COVID-19
ជាតិ
រដ្ឋបាលរាជធានីភ្នំពេញ បន្តវិធានការរដ្ឋបាល៧ថ្ងៃទៀត ខណៈតំបន់​ក្រហមរួមតូចជាងមុន
12, May 2021 , 10:56 am        
រូបភាព
ដោយ:
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តអនុវត្តវិធានការរដ្ឋបាលរយៈពេល ១ សប្តាហ៍ទៀត ពោលគឺបន្តដល់ថ្ងៃទី១៩ ឧសភា ជាមួយនឹងការបន្តបែងចែកតំបន់ក្រហម លឿងទុំ និងលឿងដដែល។ ទោះយ៉ាងណាក៏ដោយ តំបន់ក្រហមរួមតូចជាងមុនជាងពាក់កណ្តាល ដូចគ្នាការរួមតូចនៃតំបន់លឿងទុំដែរ​។ តំបន់លឿង មានលំហកាន់តែធំជាមុន។ នេះបើតាមរដ្ឋបាលរាចធានីភ្នំពេញ។



​សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ តំបន់ក្រហម ជាតំបន់ដែលមានការរាលដាល​ជំងឺកូវីដ-១៩ខ្លាំង កាន់តែរួមតូចជាមុន ដោយបច្ចុប្បន្ននៅសល់តែ១១ភូមិ និងទីតាំងប៉ុណ្ណោះ។ តំបន់ក្រហមដែលនៅសល់ មានប្លុកបុរីកីឡាទាំង៨អរគា នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ ផ្នែកខ្លះនៃភូមិដើមចាន់ ចំណុច​ខាងក្រោយយឿត្រី នៃសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ ភូមិ១០ នៃសង្កាត់បឹងសាឡាង និងភូមិ២៣ នៃសង្កាត់បឹងកក់ ក្នុងខណ្ឌទួលគោក។ ខណ្ឌពោធិ៍សែនជ័យវិញ តំបន់ក្រហមនៅសល់តែ២ភូមិប៉ុណ្ណោះ គឺភូមិត្រពាំងថ្លឹង១ និងភូមិត្រពាំងថ្លឹង២ ក្នុងសង្កាត់ចោមចៅទី១ ខណៈពីមុនមានតំបន់ក្រហមដល់ទៅ៦ ភូមិឯណោះ។ តំបន់ក្រហមនៅក្នុងខណ្ឌឫស្សីកែវ  ក៏រួមតូចជាងមុនដែរ ដោយនៅសល់ផ្នែកខ្លះនៃភូមិទួលសង្កែ ផ្នែកខ្លះនៃភូមិចុងខ្សាច់ និងផ្នែកខ្លះនៃភូមិបាក់ទូក ខណៈពីមុនទូទាំងភូមិទាំង៣នេះ គឺជាតំបន់ក្រហមទាំងស្រុង។
 

សេចក្ដីសម្រេច ស្ដីពីការដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ...

Posted by រដ្ឋបាលរាជធានីភ្នំពេញ on Tuesday, 11 May 2021
ខណ្ឌមានជ័យ ដែលកន្លងមកមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ខ្លាំងក្លាជាងគេ ហើយក៏ត្រូវបានកំណត់ជាតំបន់ក្រហមមុនគេនោះ ប​ច្ចុប្បន្នក៏កាន់តែរួមតូចតំបន់ក្រហមដែរ។ កាលពីមួយសប្តាហ៍មុន ខណ្ឌមានជ័យមានភូមិចំនួន ៨ជាតំបន់ក្រហម ខណៈពេល​នៅសល់តែផ្នែកនៃភូមិ ចំណួន ៤ ប៉ុណ្ណោះ។តំបន់ក្រហមនៅខណ្ឌមានជ័យ នៅសល់តែផ្នែកខ្លះនៃភូមិ៥ ក្នុងសង្កាត់ស្ទឹងមានជ័យ ទី២ , ផ្នែកខ្លះនៃភូមិទ្រា៤ , ផ្នែកខ្លះនៃភូមិនដំណាក់ធំ២ និងដំណាក់ធំ៣ នៃសង្កាត់ស្ទឹងមានជ័យប៉ុណ្ណោះ។
 
បើតាមរដ្ឋសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ តំបន់លឿងទុំ ជាតំបន់ដែលមានការរាលដាលជំងឺកូវីដ-១៩កម្រិតមធ្យម ក៏កាន់តែរួមតូចដែរ ហើយតំបន់លឿងមានទំហំកាន់តែធំ។  
 
ក្នុងអំឡុងបិទខ្ទប់តំបន់ក្រហម និងតំបន់លឿងទុំ ហាមពលរដ្ឋធ្វើដំណើរ និងចេញចូលក្នុងតំបន់ទាំងនេះ។ ចំណែកតំបន់លឿង ដែលរាលដាលនូវជំងឺកូវីដ-១៩កម្រិតស្រាល គឺមិនត្រូវបានបិទខ្ទប់ឡើយ ប៉ុន្តែត្រូវអនុវត្តតាមវិធានការរដ្ឋបាល។ 
 
សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ២០ ២២៣​នាក់​ហើយ ដោយ​ករណី​នាំចូល​មាន​៥៨៨​ករណី​។ ចំណែក​អ្នកជា​សះស្បើយ​៨ ១៧០​នាក់ ខណៈ​អ្នកស្លាប់​កើន​ដល់ ១៣១​នាក់​៕
 
 
 

Tag:
 ភ្នំពេញ
 វិធានការរដ្ឋបាល
 តំបន់ក្រហម
 លឿងទុំ
 លឿង
© រក្សាសិទ្ធិដោយ thmeythmey.com