កីឡាអន្តរជាតិ
អន្តរជាតិ
Neymar ចង់លេងជាមួយ Ronaldo នៅ PSG
13, May 2021 , 8:29 am        
រូបភាព
ដោយ៖ជា យូគៀង

ខ្សែប្រយុទ្ធឆ្នើម Neymar JR របស់ក្រុម Paris Saint German បានបង្ហាញចំណាប់អារម្មណ៍កាលពីពេលថ្មីៗនេះថា ខ្លួនចង់លេងជាមួយតារាបាល់ទាត់ឆ្នើម Cristiano Ronaldo ក្នុងនាមជាមិត្តរួមក្រុមនៅទឹកដីបារាំង នាទីក្រុងប៉ារីស។ Neymar ក៏បានសំដៅចំៗទៅលើ Ronaldo ដោយបាននិយាយថា «គាត់នឹងមានឱកាសមកក្លិប PSG »ផងដែរ។


ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar រូបនេះបានចំណាយពេលរួមរស់ជាមួយក្រុម PSG អស់រយៈពេល៤ឆ្នាំហើយ ដោយទើបតែបន្តកុងត្រាថ្មី ៤ឆ្នាំទៀត ជាមួយក្រុមអ្នកមានបារាំងមួយនេះ។ ក្នុងពេលថ្មីៗនេះដែរ Neymar បាននិយាយថា រូបគេចង់លេងជាមួយ Cristiano Ronaldo នៅក្លឹប PSG ផ្ទាល់តែម្តង ។
 
Neymar បាននិយាយប្រាប់ទស្សនាវដ្តី GQ France ថា៖«ខ្ញុំចង់លេងជាមួយ Cristiano Ronaldo ។ ខ្ញុំធ្លាប់បានលេងជាមួយកីឡាករឆ្នើមដ៏អស្ចារ្យដូចជា Lionel Messi ក៏ដូចជា Kylian Mbappe ប៉ុន្តែខ្ញុំមិនដែលបានលេងជាមួយ Ronaldo នៅឡើយ»។ 
 
មិនត្រឹមតែបំណងចង់លេងជាមួយ Ronaldo តែមួយឡើយ Neymar ថែមទាំងមានបំណងចង់ឈ្នះពានរង្វាន់សម្រាប់PSG និងពាន World Cup ជាមួយក្រុមជម្រើសជាតិទៀតផង។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ បានបន្តថា៖«ខ្ញុំចង់ឈ្នះ World Cup វាជាសុបិនដ៏ធំមួយសម្រាប់ខ្ញុំ ហើយខ្ញុំចង់ឈ្នះពានរង្វាន់ទាំងអស់ជាមួយក្លឹប PSG តែម្តង។ខ្ញុំមានវ័យជិត៣០ឆ្នាំហើយ ខ្ញុំមានអាជីពយ៉ាងល្អប្រសើរនិងកម្រិតលេងមួយដ៏ប្រសើរសម្រាប់អាជីពមួយនេះ»។
 
ដោយឡែកអនាគតខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្គាល Cristiano Ronaldo ហាក់មិនច្បាស់លាស់នៅឡើយ ជាមួយនឹងក្រុម Juventus ។ Ronaldo អាចនឹងចាកចេញក្នុងរដូវខាងមុខនេះ ដោយសារក្លឹបហាក់ធ្វើមិនបានល្អឡើយ។
 
នៅរដូវកាលនេះ Juventus បានធ្លាក់ចេញពីពានរង្វាន់ UEFA Champion League ត្រឹមវគ្គ១៦ក្រុម ។ មិនតែប៉ុណ្ណោះ Juventus កំពុងស្ថិតនៅលេខ៥ ដែលត្រូវប្រទាញប្រទង់កៅអី Champion league នៅរដូវកាលក្រោយនៅឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com