំជំនួបតាមអនឡាញមួយនៅថ្ងៃទី១២ ខែឧសភា ដើម្បីជជែកពីបញ្ហាសិទ្ធិមនុស្ស និងជនភាគតិចវីហ្គ័រនៅតំបន់ស៊ីនជាំង។ ជំនួបនេះមានគោលដៅពិភាក្សាពីមធ្យោបាយដែលសហគមន៍អន្តរជាតិអាចធ្វើការជាមួយដើម្បីលើកកម្ពស់សិទ្ធិមនុស្សរបស់ក្រុមជនជាតិភាគតិចនៅទីនោះ។ 
 
ចិនជំទាស់ដាច់ណាត់គម្រោងប្រជុំនេះ។ សេចក្ដីប្រកាសរបស់បេសកកម្មចិនប្រចាំ UN ចាត់ទុកជំនួបនេះ រៀបចំដោយផ្អែកលើការកុហក និងការលម្អៀងផ្នែកនយោបាយ។ ចិន បានស្នើឱ្យប្រទេសទាំងបីខាងលើលុបចោលជាបន្ទាន់ជំនួបដែលស្មើនឹងការលូកដៃចូលកិច្ចការចិន ហើយក៏អំពាវនាវឱ្យប្រទេសសមាជិក UN កុំចូលរួមផងដែរ។
 
«ស្ថានភាពបច្ចុប្បន្ននៅស៊ីនជាំង មានភាពល្អប្រសើរបំផុតក្នុងប្រវត្តិសាស្ត្រតំបន់ ជាមួយនឹងស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនាក្នុងចំណោម ប្រជាជននៃក្រុមជនជាតិភាគតិចទាំងអស់។» បេសកកម្មការទូតរបស់ចិនបញ្ជាក់បែបនេះនៅក្នុង សេចក្តីថ្លែងការណ៍របស់ខ្លួន។
 
បេសកកម្មចិន ក៏បានវាយបកទៅអាមេរិកពាក់ព័ន្ធសកម្មភាពនៅមជ្ឈិមបូព៌ា។ ចិនបរិហារចំៗថា អាមេរិកអះអាងពីការយកចិត្តទុក្ខដាក់លើជនមូស្លីម ទាំងខ្លួនឯងបានសម្លាប់ជនមូស្លីមនៅអាហ្វហ្កានីស្ថាន អ៊ីរ៉ាក់ និងស៊ីរីជាដើម។ អាមេរិក និងបរិវាររបស់ខ្លួនទៅវិញទេ ដែលសម្លាប់ជនមូស្លីមច្រើនជាងគេលើពិភពលោក។
 
កន្លងមក ប្រទេសលោកខាងលិច និងក្រុមសិទ្ធិមនុស្សអះអាងថា ជនភាគតិចវីហ្គ័រ និងជនភាគតិចមូស្លីមផ្សេងទៀតយ៉ាងហោចណាស់មួយលាននាក់ ត្រូវឃុំខ្លួននៅក្នុងជំរំដែលរាយប៉ាយខេត្តស៊ីនជាំង។ រដ្ឋាភិបាលតំបន់ស៊ីនជាំង ក៏ត្រូវចោទថា បានគាបសង្កត់សិទ្ធសេរីភាព ធ្វើទារុណកម្ម និងបង្ខំជនភាគតិចនានាឱ្យធ្វើការងារផងដែរ។ អាមេរិក បានហៅអ្វីដែលកើតឡើងជាជាអំពើប្រល័យពូជសាសន៍ទៅទៀត៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com